១០ឆ្នាំទៀត​ត្រូវធ្វើឲ្យសត្វដាយណូស័រ​ បង្ហាញវត្តមានលើ​ផែនដី​ឡើងវិញ! តើអាច​ទៅរួចទេ?

0

 

(វ៉ាស៊ីនតោន)៖ តើវាអាចទៅរួច​ដែរ ឬទេថា សត្វដាយណូស័រ​ដែលបានផុតពូជ​តាំងតែពីយូរណាស់​មកហើយនោះ នឹងអាចដើរ​នៅលើ​ផែនដីក្នុងសម័យ​ជាមួយមនុស្ស​លោកយើង នាពេលឆាប់ៗ​ខាងមុខ ខណៈដែល​បុរាណវិទូ​មួយរូបដែលធ្លាប់​បានប្រឹក្សា និងជួយ​ជ្រោម​​ជ្រែង​ដល់​កម្រងខ្សែ​ភាពយន្តដ៏ល្បីល្បាញ​ ស្តីពីសត្វដាយណូរស័រ Jurrasic Park បានប្រកាស​ពីគម្រោង​ស្រាវជ្រាវមួយ ដែលនឹងធ្វើឲ្យ​​សត្វយក្ស​នេះមានជីវិតរស់​ឡើងវិញបាន នៅក្នុងរយៈពេល​ប្រហែល ១០ឆ្នាំខាងមុខ។ នេះបើតាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​​ពី​វែប​សាយ The Scientific Community នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

បុរាណវិទូខាងលើមាន​ឈ្មោះថា Jack Horner កំពុងតែ​សហការជាមួយ​ក្រុមអ្នកវិទ្យាសាស្រ្ត​នៅឯសាកលវិទ្យាល័យ Harvard និង Yale ដើម្បីសិក្សា​ទៅលើសត្វ​ ដែលមានខ្សែស្រឡាយ​ជិតដិតនឹង​សត្វដាយណូស័រ​បំផុត ក្នុងក្តីសង្ឃឹមថា នឹងអាច​កែប្រែដំណើរ​វិវត្តន៍​របស់​ពួកវា​ទៅរកសភាដើមវិញ។ លោក Horner និងក្រុមការងារ​ត្រូវគេរាយការណ៍​ថា នឹងចាប់ផ្តើមពិសោធន៍​​ទៅលើ​សត្វមាន់ ដែលត្រូវ​គេ​​ចាត់​ទុកថា ជាកូនចៅជំនាន់​​ក្រោយ​របស់សត្វដាយណូស័រ​ផ្ទាល់​តែម្តង។

នៅពេលធ្វើការងារ​ទាក់ទិននឹងកម្រង​ខ្សែភាពយន្ត Jurrasic Park កាលពី​ទសវត្សរ៍ ៩០ លោក Horner ជឿជាក់ថា​ ដាយណូស័រ​ដែលធ្លាប់គ្រប់គ្រង​ផែនដីកាលពីរាប់លានឆ្នាំ​មុននោះ អាចនឹងត្រូវធ្វើ​ឲ្យមានជីវិតរស់ឡើង​វិញបាន តាមវិធីសាស្រ្តដូច​បាន​បង្ហាញ​ក្នុងខ្សែ​ភាពយន្ត​អ៊ីចឹងដែរ គឺតាមរយៈ DNA របស់ពួកវា ដែលយកពី​សំណល់​ហ្វូស៊ីល។

យ៉ាង​ណាមិញ រយៈពេលច្រើនឆ្នាំ​កន្លងផុតទៅ លោក Horner បានយល់ច្បាស់​ជាងមុនអំពី​ការ​ដែល​ DNA នឹងមានភាពរិចរឹល​ដោយ​សារតែពេល​វេលា និងបាន​កំណត់ថា អ្វីដែលលោកបាន​គិតនោះ គឺមិនត្រឹមត្រូវឡើយ។ បើតាមការ​បញ្ជាក់ពីលោក Horner ​សត្វមាន់​ និងសត្វបក្សី​ជា​ច្រើនៗទៀត នាសម័យ​បច្ចុប្បន្ន​មានផ្ទុកហ្ស៊ែនកូដ (Genetic Code) នៃសត្វ​ដាយណូស័រ​នៅក្នុង DNA ផ្ទាល់​ខ្លួន​​របស់​​ពួកវា។

បុរាណវិទូរូបនេះ​ជឿថា ​ខ្លួន​និងក្រុមការងារ នឹងអាច​ធ្វើការកែ​ប្រែ​កូដនោះ ដើម្បីផ្លាស់ប្តូរ​ដំណើរ​វិវត្តន៍​​​​របស់ពួកវា​ឲ្យ​ត្រឡប់​ក្រោយវិញ ពោលគឺធ្វើឲ្យ​ពួកវា​ប្រែទៅមាន​លក្ខណៈ​​កាន់តែដូច​សត្វដាយណូស័រ ហើយលោក Horner ពិតជាមាន​ជំនឿជឿជាក់​យ៉ាងពេញទំហឹងថា​​​​ សត្វដាយណូស័រ​ក្នុងទម្រង់ណាមួយ នឹងអាចដើរ​នៅលើផែនដីជាមួយ​មនុស្សលោក​យើង នាពេល​​១០ឆ្នាំ​ខាងមុខ៕

ចែករំលែក