មហាយក្សចិន​មិនបង្អង់យូរ ដោយត្រៀម​បញ្ជូននាវា​នាគរាជ​ទឹកកក ទៅស្រាវជ្រាវតំបន់​ប៉ូល​នៃភពផែនដី (រូបភាពខាងក្នុង)

0

 

(ប៉េកាំង)៖ ប្រទេសចិន​នៅទីបំផុតបានបញ្ជូននាវាបំបែក​ទឹកកក ដែលខ្លួនផលិត​ដោយផ្ទាល់ដៃនោះ ទៅបណ្តែតលើផ្ទៃសមុទ្រហើយ ដោយវាមានឈ្មោះជាផ្លូវការថា «Xuelong 2» ឬអាចហៅ​បានម្យ៉ាងទៀតថា «នាគរាជទឹកកក ២» ប៉ុន្តែ​បេសកកម្ម​ជាផ្លូវការរបស់វា នឹងចាប់ផ្តើម​នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៩។ នេះបើតាម​ការចេញផ្សាយ​ដោយ CGTN នាព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

សម្រាប់ការ​ដាក់​ឲ្យដំណើរការជាផ្លូវការ នឹងត្រូវធ្វើឡើង​នៅក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ផលិតនាវា ជាំងណាន (Jiangnan Shipyard Group) ហើយបច្ចុប្បន្ននេះ ការបំពាក់​ឧបករណ៍-បរិក្ខាផ្សេងៗ និងការតុបតែង​នាវានាគរាជទឹកកក ២ ខាងលើនេះ​កំពុងតែ​ប្រព្រឹត្តយ៉ាងសកម្មផងដែរ។ នាវានេះនឹងរួមគ្នាជាមួយនាវា នាគរាជទឹកកក ១ (Xuelong 1) ដើម្បីបំពេញ​ប្រតិបត្តិការស្រាវជ្រាវ និងផ្គត់ផ្គង់​ធនធាននានា សម្រាប់បម្រើដល់​ការស្រាវជ្រាវវិទ្យាសាស្ត្រចិន នៅតំបន់ប៉ូល​ទាំងពីរនៃភពផែនដី។

នាវាបំបែក​ទឹកកក នឹងជួយដល់ប្រតិបត្តិការស្រាវជ្រាវ​នានាផ្សេងទៀតដូចជា ការស្ទាបស្ទង់​អាកាសធាតុ ដោយប្រើប្រាស់​ឧបករណ៍តាមដានកម្រិតខ្ពស់, ការសិក្សា​អំពីបម្រែបម្រួល នៃស្រទាប់​ទឹកកកតំបន់ប៉ូល, ស្ថានភាព​នៃបរិយាកាស និងបរិស្ថាន​នៅតំបន់​ប៉ូលជារួមតែម្តង បូកថែមនឹងការសិក្សា​ផ្ទៃបាតសមុទ្រទឹកកក និងធនធាន​ជីវៈចំរុះ​​​ដែលមានក្នុងតំបន់នោះ​ទៀតផង។

 

គួរបញ្ជាក់ថា នាវាបំបែកទឹកកកទី ២ របស់ចិនត្រូវបានចាប់ផ្តើមសាងសង់កាលពី​ខែធ្នូ ឆ្នាំ២០១៦ ដោយវាមាន​ប្រវែងរហូតដល់ ១២២.៥ម៉ែត្រ និងទទឹង ២២.៣ម៉ែត្រ ព្រមទាំងអាចផ្ទុក​ទម្ងន់រហូតដល់ទៅ ១៣,៩៩០តោនឯណោះ។ បន្ថែមពីនេះ​ទៀត​វាអាចបើកបរ​ដល់កម្រិតល្បឿន ១៥ Knots ឬ ២៧.៨គីឡូម៉ែត្រ​ក្នុងមួយម៉ោង នៅក្នុង​រយៈពេល ៦០ថ្ងៃជាប់ៗគ្នា ជាមួយនឹងក្រុមនាវិក​សរុបរហូត​ដល់ ៦០នាក់។

នាវាខាងលើនេះ​នឹងបង្កើនឥទ្ធិពល​របស់ប្រទេស​ចិន នៅក្នុងការស្រាវជ្រាវ​ផ្នែកវិទ្យាសាស្ត្រ នៅតំបន់ប៉ូល​ទាំងពីរនៃភព​ផែនដី ជាពិសេស​គឺប៉ូលខាងជើង​តែម្តង ដែល​សហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៊ី កំពុងតែបញ្ចេញ​ឥទ្ធិពលដាក់គ្នា​យ៉ាងខ្លាំងក្លា តាមរយៈការ​បង្កើនវត្តមាន​នាវា ព្រមទាំងមូលដ្ឋាន​ទ័ពរៀងៗខ្លួន​ផងដែរ នៅជុំវិញមហាសមុទ្រ​ទឹកកកអាក់ទិក​នោះ៕

ចែករំលែក