(បរទេស)៖ វាពិតជាពិបាកនៅក្នុងការគណនាដឹងណាស់ ចំពោះប្រទេសណាខ្លះក្នុងតំបន់អាស៊ាន ដែលប្រជាជនអាមេរិកស្គាល់ច្បាស់ជាងគេ ខណៈសហរដ្ឋអាមេរិកពិតជាធំធេង និងមានចំរុះជាតិសាសន៍បំផុតក្នុងលោករហូតដល់ទៅជាង ៣២៥លាននាក់។ នេះបើតាមការចេញផ្សាយដោយវែបសាយសំនួរ-ចម្លើយ Quora ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ប្រទេសអាស៊ានទាំង ១០ មានដូចជា ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, កម្ពុជា, ប្រ៊ុយណេ និងសិង្ហបុរី ដែលសុទ្ធសឹងតែអាចនិយាយបានថា ធ្លាប់មានប្រវត្តិសាស្ត្រទាំងជូរចត់ និងល្អៗជាមួយសហរដ្ឋអាមេរិក ប៉ុន្តែសម័យកាលនៃការអភិវឌ្ឍយ៉ាងសកម្មក្នុងសតវត្សរ៍ទី ២១ នេះ ការយល់ដឹង និងចាប់អារម្មណ៍របស់ប្រជាជនអាមេរិក គឺមានចំរុះ និងប្លែកៗជាងកាលពីអតីតកាល។
តាមស្ទាបស្ទង់របស់ Quora ទៅលើមតិមួយចំនួនរបស់ប្រជាជនអាមេរិក ភាគច្រើននៃពួកគេមិនសូវដឹងច្បាស់លាស់ពីតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាននោះឡើយ ហើយមួយចំនួនតូចទៀត មិនដឹងថាតំបន់អាស៊ីអាគ្នេយ៍ស្ថិតនៅទីណានៃភពផែនដីផង។ ប៉ុន្តែដោយយោងតាមមតិភាគច្រើន ប្រទេសដែលប្រជាជនអាមេរិកស្គាល់ច្រើនជាងគេ នោះគឺ «សិង្ហបុរី» ដោយសារតែប្រទេសនេះមានភាពល្បីល្បាញខាងវិស័យទេសចរណ៍, សេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លាជាងគេក្នុងតំបន់ និងមានទំនាក់ទំនងយ៉ាងប្រសើរជាមួយសហរដ្ឋអាមេរិកផងដែរ។
សម្រាប់ប្រទេសទីពីរដែលប្រជាជនអាមេរិកស្គាល់ច្រើនផងដែរនោះ គឺប្រទេស «វៀតណាម» ព្រោះប្រជាជាតិមួយនេះធ្លាប់មានជម្លោះ យ៉ាងជូរចត់ជាមួយសហរដ្ឋអាមេរិក កាលពីសម័យសង្គ្រាមវៀតណាម ដែលសហរដ្ឋអាមេរិកមិនបានទទួលជ័យជម្នះនោះឡើយនៅឆ្នាំ១៩៧៥។ រឿងរ៉ាវប្រវត្តិសាស្ត្រ-សង្គ្រាមរវាងប្រទេសទាំងពីរ មិនត្រឹមតែល្បីល្បាញក្នុងកម្មវិធីសិក្សា រវាងប្រទេសទាំងពីរនេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកសិក្សានានានៅទូទាំងពិភពលោក ក៏មិនដែលរំលងក្នុងការស្រាវជ្រាវសម្រាប់កម្មវិធីសិក្សាប្រវត្តិសាស្ត្ររបស់ពួកគេនោះដែរ។
ជាចុងក្រោយគឺប្រទេសអាស៊ានទីបី ដែលប្រជាជនអាមេរិកស្គាល់ខ្លាំងផងដែរនោះ គឺប្រទេស «ថៃ» ដែលជាប្រទេសល្បីល្បាញខាងធ្វើរដ្ឋប្រហារ និងវិស័យទេសចរណ៍ប្រកបដោយស្នាមញញឹម ទាក់ទាញគ្រប់ជាតិសាស្ត្រតែម្តង ដែលបានទទួលភ្ញៀវបរទេសជាង ៣៥លាននាក់ កាលពីឆ្នាំ២០១៧។ ប្រទេសថៃពីមុនក៏ជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធបំផុត របស់សហរដ្ឋអាមេរិកផងដែរ ប៉ុន្តែដោយសាររដ្ឋប្រហារឆ្នាំ២០១៤ អ្វីៗហាក់មានការប្រែប្រួល និងរកាំរកូសខ្លាំង៕