ទៀតហើយ! ជប៉ុនសម្លាប់ត្រីបាឡែន១៧៧ក្បាល ក្រោមស្លាកឈ្មោះ​ «ការស្រាវជ្រាវវិទ្យាសាស្រ្ត» ​នៅមហាសមុទ្រប៉ាស៊ីហ្វិក

0

 

(តូក្យូ)៖ ​ក្រុមនេសាទ​ជប៉ុន ជាថ្មីម្តងទៀត ទើបចាប់បានត្រីបាឡែន​អម្បូរ Minke និង Sei ​ចំនួន១៧៧ក្បាល នៅអំឡុងដំណើរ​ប្រមាញ់​របស់ពួកគេរយៈ​ពេល០៣ខែ នៅភាគពាយ័ព្យ​មហាសមុទ្រប៉ាស៊ីហ្វិក។អំឡុងបេកកកម្មនេសាទ​ថ្មីចុងក្រោយបំផុត ដែលមានរយៈពេល៩៨ថ្ងៃនេះ ក្រុមកប៉ាល់នេសាទ​ចំនួន០៣គ្រឿង ចាប់បានបាឡែន Sei ចំនួន១៣៤ក្បាល និងបាឡែន Minke ចំនួន៤៣ក្បាល។ ជុំវិញការ​ប្រមាញ់សត្វត្រីនេះ​ ជប៉ុនក៏ធ្លាប់បានទទួលរងសម្ពាធ​និងរិះគន់​ច្រើន​រាប់​មិនអស់​ពី​អន្តរជាតិផងដែរ ប៉ុន្តែវាហាក់ដូចជាពុំមែនប្រសិទ្ធភាពអ្វីបន្តិចឡើយ។

គួរជម្រាបថា ការនេសាទខាងលើ គឺស្ថិតក្នុងផ្នែកនៃគម្រោងរយៈពេល១២ឆ្នាំមួយ ដែលមានគោលដៅសិក្សាទៅលើ​ចំនួន ទម្លាប់​នៃ​ការ​ស៊ីអាហារ និងបុគ្គលិកលក្ខណៈផ្សេងៗ របស់ពពួកត្រីបាឡែន ដែលជប៉ុនចង់ធ្វើការវិភាគ ដើម្បីផ្តល់កាគាំទ្រដល់អំណះអំណាងរបស់​ខ្លួន​ថា អម្បូរបាឡែនមួយចំនួន គឺពុំស្ថិតក្រោមការគំរាមកំហែងឡើយ ហើយអាច​នេសាទ​ដើម្បី​​​​ធ្វើជាអាហារបាន។

ជប៉ុន គឺជាប្រទេសហត្ថលេខីមួយ នៅក្នុងកិច្ចព្រមព្រៀង​ស្តីពីការប្រមាញ់ត្រីបាឡែន ប៉ុន្តែទីក្រុងតូក្យូ បានឆ្លៀត​ឱកាសកេងចំណេញ​លើ​ចំណុចចន្លោះប្រហោង​មួយ ដែលអនុញ្ញាតឲ្យ​សត្វសមុទ្រនេះ អាចត្រូវនេសាទនិងសម្លាប់បាន នៅក្រោមស្លាកឈ្មោះនៃការ​សិក្សា​​​ស្រាវជ្រាវវិទ្យាសាស្រ្ត។ ទោះជាបែបនេះក្តី វាច្បាស់ណាស់ថា សាច់របស់សត្វត្រីបាឡែន ដែលបានមកពីការនេសាទថ្មីនេះ នឹង​ក្លាយ​​ទៅ​ជាម្ហូប​នៅលើតុទទួលទានអាហារ ក្នុងប្រទេសជប៉ុន ទោះបីជាកន្លងមកគេសង្កេតឃើញថា ពុំសូវជាពេញនិយមដូចមុន​ក៏​ដោយ​៕

ប្រភព៖ Channel News Asia

ចែករំលែក