ដើម្បីកុំឲ្យ​សុបិន្តអាក្រក់កើត​ឡើងជាថ្មី រដ្ឋាភិបាលឡាវ​នឹងចុះពិនិត្យ​សុវត្ថិភាព​គ្រប់​ទំនប់​វារីអគ្គិសនី​ទាំងអស់!

0

 

(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវ​បានប្រកាស​ថា ខ្លួននឹងចុះធ្វើ​ការត្រួតពិនិត្យលើស្តង់ដា​សុវត្ថិភាព ក្នុងដំណើរការ​សាងសង់ទំនប់​វារីអគ្គិសនី​​​នៅទូទាំង​ប្រទេស ក្រោយកើតមាន​គ្រោះមហន្តរាយ​បាក់ទំនប់នៅ​ខេត្តអាត់តាពើ ភាគខាងត្បូង ដែលបានបង្ក​ការបំផ្លិចបំផ្លាញ​យ៉ាង​​ខ្លាំងក្លា។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។

បន្ទាប់ពីបើកកិច្ច​ប្រជុំវិសមញ្ញរយៈពេល ០២ថ្ងៃ ដែលទើបបញ្ចប់​ទៅកាលពី​ម្សិលមិញ រដ្ឋាភិបាល​ឡាវ បានព្រមព្រៀង​អនុវត្តន៍​ផែនការ​ចុះត្រួតពិនិត្យ​​ទៅលើរាល់​ទំនប់ទាំងអស់ ដោយរួមបញ្ចូល​ទាំងទំនប់សាងសង់​ហើយ និងមិនទាន់ហើយ​រួចរាល់។ ជាមួយគ្នានេះ​ផងដែរ ​​រដ្ឋាភិបាលឡាវ ក៏បានសម្រេច​ផ្អាកធ្វើការពិចារណា​វិនិយោគទៅ​លើគម្រោង​សាងសង់ទំនប់​វារីអគ្គិសនីថ្មីៗ​ទៀតថែម​ទៀត ដើម្បីទុក​ពេលសម្រាប់​ធ្វើការគិតគូរ​ឡើងវិញ​ ចំពោះ​គម្រោង​ក៏ដូចជាយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​​​ទំនប់វារី​អគ្គិសនី។

ក្រៅពីនេះ​រដ្ឋាភិបាលឡាវ ក៏បានឯកភាពបង្កើត​គណៈកម្មាធិការ​ពិសេសមួយ ដើម្បី​ដឹកនាំការស៊ើប​អង្កេតទៅលើមូលហេតុ​នៃការបាក់ច្រក​​ទំនប់ Xe Pian Xe Namnoy នៅអាត់តាពើ ដែលស្ថិតនៅ​ចម្ងាយ​ ៥៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍​រដ្ឋធានីវៀងច័ន្ទ​ផងដែរ។

គួរជម្រាបថា ការបាក់ទំនប់​វារី​អគ្គិសនីខាងលើ​កាលពីថ្ងៃទី២៣ ខែកក្កដា បានធ្វើឲ្យជន់លិច​​ភូមិ​ចំនួន ១៣កន្លែង ក្នុងស្រុក Sanamxay និងបានបណ្តាល​ឲ្យមនុស្សជាច្រើននាក់​ស្លាប់ និងបាត់ខ្លួនហើយជាង ៦,០០០នាក់ ទៀតបាតបង់​ទីជ្រកកោណ៕

ចែករំលែក