អាមេរិកចង់​បង្កើន​មូលដ្ឋានទ័ព​ខ្លួន នៅក្នុង​ប្រទេស​ក្រិក! តើមាន​ចេតនាអ្វីឲ្យ​ប្រាកដ?

0

 

(ក្រិក)៖ ប្រធានសេនាធិការ​យោធា​អាមេរិក​លោក ចូសិប ឌុនហ្វដ (Joseph Dunford) បានឱ្យដឹងថា អាជ្ញាធរក្រិក​កំពុងពិចារណា​ ក្នុងការអនុញ្ញាត​ឱ្យយោធាអាមេរិក​ បង្កើតមូលដ្ឋានយោធារបស់ខ្លួន​នៅក្នុងប្រទេស ខណៈទីក្រុង​វ៉ាស៊ីនតោន​កំពុងមាន​ភាពតានតឹងផ្នែកការទូត​ជាមួយនឹង​តួកគី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

លោក Joseph Dunford បានគូសបញ្ជាក់​នៅថ្ងៃពុធសប្ដាហ៍​នេះយ៉ាងដូច្នេះថា «អាជ្ញាធរក្រិក កំពុងពិចារណា​ក្នុងការ​អនុញាត​ឱ្យបង្កើនមូលដ្ឋានយោធា ក៏ដូចជាការធ្វើសមយុទ្ធយោធា ឬការបណ្ដុះបណ្ដាលនានា សម្រាប់កងទ័ពរបស់ យើងដែល​កំពុងឈរជើង​នៅអឺរ៉ុប ជាពិសេសគឺ​សម្រាប់កងទ័ពអាមេរិក​ ធ្វើការបណ្ដុះបណ្ដាល​ជាមួយ​ឧទ្ធម្ភាគចក្រ»។

ក៏ប៉ុន្តែព្រមពេល​ជាមួយគ្នា ក្រុមអ្នកជំនាញមួយ​ចំនួនយល់ថា សហរដ្ឋអាមេរិក​កំពុងពង្រីកវត្តមានយោធា​របស់ខ្លួន​នៅក្នុងប្រទេស​ក្រិក គឺដើម្បីបង្កើន​ការធ្វើ​សមយុទ្ធយោធា និងការស៊ើបការណ៍​សំងាត់របស់ខ្លួន​ នៅក្នុងប្រទេស​មួយ​ចំនួនដូចជា​ លីប៊ី ស៊ីរី និងតួកគី​ជាដើម។

គួរជម្រាបថា បើតាម​លោក Joseph Dunford មានមូលដ្ឋាន​យោធាជាច្រើន​នៅក្នុងប្រទេស​ក្រិក ក្នុងនោះមាន​ដូចជា​តំបន់ សួដាបេយ (Souda Bay) និងមូលដ្ឋានទ័ព​អាកាសក្រិក ឡារីសសា (Larissa) ជាដើម៕

ចែករំលែក