រកឃើញ​វិធីសាស្ត្រថ្មីហើយ ដើម្បីស្រូប​ថាមពលពន្លឺព្រះអាទិត្យ ប្រកបដោយ​ប្រសិទ្ធភាពជាងមុន!

0

 

(ឡុងដ៍)៖ ការធ្វើរស្មី​សំយោគដែល​រុក្ខជាតិ និងសារពាង្គកាយ​ដទៃទៀត​ប្រើប្រាស់ ដើម្បី​បំលែង​ពន្លឺព្រះអាទិត្យ​ទៅជាថាមពល ហើយ​ផលិតចេញ​ជាឧស្ម័នអុកស៊ីសែន ដែលចាំបាច់​សម្រាប់មនុស្ស និងសត្វនៅលើផែនដីនោះ​ត្រូវបានកែច្នៃ​ដោយ​អ្នកវិទ្យាសាស្រ្ត​ឲ្យទៅ​ជាវិធីសាស្រ្ត​ថ្មីមួយ ដើម្បី​ទាញយកផល​ពីថាមពលពន្លឺ​ព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

ការសិក្សាថ្មីមួយ​បានឲ្យដឹងថា ការធ្វើរស្មីសំយោគតាម​បែបធម្មជាតិ គឺពុំសូវមានប្រសិទ្ធភាព​នោះឡើយ ដោយសារវាបង្កើត​ថាមពល​​ក្នុងកម្រិតតិចតួច សម្រាប់តែតម្រូវការ​របស់រុក្ខជាតិប៉ុណ្ណោះ គឺប្រហែលមួយ​ទៅពីរភាគរយនៃ អ្វីដែលអាចមាន​សក្តានុពលត្រូវ​បំលែង​​​​ និងស្តុកទុកបាន។

ផ្ទុយមកវិញ​ការធ្វើរស្មីសំយោគ​តាមបែបសិប្បនិម្មិត ដែលមានវត្តមាន​ជាច្រើនទសវត្សរ៍មក​ហើយនោះ ពឹងផ្អែងទៅលើ​ការប្រើប្រាស់​កាតាលីករដែលថ្លៃ និងគ្រោះថ្នាក់ ដូច្នេះហើយ​វិធីសាស្រ្តនេះ​មិនទាន់ ត្រូវបានប្រើប្រាស់​ទូលំទូលាយ នៅក្នុងវិស័យ​ឧស្សាហកម្ម​នៅ​ឡើយទេ។

ដោយឡែក​សម្រាប់ការសិក្សាស្រាវជ្រាវ​​​ខាងលើវិញ គឺក្រុមអ្នក​វិទ្យាសាស្រ្ត បានធ្វើឡើង​តាមបែប Semi-Artificial (សិប្បនិម្មិត​ពាក់​កណ្តាល) ដែលប្រើប្រាស់​សារធាតុ Enzyme ជំនួសកាតាលីករ ដើម្បីផ្លោះរំលង​ដែនកំណត់​ នៃរស្មីសំយោគបែបសិប្បនិម្មិត ហើយ​ទទួល​បានលទ្ធផលយ៉ាង​ល្អប្រសើរ ដែលអាចបើកផ្លូវ​សម្រាប់ការអភិវឌ្ឍ​​បច្ចេកវិទ្យា​សូឡា៕

ចែករំលែក