គួរឲ្យសង្វេគ! ដោយសារទង្វើមនុស្ស​ធ្វើឲ្យ សត្វកន្ធាយ​កម្រជាង​៣០០​ក្បាលងាប់ នៅ​មិចស៊ីកូ (រូបភាពខាងក្នុង)

0

(ម៉ិចស៊ីកូស៊ីធី)៖ សត្វកន្ធាយសមុទ្រជិត​ផុត​ពូជជាង ៣០០ក្បាល ត្រូវបាន​ប្រទះឃើញ ដេកងាប់​យ៉ាងរង្គាល នៅបណ្តោយ​ឆ្នេរ​ម៉ិចស៊ីកូ​។​ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

​បើតាមអាជ្ញាធរ​គាំពារបរិស្ថាន​​ នៃប្រទេសម៉ិចស៊ីកូ​បានឲ្យដឹងថា សត្វកន្ធាយ​ជាង ៣០០ក្បាល ខាងលើ​ដែលងាប់​ត្រូវបានប្រទះឃើញ​​នៅលើផ្ទៃសមុទ្រ​ក្បែរឆ្នេររដ្ឋ អុកហ្សាកា (Oaxaca) ភាគខាងត្បូង ដោយមានជាប់​ជំពាក់នឹង​សំណាញ់នេសាទ​​ខុសច្បាប់។

ក្រោយមក​សាកសពសត្វ​កន្ធាយ​ទាំងនេះ ​ក៏​ត្រូវ​បានគេប្រមូលយក​ឡើងមកលើគោក​​ដើម្បីកប់ ខណៈអាជ្ញាធរម៉ិចស៊ីកូ​បានបញ្ជាក់ថា នឹងចុះធ្វើការណែនាំ​ដល់​ប្រជានេសាទ​ក្នុងតំបន់ អំពីហានិភ័យ​នៃការប្រើប្រាស់​សំណាញ់នេសាទ​ខុសច្បាប់។

គួរជម្រាបថា សត្វកន្ធាយ​ខាងលើ​ជាប្រភេទកន្ធាយ អូលីវ រីដឡេយ (Olive Ridley) ដែលជិតផិតពូជ ហើយពួកវា​តែងឡើងមក​ឆ្នេរសមុទ្រ​នៃរដ្ឋ​នានា​​របស់​ម៉ិចស៊ីកូ ដើម្បីពងកូន​ចាប់ពីខែឧសភា​ ដល់ខែកញ្ញា​ជារៀង​រាល់ឆ្នាំ៕

ចែករំលែក