ភួយ​យក្សទប់កម្តៅ នឹងជួយផ្តល់ក្តីសុខ​ដល់មនុស្សម្នា​ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក!

0

 

(ម៉ូស្គូ)៖ អ្នករចនាម៉ូដជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alex Shtanuk បានផ្តួចផ្តើមយុទ្ធនាការ​មួយ​សម្រាប់កម្រាល​ទំហំ​ ១០,០០០ម៉ែត្រក្រឡា​ ដែលលោកបានបង្កើត​ឡើងចេញពី​​ភួយអវកាស​​របស់អង្គការ NASA ដើម្បីតាំងបង្ហាញ​នៅក្នុងព្រឹត្តិការណ៍ឈ្មោះថា Burning Man នាឆ្នាំ​២០១៨នេះ នៅតំបន់​វាល​ខ្សាច់ Black Rock នៃរដ្ឋ Nevada សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់​ការផ្សាយ​ចេញ​​ពី​វែប​សាយ Arch Daily នៅរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

កម្រាលពណ៌​ទឹកប្រាក់ដ៏ធំសម្បើមនេះ ត្រូវបានបង្កើតឡើងពី​​កម្រាលភួយ​អវកាស​​របស់ NASA ចំនួន ៣,៣៥០បន្ទះ ដែលអាចស្រូប ​និង​បំផ្លាតកម្តៅវិទ្យុសកម្ម​បានដល់ទៅ ៩៧ភាគរយ។ ​កម្រាលភួយ​យក្សនេះ នឹងផ្តល់ជាម្លប់​លើបរិវេណដ៏ល្វឹងល្វើយ​ ​សម្រាប់​អ្នកចូលរួម​ក្នុង​​ព្រឹត្តិការណ៍ប្រចាំឆ្នាំ Burning Man អាចសម្រាក ឬរាំលេង​កម្សាន្ត​បាននាពេលថ្ងៃ ហើយវានឹង​ផ្លាស់ប្តូរ​​រូបរាងរបស់វា​ទៅតាមឥទ្ធិពល​​​​​នៃ​កម្លាំង​ខ្យល់។

គម្រោងខាងលើ ត្រូវការថវិកា​ប្រមាណ ១៧,៥០០ដុល្លារ សម្រាប់បរិក្ខាចាំ​បាច់ផ្សេងៗ អេស្កាវាទ័រមួយគ្រឿង ព្រមទាំង​ការ​ជួលសម្ភារៈ ក៏ដូចជាថ្លៃដឹកជញ្ជូន​​ពី​ប្រទេសរុស្ស៊ី ទៅកាន់​ Black Rock នៅមុនចុង​សប្តាហ៍នេះ។

គួរជម្រាបថា ភួយអវកាស ឬ Space Blanket របស់ NASA គឺជាភួយមាន​ទម្ងន់ស្រាល បង្កើតឡើងពី​​កម្រាលផ្លាស់ស្ទិចដ៏ស្តើង ដែល​បំផ្លាតកម្តៅ ដោយភាគច្រើនពួក​វាត្រូវគេប្រើប្រាស់ ដើម្បីស្រោបពី​ខាងក្រៅ​យាន​អវកាស សម្រាប់ការ​គ្រប់គ្រងកម្តៅ និង​ប្រើប្រាស់​​ដោយមនុស្ស ដើម្បីកាត់បន្ថយ​កាត់ថយចុះកម្តៅ​ក្នុងខ្លួន៕

ចែករំលែក