ចុះទៅកម្សាន្ត​មិនប្រយ័ត្នខ្លួន​ឯងសោះ បែរជាបាញ់​សម្លាប់គ្នា​ចោល! គួរឲ្យ​អាសូ​ណាស់…

0

 

(ន័រវែស)៖ ខ្លាឃ្មុំទឹកកក​មួយក្បាល​ត្រូវបានគេបាញ់​សម្លាប់ចោល ក្រោយពីវាបាន​វាយប្រហារទៅលើ​បុគ្គលិក​ នៃនាវាទេសចរណ៍​​មួយ​គ្រឿងរបស់​អាល្លឺម៉ង់ នៅឯប្រជុំកោះ Svalbard នៃប្រទេស​ន័រវែស លើផ្ទៃមហាសមុទ្រ​ទឹកកក​អាក់ទិច។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញ​ពីសារព័ត៌មានចិន CGTN នៅយប់​ថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

បុរសរងគ្រោះ​ខាងលើមានវ័យខ្ទង់ ៤០ឆ្នាំ បានរងរបួសចំក្បាល ក្រោយចុះទៅ​លើកោះ Spitzbergen បានតែមួយ​ភ្លែតប៉ុណ្ណោះ ដើម្បី​​ធ្វើការអមដំណើរ​កម្សាន្ត​របស់ភ្ញៀវទេសចរ​មកពីកប៉ាល់ MS Bremen នៃ​ក្រុមហ៊ុន Hapag-Lloyd។ បើតាមការ​បញ្ជាក់ពី​អាជ្ញាធរ ខ្លាឃ្មុំ​ខាងលើ​ត្រូវបានបាញ់សម្លាប់​ដោយ​បុគ្គលិក​ម្នាក់ទៀត នៅ​លើកប៉ាល់ ខណៈ​ក្រុមហ៊ុន Hapag-Lloyd បាន​អះអាងថា វាគឺជា​ការការពារ​ខ្លួនប៉ុណ្ណោះ និងជារឿងគួរឲ្យសោកស្តាយ​ជាខ្លាំង។ ចំណែកបុរសរងគ្រោះវិញ​ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីយកទៅសង្រ្គោះ​នៅ​ឯមន្ទីរពេទ្យ តែពុំមានការគំរាមកំហែងដល់​អាយុជីវិតរបស់លោកឡើយ។

គួរជម្រាបថា ពូជខ្លាឃ្មុំ​ទឹកកក Polar Bear នេះ បាន​និងកំពុងស្ថិត​ក្រោមការពារ​នៅប្រទេសន័រវែស ចាប់តាំងតែ​ពីឆ្នាំ១៩៧៣ មកម្ល៉េះ​ហើយក្នុងការ​ធ្វើជំរឿនកាលពីឆ្នាំ២០១៥ ប្រភេទសត្វស៊ីសាច់​ដ៏កម្រនេះ មានចំនួនជិត ១,០០០ក្បាល នៅលើតំបន់​ប្រជុំកោះ Svalbard៕

ចែករំលែក