ប្រទេសចិនអួតថា នឹងធ្វើឲ្យ​កំពង់ផែស្រីលង្កា «ក្លាយជាទីក្រុងគុជ​ប្រចាំមហាសមុទ្រ​ឥណ្ឌា»

0

 

(កូឡុំបូ)៖ សកម្មភាព​កសាង​យ៉ាងសស្រាក់សស្រាំ ជាមួយនឹងក្រុមវិស្វករសំណង់ និងគ្រឿងចក្រ​នានានោះ ទីក្រុងកំពង់ផែកូឡុំបូ (Colombo Port City) កំពុងឆ្ពោះ​ដំណើរក្លាយ​ទៅជា «ទីក្រុងគុជដ៏ចែងចាំង​ ប្រចាំ​មហាសមុទ្រ​ឥណ្ឌា» ហើយ​នេះ​ជាមុខមាត់​​មួយ នៃការអភិវឌ្ឍ​សេដ្ឋកិច្ចរបស់ប្រទេស​ស្រីលង្កា នៅលើឆាក​អន្តរជាតិតែ​ម្តង។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន China Daily ដែលត្រូវបាន​​ដកស្រង់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ឈានមកដល់​ពេលនេះ ដំណើរការសាកសង់ទីក្រុងកំពង់ផែ​របស់ស្រីលង្កា ក្រោយការជួយ​ពីប្រទេសចិននោះ គឺកំពុងតែដំណើរការ​ទៅមុននៅឡើយ ដោយស្ថិត​នៅក្នុងគំរោងទឹកប្រាក់ ១.៤ពាន់លានដុល្លារ នៅក្បែរកំពង់ផែកូឡុំបូតែម្តង ហើយវាគឺជាការវិនិយោគ​បរទេសដោយផ្ទាល់ (FDI) ធំជាងគេបង្អស់​នៅស្រីសង្កា។

ជុំវិញគំរោងដែល​កំពុងតែដំណើរការទៅយ៉ាងរលូននេះ លោក Chandana Gunawardena អនុប្រធានចាត់ចែង នៃគំរោងការសាងសង់ទីក្រុងកំពង់ផែកូឡុំបូ បានអះអាងកាលពីពេលថ្មីៗនេះថា «ក្នុងនាមជាជនជាតិ​ស្រីលង្កាមួយរូប ខ្ញុំពិតជា​មានមោទនភាព​ណាស់ ដែលបានចូលរួម​នៅក្នុងគំរោងការនេះ ហើយខ្ញុំកំពុង​សំឡឹង​មើលគំរោង​ទាំងមូល​ឈានទៅរក ការសម្រេចជោគជ័យ​ក្នុងពេល​ឆាប់ៗ…»។

គួរបញ្ជាក់ថា ទីក្រុងសេដ្ឋកិច្ចដ៏ថ្មី​សន្លាងប្រចាំប្រទេសស្រីលង្កានេះ គឺស្ថិតនៅទីក្រុង​ពីក្រោយកន្លែងស្តុកកុងតឺន័រ នៃកំពង់ផែអន្តរជាតិ​កូឡុំបូ ដែលកំពុងតែ​ធ្វើប្រតិបត្តិការ​ដោយក្រុមហ៊ុន​ចិន China Merchants Ports Holdings។ ដោយសារ​តែគំរោងការ​សាងសង់ទីក្រុងកំពង់ផែ​ថ្មីនេះ ជីវិតរបស់​លោក Chandana កាន់តែមានរស្មី ដោយសារតែ​ការងាររបស់លោក​មានស្ថិរភាព។ នេះបើតាម​ការចុះផ្សាយដោយ​សារព័ត៌មាន​គាំទ្ររដ្ឋភិបាល​ទីក្រុងប៉េកាំង។

បន្ថែមពីនេះទៀត ទីក្រុងកំពង់ផែ​​ខាងលើនេះ គឺត្រូវបានចាត់ទុកជាគំរោង​ដ៏ធំ​ដែលអាច​ជួយជម្រុញសេដ្ឋកិច្ច​របស់ប្រទេសស្រីលង្កា​ បានយ៉ាងសម្បើម ជាពិសេស​គឺកំណើននៃការវិនិយោគ​ពីវិស័យឯកជន។ អ្នកវិភាគក៏បាន​លើកឡើង​ផងដែរ ប្រជាជនស្រីលង្កា​ដែលរស់នៅក្រៅ​ប្រទេស និងកំពុងតែបម្រើ​ការងារនៅ​បរទេសនោះ នឹងមានការ​ចាប់អារម្មណ៍ ហើយវិលត្រឡប់​មកមាតុប្រទេសវិញ​កាន់តែ​ច្រើន៕

ចែករំលែក