ទើបរកឃើញ​ហ្វូស៊ីលដាយណូស័រ Sauropd នៅចិន ខណៈពីមុនមានការសន្និដ្ឋានថា ចិនមិនអាចមានឡើយ…

0

 

(ឡុងដ៍)៖ ​សំណល់ហ្វូស៊ីល​​នៃអម្បូរសត្វ​ដាយណូស័រ Sauropod ទើបតែត្រូវ​បានគេរុករកឃើញ​នៅឯប្រទេសចិន ដោយ​ប្រការនេះ​​ប្រហែលជា​អាចផ្លាស់ប្តូរ​​​ការដែល​អ្នក​វិទ្យាសាស្រ្ត យល់ឃើញ​ពីរបៀបដែលសត្វយក្ស​ទាំងនេះ បានធ្វើការវិវត្តន៍ និង​​របៀបដែល​​ទ្វីប​​ទាំងអស់​នៅលើផែនដី​ នៅជាប់គ្នា​កាលពី ១៧៤លានឆ្នាំមុន។ នេះ​បើ​តាម​ការសិក្សាថ្មីមួយ​របស់​ សារមន្ទីរ​ជាតិ​​ប្រវត្តិសាស្រ្ត​​នៅ​ទីក្រុង​ឡុងដ៍​ ដកស្រង់​ខ្លឹមសារ​ដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

​ក្រុមអ្នកស្រាវជ្រាវ​ទើបតែបានគាស់​រំលើងរកឃើញ កំណាត់ឆ្អឹង​ហ្វូស៊ីលមួយ​ចំនួន​របស់​អម្បូរដាយណូរស័រ​​​ចន្លោះពី ០៧ ទៅ ១០​ក្បាល ​ដែលមានវ័យ​អាចពីជំទង់ទៅដល់​ពេញវ័យ នៅឯទីតាំងមួយ​ក្បែរក្រុង Lingwu ភាគខាងជើង​ប្រទេសចិន ហើយពួកគេបាន​​ប៉ាន់ស្មានថា​ ទាំងនេះ​ទំនងជា​​​​​​ក្រុមសត្វដាយណូរ​​ស័រ​មួយគ្រួសារ ដែល​ជីវិត​របស់ពួកវា​ត្រូវបានបញ្ចប់​កាលពីអំឡុង​សម័យ​ Middle Jurrasic គឺ ១៧៤ ដល់ ១៦៣លានឆ្នាំមុន។

បើតាមការសិក្សា​ខាងលើ សត្វដាយណូស័រ​ទាំងនេះ ស្ថិតក្នុងក្រុម​​នៃអម្បូរ Sauropod ដែល​គេហៅថា Diplodocoid ដែលពីមុនមក​​ត្រូវ​គេជឿជាក់ថា ពុំមានវត្តមាន​នោះឡើយនៅលើ​ប្រទេសចិន។ ការសិក្សា​មុនៗ​បានសន្និដ្ឋានថា នៅពេល​សត្វដាយណូស័រ​ទាំង​នេះ​ ធ្វើ​ការវិវត្តន៍​តំបន់អាស៊ី​ខាងកើត​បានរហែកចេញពី​ Pangaea ដែលជាទ្វីបយក្ស​មួយកាលពី ២៨០លានឆ្នាំមុន រួចស្រេច​ទៅហើយ។​

គួរជម្រាបថា យ៉ាងណាមិញ​សំណល់ហ្វូស៊ីលដែល​ទើបរកឃើញខាងលើ បានបង្ហាញថា តំបន់អាស៊ីខាងកើត​ប្រហែល​ជា​ពុំ​​ទាន់​ត្រូវ​​​បាន​​កាត់​ផ្តាច់​​ដូច​​​ដែល​ធ្លាប់​បាន​គិត​នោះ​​ឡើយ ហើយ​សត្វដាយណូស័រ​ទាំងនេះ ប្រហែលជា​បានធ្វើដំណើរទៅកាន់​តំបន់នេះ តាំង​តែពី​យូរ​​មក​ហើយ​​មុនពេលមាន​ការហែកខ្ញែកទ្វីបណាមួយ​បានកើត​ឡើង៕ ​

ចែករំលែក