រុស្ស៊ីបង្ក​ការភ្ញាក់ផ្អើលខ្លាំង ដោយការ​បញ្ជូនយន្តហោះ​ទម្លាក់គ្រាប់​បែក មកក្បែររដ្ឋ​មួយរបស់​អាមេរិក (រូបភាពខាងក្នុង)

0

 

(វ៉ាស៊ីនតោន)៖ យន្តហោះទម្លាក់​គ្រាប់បែក​រុស្ស៊ីចំនួនពីរគ្រឿង ត្រូវបាន​​យន្តហោះ​ចម្បាំង​អាមេរិក​​ប្រភេទ F-22 ចាប់សញ្ញា​​បានថា បានធ្វើដំណើរ​មក​ក្បែររដ្ឋ​អាឡាស្កា ភាគឦសាន​​សហរដ្ឋអាមេរិក​។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅ​​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

យន្តហោះទម្លាក់គ្រាប់បែក​រុស្ស៊ីខាងលើនេះ គឺត្រូវបានយោធាសហរដ្ឋអាមេរិក​​អះអាងថា ជាប្រភេទ Tu-95 bombers មានចំនួន​ពីរគ្រឿង នឹងត្រូវអមរក្បួន​ដំណើរដោយ​យន្តហោះចម្បាំង​ពីរគ្រឿងទៀត​ប្រភេទ Su-35 ដែលសុទ្ធសឹងតែ​ជាយន្តហោះ​យុទ្ធសាស្ត្រ​ប្រកបដោយឥទ្ធិពល នៃកងទ័ពអាកាស​របស់រុស្ស៊ី​តែម្តង។

យន្តហោះរុស្ស៊ីទាំងនេះ ​​ត្រូវបា​ន​​យន្តហោះ​ចម្បាំងអាមេរិក​ចាប់សញ្ញាបាន​កាល​ពី​វេលាម៉ោង ១០៖០០នាទីយប់​ថ្ងៃអង្គារ (ម៉ោងនៅ​​សហរដ្ឋអាមេរិក) និងបាន​បញ្ជូន​​ដំណឹងនេះ​ ទៅកាន់កង​កម្លាំង​​នៃបញ្ជាការ​ដ្ឋានទ័ព​អាកាស ប្រចាំតំបន់​អាមេរិក​​ខាងជើង ដែលស្ថិតនៅគ្រប់គ្រងសន្តិសុខ និងទប់ស្កាត់​ការបង្កហេតុពីសំណាក់យោធារុស្ស៊ី ដែលជាមហាអំណាច​យោធាលំដាប់លេខ ២ លើលោក។

គួរបញ្ជាក់ថា យោងតាម​សេចក្តីថ្លែងការណ៍របស់យោធា​អាមេរិក យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក​របស់រុស្ស៊ី មិនបានចូលមកក្នុង​ដែនអាកាសអាមេរិក ឬក៏កាណាដា​នោះ​ឡើយ ដោយគ្រាន់តែបាន​ហោះមកក្បែរៗដែន​អាកាស នៃរដ្ឋអាឡាស្កា​តែ​ប៉ុណ្ណោះ ខណៈដែល​តំបន់មហាសមុទ្រ​ទឹកកកអាក់ទិក បានក្លាយជាគោលដៅ​ពង្រីកឥទ្ធិពល យោធា និងការត្រៀម​ដណ្តើមធនធានរួចទៅហើយ រវាងមហាអំណាច​នានាដូចជា សហរដ្ឋអាមេរិក ប្រទេសអឺរ៉ុបមួយចំនួន រុស្ស៊ី និងសូម្បីតែ​មហាយក្សចិន​។

ដោយឡែកកាល​ពីខែឧសភា​កន្លងទៅនេះ ក្រសួងការបរទេសរុស្ស៊ី​បានថ្លែងថា យន្តហោះទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95 និង Tu-142 ត្រូវបាន​រារាំងដោយ​យន្តហោះចម្បាំងអាមេរិក F-22 នៅដែលខ្លួនហោះហើរ​នៅលើដែនទឹក​អន្តរជាតិ នៃមហាសមុទ្រអាក់ទិក ប៉ុន្តែសហរដ្ឋអាមេរិក​បានជំទាស់ការចោទប្រកាន់នេះ និងអះអាងថា នេះជាការហោះល្បាត​ជាទូទៅតែ​ប៉ុណ្ណោះ៕

ចែករំលែក