ជនជាតិជប៉ុន​៧៧នាក់ហើយ​ស្លាប់ ដោយ​សារ​​អាកាសធាតុ​​ក្តៅ​មិនធ្លាប់​មាន បន្ទាប់ពី​គ្រោះទឹកជំនន់​ផ្តាច់ជីវិតមនុស្ស​ជាង ២០០នាក់!

0

 

(តូក្យូ)៖ រលកកម្ដៅនៅ​ក្នុងប្រទេសជប៉ុន បានផ្ដាច់យកអាយុ​ជីវិតមនុស្សកើន​ដល់ ៧៧នាក់ហើយ ខណៈមនុស្ស​រាប់ពាន់​នាក់កំពុងសម្រាក​ព្យាបាលនៅក្នុង​មន្ទីរពេ​ទ្យ ដែលនេះ​ជាគ្រោះមហន្តរាយដាច់ដោយឡែក ពីគ្រោះទឹក​ជំនន់​កាលពីពេល​​ថ្មីៗនេះ នៅ​បណ្តា​ខេត្តភាគខាងលិចជប៉ុន ដែល​បានសម្លាប់មនុស្ស​ជាង ២០០នាក់។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មានជប៉ុនក្យូដូ (Kyod) នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

​យោងតាមទីភ្នាក់ងារ​ឧតុនិយមជប៉ុន សីតុណ្ហភាព​​នៅគូម៉ាហ្គាយ៉ា (Kumagaya) ជាទីក្រុងមួយស្ថិត​នៅខេត្ត សៃតាម៉ា (Saitama) ក្បែរទីក្រុងតូក្យូ បានកើនឡើងដល់ជាប់​​កំណត់ត្រា​​ដ៏ខ្ពស់​​​​​នោះគឺ ៤១.១អង្សាសេ កាលពីរសៀល​​ថ្ងៃចន្ទ​សប្តាហ៍នេះ ហើយគិត ត្រឹមព្រឹក​ម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ សីតុណ្ហភាព​នៅតែមានកម្រិតខ្ពស់​ដដែល គឺ ៣៤.៨ អង្សាសេ​នៅទីក្រុងគូវ៉ាណា (Kuwana) ខេត្តមីអិ (Mie) និង ៣៨ អង្សាសេ​នៅទីក្រុងណាហ្គោយ៉ា (Nagoya) និងទីក្រុងក្យូតុ (Kyoto)។

ទីភ្នាក់ងារ​សារព័ត៌មាន Kyodo ផ្អែកលើ​របាយការណ៍របស់អាជ្ញាធរគ្រប់គ្រងមហន្តរាយ និងអគី្គភ័យ​ក៏បានឱ្យដឹងដែរថា រលកកម្ដៅក៏​បានធ្វើឲ្យមនុស្ស ៣០,០០០នាក់ ចូលសម្រាកព្យាបាលក្នុងមន្ទីពេទ្យ នៅទូទាំងប្រទេស​គិតចាប់តាំងពី​ថ្ងៃទី០៩ ដល់ថ្ងៃទី២៤ ខែកក្កដានេះ។

គួរបញ្ជាក់ថា ក្រុមអជ្ញាធរជប៉ុនបាន​​ទទូចឲ្យ​ប្រជាជន​​មានការប្រុង​ប្រយ័ត្ន ចំពោះការឈឺ​ថ្កាត់ផ្សេងៗ ដែលអាចបង្កឡើងដោយសាររលក​កម្តៅនេះ ដូចជាការឡើង​កម្តៅខ្លាំងក្នុងរាងកាយ​ និងខ្សោះជាតិ​​ទឹកជាដើម៕

ចែករំលែក