ប្រទេស​ឡាវដ៏អភ័ព្វ! ចំនួនជនក្រីក្រ​នឹងកើន​ឡើង​វិញ ដោយសារ​តែការបាក់​ទំនប់​វារី​អគ្គិសនី និង​ទឹកជំនន់!

0

 

(វៀងច័ន្ទ)៖ ចំនួន​គ្រួសារអ្នកក្រីក្រ​​​អាចនឹងមានការកើនឡើងវិញ​នៅឆ្នាំ២០១៨នេះ ដោយសារតែ​គ្រោះទឹកជំនន់ ដែលបានវាយប្រហារ​​​នៅ​តាមតំបន់ជាច្រើន​នៃប្រទេសឡាវ ដោយបានឆក់​យកជីវិត​មនុស្ស និងបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងបរិមាណ​យ៉ាងច្រើន។ នេះបើ​តាម​​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។

ប្រជាជនឡាវរាប់ពាន់នាក់ ដែលនាពេលកន្លងទៅ បានងើបរួច​ផុតពីបន្ទាត់​នៃភាព​ក្រីក្រនោះ អាចនឹងត្រូវចាត់ថ្នាក់​ចូលជា​គ្រួសារក្រីក្រ​​​វិញ បន្ទាប់ពីគ្រោះ​ទឹកជំនន់ដ៏អាក្រក់ បានបំផ្លិចបំផ្លាញ​​លំនៅឋាន ដីស្រែ-ចម្ការ ឃ្លាំងស្តុកអង្ករ សម្លៀកបំពាក់ រួមជាមួយ​ទ្រព្យ​​សម្បត្តិ​​ឯទៀតៗជាច្រើន។ បើតាមការ​បញ្ជាក់ពីប្រធាននាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​ និង​​អភិវឌ្ឍន៍​ជនបទឡាវ គ្រោះ​ធម្មជាតិនេះ​ប្រាកដណាស់ថាបាននិងកំពុងបង្កផល​​ប៉ះពាល់ដល់​កិច្ចប្រឹងប្រែង​កាត់បន្ថយអត្រាភាពក្រីក្រ​របស់​រដ្ឋាភិបាល។

គួរជម្រាបថា នៅខេត្តអាត់តាពើ ភាគខាងត្បូងឡាវ​តែមួយកន្លែង​ប៉ុណ្ណោះ បានផ្តាច់​ជីវិតមនុស្ស និងធ្វើឲ្យបាត់ខ្លួនជា​ច្រើន ខណៈ​ភូមិ​​មួយចំនួន​បានរងការបំផ្លាញ​ខ្ទេចខ្ទីរ។ គ្រោះទឹកជំនន់​នៅទីនោះ ដែលបង្កឡើង​ពីការបាក់ទំនប់​វារីអគ្គិសនី Xe Pian Xe Namnoy ​បាន​ធ្វើឲ្យមនុស្ស​ជាង ៦,០០០នាក់​ បាត់បង់​លំនៅឋាន និងទ្រព្យសម្បត្តិ។

ចំណែក​​នៅភាគកណ្តាល​ប្រទេសវិញ​មនុស្ស​ជាង ៣០,០០០គ្រួសារ ក្នុងភូមិ​​ចំនួន ​៣៧៨ ក្នុងស្រុក​ចំនួន ១០ នៃខេត្ត Khammouane បានរងផលប៉ះពាល់​ពីគ្រោះទឹកជំនន់ ដែលបានជន់លិចផ្ទះ និងដីស្រែរាប់​ម៉ឺនហិកតា​ ខណៈនៅខេត្ត សុវណ្ណខេត្ត (Savannakhet) មនុស្សជិត ២១,០០០នាក់ ក្នុងភូមិប្រមាណ ៨៦ភូមិ បានទទួលរងផល​ប៉ះពាល់៕​

ចែករំលែក