Maldives ប្រទេសដីកោះ​មួយចង្កោមតូច​សោះ តែអាចទាក់ទាញ​ទេសចររាប់លាន​នាក់ក្នុងមួយ​ឆ្នាំៗ (រូបភាពខាងក្នុង)

0

 

(ម៉ាល់)៖ ប្រទេសដីកោះ​ម៉ាល់ឌីវ ទីបំផុតបានស្វាគមន៍​ភ្ញៀវទេសចរទី ១លាន ​សម្រាប់​ឆ្នាំ២០១៨នេះ ដែលពួកគេបាន​មកដល់ដែនដីកោះ នៃមហាសមុទ្រឥណ្ឌា​មួយនេះកាល​ពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។

បើគិតពី​ដើមខែមករា រហូតមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ កោះម៉ាល់ឌីវ​បានទទួលភ្ញៀវទេសចរបរទេសមកដល់សរុប ១លាននាក់គត់ ដែលជាចំនួន​មានការកើនឡើង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលប្រទេស​មួយនេះ កំពុងតែបង្កើតកន្លែងកម្សាន្តបែបធម្មជាតិបន្ថែម ដូចជាសណ្ឋាគារលើកោះ​តូចៗ និងការកម្សាន្តដោយជិះទូកមុជទឹកមើលផ្កាថ្មជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ​មកពីគ្រប់ទិសទីទូទាំងពិភពលោក។

សម្រាប់ភ្ញៀវទេសចរ​មួយគូ ដែលត្រូវចាត់ទុកថា​ជាអ្នកទេសចរទី ១លាន ដែលត្រូវបាន​អាជ្ញាធរ​កោះម៉ាល់ឌីវ ទៅស្វាគមន៍ដល់​ព្រលានយន្តហោះ​​អន្តរជាតិ​របស់ខ្លួន​កាលពីថ្ងៃទី០៩ ខែកញ្ញានោះ គឺត្រូវបាន​អនុញ្ញាត​​ឲ្យស្នាក់នៅ​រមណីយដ្ឋាន​​ទេសចរ, ធ្វើការជិះ​យន្តហោះ-ទូកកម្សាន្ត​​លើផ្ទៃសមុទ្រ និងផ្តល់កញ្ចប់​សេវាអ៊ីន​ធើណែត​ដោយឥតគិត​ថ្លៃទាំង​អស់​តែម្តង។ នេះបើតាម​ការ​ដកស្រង់សម្តី​ពីអនុរដ្ឋមន្ត្រី​ទេសចរណ៍​ម៉ាល់ឌីវ​លោក ហ៊ូស្សេន ឡៃរែ (Husaain Lirar)។

គួរបញ្ជាក់ថា គូស្វាមីភរិយា​ខាងលើនេះ ត្រូវបានទទួល​ស្វាគមន៍តាមរយៈរបៀបរបប​ប្រពៃណី នៃប្រជាជនលើ​កោះម៉ាឌីវ នៅឯព្រលានយន្តហោះ​អន្តរជាតិទី ១ របស់​ម៉ាល់ឌីវ។ ប្រទេសដីកោះមួយនេះ ចាប់ផ្តើមប្រារព្ធ​ទិវាស្វាគមន៍​ភ្ញៀវទេសចរទី ១លាន តាំងតែពី​ឆ្នាំ២០១៥មកម្ល៉េះ ដើម្បីជា​ការតបស្នង​ដល់ជនបរទេស​ទាំងឡាយ​ណាដែល​រើសយកកោះនេះ ធ្វើជាគោលដៅ​ទេសចរណ៍របស់​ពួកគេ។

កោះម៉ាល់ឌីវពិត​ជាស្អាតណាស់ និងមានកន្លែង​កម្សាន្តបែបធម្មជាតិ​ប្លែកភ្នែក និងប្រកប​ដោយផាសុខភាព​ជាច្រើនថែមទៀត ដែលបានស្វាគមន៍ទេសចរជាង ១.៣លាន​នាក់​ កាលពីឆ្នាំ២០១៧។ តើថ្ងៃណា​​មួយលោកអ្នកចង់​ដើរ​លើវាលខ្សាច់​​ដ៏សក្បុះ និងស្រូបយក​ខ្យល់អាកាសនៃមហាសមុទ្រឥណ្ឌា នៅលើកោះ​តូចណាមួយ នៃប្រជុំកោះ​ម៉ាល់ឌីវ ដែរឬទេ? សូមទស្សនា​រូបភាពពិសេសៗ ដែលបង្ហាញ​ដូចតទៅ៖

ចែករំលែក