នាវាបំបែក​​ទឹកកក​-នុយក្លេអ៊ែរ​ដ៏មហិមា​របស់​​រុស្ស៊ី Ural នឹងដំណើរការ​នៅសមុទ្រទឹកកក​អាក់ទិក​​ក្នុងពេល​ឆាប់ៗ…

0

 

(ម៉ូស្គូ)៖ នាវបំបែកទឹកកក​ដើរដោយថាមពលនុយក្លេអ៊ែរឈ្មោះ យូរ៉ាល់ (Ural) ត្រូវបានរុស្ស៊ី​ប្រកាសជាផ្លូវការ​ហើយថា នឹងត្រូវបណ្តែតចូលទៅកាន់សមុទ្រ​ទឹកកកអាក់ទិក នៅចុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ​ហើយ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

Ural គឺជានាវាបំបែកទឹកកកថ្មីសន្លាងមួយរបស់រុស្ស៊ី ដែលស្ថិតនៅក្នុងគំរោងលេខ ២២២២០ នឹងក្លាយជានាវាបំបែកទឹកកកធំជាងគេបំផុតលើលោក ដែលដោយថាមពល​នុយក្លេអ៊ែរ និងមានម៉ាស៊ីនរ៉េអាក់ទ័រ RITM-200 ដ៏មានអានុភាពចំនួនពីរគ្រឿងឯណោះ​ដើម្បីរុញល្បឿននាវាទៅមុខ។ នាវានេះមានតួនាទីល្បាត និងស្រាវជ្រាវ​នៅសមុទ្រទឹកកក​អាក់ទិក​នៃប៉ូលខាងជើងផែនដី ដោយវាមានសមត្ថភាពក្នុងបំបែកផ្ទាំង​ទឹកកកធំៗ​បាន។

កាលពីឆ្នាំ២០១២ ក្រុមហ៊ុនផលិតនាវារុស្ស៊ី​ចំនួនពីរគឺ រ៉ូសាត់ថមហ្វ្លូត (Rosatomflot) និង បាល់ទិក (Baltic Shipyard) បានចាប់ផ្តើមកសាងនាវាមួយ​ផងដែរ ដែល​មាន​ឈ្មោះថា អាកធីកា (Arktika) ដើម្បីដាក់ឲ្យដំណើរការនៅ​ពាក់កណ្តាល​ឆ្នាំ២០១៩ ដូចគ្នា​នឹងនាវា Ural ផងដែរ។ Ural នឹងត្រូវ​បណ្តែតទៅក្នុងសមុទ្រ​នៅឆ្នាំ២០១៩ និងចាប់ផ្តើមដំណើរការ​ជាផ្លូវការនៅឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់រុស្ស៊ី​​បានបញ្ជាក់​បន្ថែមថា រុស្ស៊ីកំពុងតែមានគំរោងក្នុងការ​បង្កើនចំនួន​នាវា​បំបែកទឹកកក​របស់ខ្លួន ឲ្យដល់ចំនួន ០៥គ្រឿង នៅក្នុងសមុទ្រ​អាក់ទិក ដែលកំពុងស្ថិត​នៅក្នុងគោលដៅ​នៃការពង្រីកឥទ្ធិពល​ ពីសំណាក់មហាអំណាចធំៗ​​នៅលើលោក ក្នុងនោះគឺ​សហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៊ី​នេះតែម្តង។ បន្ថែមពីនាវា​បំបែកទឹកកក នាវាជួយសង្គ្រោះ, នាវាដឹកប្រេង, និងនាវាមុជទឹករុស្ស៊ីជាច្រើន​គ្រឿងទៀត​ផងដែរ។

គួរបញ្ជាក់ថា បណ្តាប្រទេស​​ដែលមានព្រំដែនជាប់នឹង​​មហាសមុទ្រទឹកកក​​អាក់ទិកនោះ​មានដូចជា កាណាដា សហរដ្ឋអាមេរិក ន័រវែស ដាណឺម៉ាក និងរុស្ស៊ី​ជាដើម។ បច្ចុប្បន្ន​បណ្តាប្រទេស​ទាំងឡាយខាងលើ កំពុងតែផ្តោតសំខាន់ ទៅលើតំបន់ប៉ូលខាងជើងភពផែនដីនេះ សូម្បីតែ​ប្រទេសចិន ព្រោះវាជា​កន្លែងដែលសំបូរ​ធនធាន​ធម្មជាតិ និងដើម្បី​ឲ្យមានតុល្យភាព​អំណាច រវាងមហាអំណាច​នានាលើភព​ផែនដី៕

ចែករំលែក