យន្តហោះ​ចម្លែករបស់រុស្ស៊ី បង្កប់សមត្ថភាព​ដែលមិនទាន់​មាននរណា​ដឹង!

0

 

(ម៉ូស្គូ)៖ រុស្ស៊ីកំពុងស្ថិត​នៅក្នុងដំណាក់​កាល​អភិវឌ្ឍន៍ យន្ដហោះគ្មាន​មនុស្សបើកជំនាន់ថ្មី​របស់ខ្លួន ដែលអាចប្រើប្រាស់​បានច្រើនយ៉ាង រួមទាំងនៅក្នុង​ប្រតិបត្តិការប្រយុទ្ធ​ផងដែរ។ នេះបើតាមប្រភពឧស្សហកម្មផលិតយន្ដហោះរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ប្រភពដដែល​បានប្រាប់ Sputnik​ យ៉ាងដូច្នេះថា «យើងកំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ យន្ដហោះគា្មន​មនុស្សបើកដ៏​អស្ចារ្យមួយ… ហើយបច្ចុប្បន្ន​ការងារទាំងឡាយ​កំពុងដំណើរការ​ទៅមុខយ៉ាងរលូន។ ដូច្នេះឱ្យតែ​យោធារុស្ស៊ីមាន​ចំណាប់អារម្មណ៍ នោះយន្ដហោះ​នេះនឹងត្រូវផលិត​ភ្លាមៗ»។ ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិធំៗរបស់​យន្តហោះចម្លែកនេះ គឺមិនទាន់ត្រូវបានបង្ហាញឲ្យច្បាស់លាស់នោះឡើយ។​

គួរជម្រាបថា កាលពីខែសីហា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី​ក៏ធ្លាប់បានរាយការណ៍ដែរថា ក្រុមហ៊ុនផលិត​នាវាចម្បាំងរុស្ស៊ីមួយ គ្រោងនឹង​ផលិតនាវាផ្ទុកយន្ដហោះ​ចម្បាំង ដែលមានមុខងារ​ច្រើនយ៉ាង ក្នុងនោះរួមមានទាំង​សមត្ថភាពប្រយុទ្ធ និងធ្វើជានាវាផ្ទុក ឧទ្ធម្ភាគចក្រ​ជាដើម។

ដោយឡែកយន្តហោះខាងលើនេះ អាចនិយាយបានថាជាគំរោងកំពុងស្ថិតនៅក្នុង​ការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនរបស់រុស្ស៊ីប៉ុណ្ណោះ ដោយគ្មានការព្រមព្រៀងជាមួយ​រដ្ឋាភិបាលនោះឡើយ ប៉ុន្តែបើសិនជាក្រុមហ៊ុនឯកជននេះ អាចមានលក្ខណៈពិសេស​ណាមួយ ដើម្បីបង្ហាញទៅដល់យោធារុស្ស៊ីនោះ គំរោងនេះអាចនឹងក្លាយជាភាពចាំ​បាច់​ដែលត្រូវឲ្យមានការបង្កើនល្បឿនអភិវឌ្ឍន៍ផងដែរ៕

ចែករំលែក