ព័ត៌មាន​ក្លែងក្លាយ និងការបែក​ធ្លាយទិន្នន័យ​សម្ងាត់ កំពុងបង្កព្យុះភ្លៀង​ដល់ Facebook និង Twitter ដែលជា​បណ្តាញ​សង្គម​យក្សពិភពលោក…

0

 

(អាមេរិក)៖ នាដើម​សប្តាហ៍នេះ តម្លៃ​ភាគហ៊ុនរបស់​ Facebook បានថយ​ ០៤ភាគរយ​ថែមទៀត ក្រោយពីបាន​​ស្រុតចុះ ២០ភាគរយ​កាល​ពី​សប្តាហ៍មុន។ បន្ថែមពីនេះកាលពី​សប្តាហ៍កន្លងទៅ តម្លៃភាគហ៊ុន​ក្នុងទីផ្សាររបស់ Twitter ក៏បានធ្លាក់ចុះ ​២០ភាគរយ​ផងដែរ ស្រប​ពេល​ដែល​​បណ្តាញ​​ទំនាក់ទំនង​សង្គម​ធំៗទាំងពីរនេះ​ នៅតែបន្តប្រឈមមុខ​នឹងការរិះគន់កាន់តែ​ខ្លាំងឡើង ជុំវិញ​បញ្ហា​ព័ត៌មាន​ឯក​ជន និង​ព័ត៌​​មាន​​ក្លែងក្លាយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​អង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។

ចាប់តាំងពីខែ​មីនាមកម្ល៉េះ ក្រុមហ៊ុន Facebook បានស្ថិតនៅក្នុងភ្នក់ភ្លើងនៃការរិះគន់​របស់​មហាជន​ក្រោយ​ពី​មាន​ផ្ទុះ​​​ព័ត៌មានថា ទិន្នន័យ​ឯក​ជន​​​របស់​អ្នកប្រើប្រាស់​ប្រហែលពី ៥០ ​ទៅ ៨០លាននាក់ ត្រូវបានក្រុមហ៊ុនប្រឹក្សា​នយោបាយ​ឈ្មោះ Cambridge Analytica ប្រមូល​យក​ជា​​​សម្ងាត់​ដោយពុំមានការដឹង​លឺពីសាមីខ្លួន​ឡើយ។ ទិន្នន័យទាំងនេះ​ត្រូវគេអះអាងថា បានប្រើប្រាស់​សម្រាប់​​ទស្សន៍ទាយ និង​ជះ​ឥទ្ធិ​ពល​ទៅលើ​​ម្ចាស់ឆ្នោត​អាមេរិក ក្នុងការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦។

សម្រាប់​បញ្ហាជាមួយ Twitter វិញ​ កាលពីសប្តាហ៍មុន​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានចោទប្រកាន់​បណ្តាញ​សង្គម​យក្ស​នេះថា បាន​បិទ​​​ដោយប្រយោល​នូវគណនី​របស់​​មន្រ្តីល្បីៗ​​នៃបក្សសាធារណរដ្ឋ បន្ទាប់ពី​ឈ្មោះ​របស់​តំណាងរាស្រ្ត​​ជាច្រើន​រូប​នៃ​បក្ស​នយោបាយនេះ ពុំត្រូវបានបង្ហាញ​នៅក្នុងប្រអប់ស្វែងរក​នៃបណ្តាញ Twitter ឡើយ។ គួរបញ្ជាក់ថា Twitter និង Facebook គឺជា​បណ្តាញ​សង្គមធំៗ​បំផុតនៅអាមេរិក ដែលអ្នកនយោបាយ និងថ្នាក់ដឹកនាំ​អាមេរិកនិយមប្រើប្រាស់​ ដើម្បីចែករំលែកព័ត៌មាន​ទូទៅ និងទស្សន​របស់ពួកគេ​ទៅកាន់​មហាជន៕

ចែករំលែក