ត្រៀមបើក​ឡើងវិញហើយ «ឧទ្យានជាតិ​ភ្នំភ្លើងលើកោះ​ហាវ៉ៃ» បន្ទាប់ពីបានរងគ្រោះធម្មជាតិ​ធ្ងន់ធ្ងរ (រូបភាពខាងក្នុង)

0

 

(ឡូសអាន់ជែឡេស)៖ ឧទ្យានជាតិភ្នំភ្លើង​នៃកោះហាវ៉ៃ ដែលស្ថិតនៅក្នុងដែនដីកោះ​នៃរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក នាកណ្តាលមហាសមុទ្រ​ប៉ាស៊ីហ្វិកនោះ ទីបំផុតត្រូវបាន​បើកឲ្យដំណើរវិញ​ហើយ បន្ទាប់ពីរយៈពេលបួនខែនៃ​ការរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំឡើង ដែលបានបង្កវិនាសកម្ម​ធំធេងកម្រមាន។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងទំព័រ Facebook ផ្លូវការរបស់ឧទ្យាន​ខាងលើនេះបានបង្ហោះ​យ៉ាងដូច្នេះថា «យើងកំពុងរៀបចំដើម្បី​បើកដំណើរការឡើងវិញ នៅថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ»។ បន្ថែមពី​ដំណឹងនេះ ផ្នែកគ្រប់គ្រងឧទ្យាន​ក៏បានបង្ហាញនូវផែនទី​ផងដែរ ដែលបង្ហាញពីតំបន់ ក៏ដូចជាផ្លូវចូលឧទ្យាន ដែលនឹងត្រូវអនុញ្ញាត​ឲ្យធ្វើដំណើរ និងចូលកម្សាន្ត​ឡើងវិញ ហើយថ្ងៃទី២២ ខែកញ្ញានេះ គឺចំថ្ងៃបុណ្យជាតិ​មួយរបស់សហរដ្ឋអាមេរិក​ផងដែរ នោះគឺ «ទិវាដីសាធារណជាតិ​សហរដ្ឋអាមេរិក»។

បន្ថែមពីខាង​លើនេះ តំបន់ដែលមិនត្រូវបាន​បង្ហាញនៅក្នុងផែនទីនោះ គឺមានន័យថា វានៅតែបន្តបិទ​ជាបណ្តោះអាសន្ន ព្រោះតំបន់ទាំងនោះ​នៅតែស្ថិតក្នុងស្ថានភាព​គ្រោះថ្នាក់​នៅឡើយ។ ក៏មានសេចក្តីព្រមាន​ផងដែរពីឧទ្យានខាងលើ នោះគឺគេបាន​តំបន់ភ្នំភ្លើង​សំខាន់ កាឡូអៀ (Kilauea) ដែលជាកន្លែង​ធ្លាប់​ស្វាគមន៍ទេសចរនោះ គឺបច្ចុប្បន្ន​នៅតែបន្តស្ថិត​​ក្រោម​ឥទ្ធិពលនៃកម្លាំង​​ធម្មជាតិ ដែលមិនអាច​ព្យាករណ៍​បាន ដូច្នេះហើយ​វា​នឹង​បន្ត​បិទទ្វារ​ដដែល មិនអាចស្វាគមន៍​ទេសចរបានឡើយ។

គួរបញ្ជាក់ថា ដោយសារតំបន់​ខាងលើនេះមិនទាន់មាន​ស្ថិរភាព និងធ្លាប់​ទទួលរងគ្រោះ​ធម្មជាតិដ៏អាក្រក់​នោះ រថយន្ត និងមនុស្សសរុបក្នុង​ទម្ងន់លើសពី ៦,៧៥០គីឡូក្រាម មិនត្រូវអនុញ្ញាត​ឲ្យចូលក្នុងឧទ្យាន​នោះឡើយ នៅពេលដែលវា​បើកដំណើរការឡើង​វិញនៅថ្ងៃទី២២ ខែកញ្ញា។ ភ្នំភ្លើង កាឡូអៀ បានផ្ទុះឡើង​កាលពីអំឡុងខែឧសភា ដែលធ្វើតំបន់​ពីរភាគបី នៃឧទ្យានទាំងមូល​ត្រូវរងគ្រោះ និងបិទជា​បណ្តោះអាសន្ន ព្រមទាំងបង្ក​ការខាតបង់រហូត​ដល់ ២០០លានដុល្លារ​អាមេរិកទៀតផង៕

ចែករំលែក