វៀតណាម​ស្នើប្រជាជន «ឈប់ស៊ី​សាច់ឆ្កែ និងឆ្មា» ព្រោះវាជា​រូបភាព​អាក្រក់ និងអាចឆ្លង​ជំងឺរហូតដល់​បាត់បង់​ជីវិត!

0

 

(ហាណូយ)៖ អាជ្ញាធរវៀតណាម​នៅក្នុងសប្ដាហ៍នេះ បានស្នើឱ្យប្រជាជនរស់​នៅក្នុង​ទីក្រុង​ហាណូយ បញ្ឈប់ការបរិភោគ​សាច់ឆ្កែ​ដោយគូសបញ្ជាក់​ថា ម្ហូបដ៏មាន​ប្រជាប្រិយភាព​នេះ​ធ្វើឱ្យជនបរទេស មើលមកប្រទេសវៀតណាម​ក្នុងរូបភាព​មិនល្អ ព្រមទាំង​បង្កជំងឺ​ឆ្លងប៉ះពាល់ដល់​អាយុជីវិត​ផងដែរ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មានបារំាង Le Figaro នៅព្រឹកថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

សាច់ឆ្កែ​ក៏ដូចជាសាច់ឆ្មា គឺជាម្ហូបដ៏ពេញនិយម​ក្លែមជាមួយស្រា សម្រាប់ជនជាតិ​វៀតណាម និងត្រូវបានដាក់លក់​នៅតាមដងផ្លូវ​ស្ទើរតែទូទាំង ទីក្រុង​ហាណូយ។ ប៉ុន្តែ​ទោះបីជាវាកំពុងពេញនិយម​ក៏ពិតមែន ក៏គណៈកម្មាធិការ​ប្រជាជននៃ​ទីក្រុង​ហាណូយ នៅតែ​អំពាវនាវ​ឱ្យប្រជាជន​វៀតណាម​ បញ្ឈប់​ការ​បរិភោគ​សាច់ឆ្កែ និងសាច់ឆ្មា ពីព្រោះការបរិភោគ​សាច់សត្វទាំងនេះ​អាចបណ្ដាលឱ្យកើតជំងឺឆ្លង និងធ្វើប៉ះពាល់ដល់​មុខមាត់ជាតិ។

សម្រាប់ការ​បរិភោគសាច់ឆ្កែ ត្រូវបានក្រុមគ្រូពេទ្យ​នៃបណ្តាប្រទេសលោក​ខាងលិច ធ្វើការព្រមាន​ផងដែរថា វាផ្ទុកទៅដោយ​សារធាតុម្យ៉ាងដែល​អាចបង្កផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់សុខភាព​មនុស្ស ហើយនៅពេល​មនុស្សបរិភោគសាច់ឆ្កែកាន់តែច្រើន វាអាចបង្កផល​ប៉ះពាល់ធ្ងន់ធ្ងរដល់​លំហូរឈាមបេះដូង និងការឡើងសម្ពាធឈាម​ខុសពី​ធម្មតា ឬអាចឈាន​ដល់គាំងបេះដូង​ផងដែរ នៅតំណាក់​កាលចុង​ក្រោយ។

លើសពីនេះ​ទៅទៀត គណៈកម្មាធិការ​មួយនេះ ក៏បានចាត់ទុកផង​ដែរថា ការសម្លាប់សត្វចិញ្ចឹម ទាំងនេះគឺជាទង្វើឃោរឃៅគួរតែត្រូវ​បានបិទបញ្ចប់ តែមិនទាន់​បានបញ្ជាក់ពីវិធានការ​ទប់ស្កាត់​អ្វីឡើយ។ សម្រាប់​បណ្តាប្រទេសលោក​ខាងលិច និងតំបន់អាស៊ី​មួយចំនួន ការកាប់សម្លាប់​សត្វចិញ្ចឹម​ដូចជាឆ្កែ និងឆ្មា ដើម្បីយក​សាច់ទៅ​បរិភោគនោះ គឺជាទង្វើដែលពួកគេស្អប់ខ្ពើម​ជាទីបំផុត។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​វៀតណាម សត្វឆ្កែ និងសត្វឆ្មា​ប្រមាណជា ៤៩៣,០០០ក្បាល កំពុងរស់នៅក្នុងទីក្រុង​ហាណូយ ហើយគិតត្រឹម​ដើមឆ្នាំ២០១៨មក មានមនុស្សបីនាក់​បានស្លាប់ នៅក្នុងទីក្រុង​ហាណូយ ខណៈមនុស្សពីរ​នាក់ធ្លាក់ខ្លួនឈឺ ដោយសារតែ​ការបរិភោគ​សាច់ឆ្កែ៕

ចែករំលែក