អាមេរិកនឹងមិននៅស្ងៀម! រុស្ស៊ីបញ្ជូន​យន្តហោះ​ទម្លាក់គ្រាប់ Tu-160 រហូតដល់​ពីរគ្រឿង​ ទៅសមុទ្រ​ទឹកកក​អាក់ទិក!

0

 

(ម៉ូស្គូ)៖ ​យន្តហោះទម្លាក់គ្រាប់បែក​យុទ្ធសាស្រ្ត​ធុន Tu-160 ចំនួនពីរគ្រឿង បានធ្វើការចុះចត​នៅលើតំបន់ទឹកកក​អាក់ទិកជាលើកដំបូង​​។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​​សុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

​ក្រុមយន្តហោះ​ខាងលើ​ត្រូវគេ​រាយការណ៍​ថា ធ្វើការហោះហើរ​​ចម្ងាយព ​៧,០០០គីឡូម៉ែត្រ​​ ចេញពី​​មូលដ្ឋាន​​របស់ពួកវា ដើម្បីមកដល់​​​ព្រលានយន្តហោះ អាណាឌី (Anadyr) ដែលនាពេលថ្មីៗនេះ ទើបត្រូវបានធ្វើ​ការកែលម្អឡើងវិញ ក្រោមក្របខណ្ឌ​នៃកម្មវីធីមួយ ដើម្បី​​អភិវឌ្ឍន៍​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​យោធានៅក្នុង​តំបន់។ នៅអំឡុងពេល​ហោះហើរចម្ងាយរាប់​ពាន់គីឡូម៉ែត្រ​នេះ ក៏មានការ​ហ្វឹកហាត់​​ប្រើ​ប្រាស់​សព្វា​វុធ​​របស់​យន្តហោះ និងការបញ្ចូលសាំង​នៅលើផ្ទៃអាកាស​ផងដែរ។

បើតាមក្រសួង​ការពារជាតិរុស្ស៊ី បច្ចុប្បន្នយន្តហោះសរុបចំនួន ១០គ្រឿង​​ កំពុងស្ថិតក្នុងការ​ហ្វឹកហាត់ ដោយក្នុងនោះរួម​មាន​ទាំង​យន្តហោះ Tu-160, Tu-95MS, និង II-78 ជាដើម។ ក្រៅពីរុស្ស៊ី សហរដ្ឋអាមេរិកក៏​កំពុងតែបង្កើនឥទ្ធិពល​របស់ខ្លួន​នៅតំបន់សមុទ្រ​អាក់ទិក តាមរយៈការពង្រឹង​មូលដ្ឋានយោធានៅរដ្ឋ​អាឡាស្កា និងល្បាត​ជាប់ជានិច្ច​នៃយន្តហោះយោធា​ ព្រមទាំងផ្កាយរណប​របស់ខ្លួន។

គួរបញ្ជាក់ថា ការចាប់ផ្តើម​កក្រើកព័ត៌មានអំពី​ការបង្កើនឥទ្ធិពល​ រវាងមហាអំណាចនានា នៅតំបន់​ប៉ូលខាង​ជើងផែនដី​នេះ គឺមិនមែនជា​រឿងថ្មីនោះ​ឡើយ ប៉ុន្តែដោយសារតែ​យុទ្ធសាស្ត្របច្ចុប្បន្ន​មានការផ្លាស់ប្តូរយ៉ាង​ឆាប់រហ័សនោះ ទើប​សារព័ត៌មាន និងអ្នកអង្កេត​នានាមានការចាប់​អារម្មណ៍ ចំពោះសកម្មភាព​រសើបៗ​កើតឡើងថ្មីៗ​កន្លងមក នៅតំបន់​សមុទ្រ​ទឹកកក​ដែលអាចក្លាយ​សង្វៀនបង្កើនសាច់ដុំ​រវាងមហាអំណាចធំៗ​លើលោក គឺរុស្ស៊ី អឺរ៉ុប និងអាមេរិក​នេះ​តែម្តង៕

ចែករំលែក