មន្ត្រីល្អនឹងត្រូវប្រជាជន​ចងចាំគ្រប់ជំនាន់! រូបសំណាក​អតីតរដ្ឋមន្ត្រី​ឥណ្ឌា ដែលខ្ពស់ជាង​គេលើលោក​ នឹងត្រូវបើក​សម្ពោធ (រូបភាព​ខាងក្នុង)

0

 

(ញូដេលី)៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងចូលរួម​សម្ពោធដាក់បង្ហាញ​រូបសំណាក​ ដែលខ្ពស់ជាងគេបំផុត​នៅលើ​ពិភពលោក នៅខែតុលា​ខាងមុខនេះ​នៅឯរដ្ឋ ហ្គូចារ៉ាត (Gujarat) ស្ថិតនៅភាគ​ខាងលិច​ប្រទេស​ឥណ្ឌា។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។

រូបសំណាក​តំណាងឱ្យការឯកភាពជាតិ ត្រូវបានកសាងឡើងដើម្បីរំលឹកដល់​រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង​ឥណ្ឌាដំបូងគេបំផុត​គឺលោក សាដា វ៉ាល់ឡាបបៃ ផាធែល (Sardar Vallabhbhai Patel) ហើយវា​នឹងត្រូវបានសម្ពោធ​ដោយ លោកនាយករដ្ឋមន្ត្រី Narendra Modi នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះហើយ។

លោក Sardar Vallabhbhai Patel គឺជាមេដឹកនាំ​គណបក្សសមាជជាតិ​ឥណ្ឌា និងជាឧបនាយករដ្ឋមន្ត្រី​របស់ នាយករដ្ឋមន្ត្រី​ឥណ្ឌាដំបូងគេគឺ​លោក ចាវ៉ាហាឡាល ណេរូ (Jawaharlal Nehru) ក្រោយឥណ្ឌា​ទទួលបានឯករាជ្យ​ពីអង់គ្លេសកាល​ពីឆ្នាំ១៩៤៧ ហើយលោក​ក៏ជារដ្ឋមន្ត្រីកិច្ចការផ្ទៃ​ក្នុងឥណ្ឌា ដំបូងគេបំផុត​ផងដែរ ដែលបានបម្រើប្រទេសជាតិ ប្រកបដោយស្នាដៃ​គួរឲ្យកោតស្ញប់ស្ញែង​បំផុត។

សម្រាប់ថ្ងៃបើកសម្ពោធ​រូបសំណាងដ៏ខ្ពស់ជាង​គេបំផុត នៅលើ​សកលលោកនេះ ក៏ត្រូវជា​ខួបកំណើតទី ១៤៣ឆ្នាំ នៃ​លោក Patel ផងដែរ។ ដី ថ្ម ដែក និងទឹក ដែលត្រូវបាន​ប្រើប្រាស់សម្រាប់​កសាងរូបសំណាង​ដ៏ធំធេងនេះ គឺត្រូវបាន​ប្រមូលយក​ពីគ្រប់ទិសទី​នៅទូទាំងប្រទេស​ឥណ្ឌាតែម្តង ដើម្បីបង្ហាញ​ពីការរួបរួមគ្នា​នៃជាតិសាសន៍ឥណ្ឌាតែមួយ និងតម្លៃមិន​អាចកាត់ថ្លៃបាននៃរូបសំណាក។​

គួរបញ្ជាក់ថា រូបសំណាក​តំណាងការឯកភាព​ជាតិដែលមាន​កម្ពស់ ១៨២ម៉ែត្រ គិតពីដីឡើងទៅ និង ២៤ម៉ែត្រ គិតពីច្រាំងទន្លេណាម៉ាដា (Narmada) ត្រូវបញ្ចប់ការសាងសង់រួចហើយ ព្រមទាំងត្រូវបានប្រកាសសាងសង់ដោយលោក Modi កាលពីឆ្នាំ២០១៣ នៅពេល​ដែលលោកនៅជារដ្ឋមន្ត្រី​នៅក្នុងរដ្ឋ Gujarat៕

ចែករំលែក