រកឃើញម្ជុល​ក្នុងផ្លែស្ត្ររប៊ឺរី នៅទូទាំង​ប្រទេសអូស្ត្រាលី​តែម្តង! ពេលនេះ​អាជ្ញាធរកំពុង​ស៊ើប​អង្កេត (រូបភាពខាងក្នុង)

0

 

(ស៊ីដនី)៖ ដំណាំប្រកប​ដោយសក្តានុពល និងជានិមិត្តរូបមួយ​ផងដែរ​សម្រាប់ប្រទេស​អូស្ត្រាលីនោះ ពេលនេះកំពុងតែទទួល​រងគ្រោះយ៉ាងដំណំ​ហើយ ក្រោយពី​មានសេចក្តីរាយការណ៍​ពីអ្នកចែកចាយ និងបរិភោគទូទាំងប្រទេសថា ពួកគេបាន​ប្រទះឃើញ​ម្ជុល​បង្កប់ក្នុងផ្លែឈើ​ប្រភេទនេះ​ស្រស់ៗ​តែម្តង។ នេះបើតាមការ​ចេញផ្សាយ​ដោយ ស៊ីនហួរ នាព្រឹក​ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

ជុំវិញបញ្ហាដ៏គួរ​ឲ្យព្រួយបារម្ភ និងចម្លែកខាង​លើនេះ រដ្ឋមន្ត្រីសុខាភិបាល​អូស្ត្រាលី​លោក ក្រេក ហាន់ត៍ (Greg Hunt) បានចេញ​មុខបញ្ជាឲ្យមន្ត្រីមានសមត្ថកិច្ច ចេញ​ធ្វើការស៊ើបអង្កេត​​រកមូលហេតុពិត​ប្រាកដ អំពីការរកឃើញម្ជុលដេរ និងម្ជុលខ្ទាស់​នៅក្នុងផែស្ត្ររប៊ឺរី​នៅទូទាំងប្រទេស​តែម្តង ខណៈក្រុមហ៊ុន​ដែល​ចែកចាយ​ផល្លានុផល​ស្ត្ររប៊ឺរីល្បីៗ​ពេលនេះ គឺមាន​ចំនួន០៦។

នៅពេលនេះប៉ូលិស​កំពុងតែចាប់ផ្តើមធ្វើការស៊ើប​អង្កេតហើយ ដោយតំណាក់ដំបូងគេ​បាន​សន្និដ្ឋានថា បុគ្គលិកមួយចំនួន​ដែលមិនសប្បាយចិត្ត​នឹងការងារ ឬក៏កើតមាន​បញ្ហាផ្លូវចិត្ត​នោះ ទំនងជាស្ថិតនៅពីក្រោយ​ការបង្កគ្រោះថ្នាក់​ដល់អ្នកបរិភោគ តាមរយៈទង្វើដ៏​សាហាវខាងលើនេះ។ បន្ថែមពីនេះ​អង្គការសុវត្ថិភាព​ចំណីអាហារ​អូស្ត្រាលី-នូវែលសេឡង់ ដែលហៅ​កាត់ថា FSANZ ត្រូវបានស្នើ​ឲ្យចេញមុខដោះ​ស្រាយ​បញ្ហានេះ​ជាមួយនឹងអាជ្ញាធរអូស្ត្រាលី ដើម្បីតាម​ដានរកមូលហេតុ​ពិតប្រាកដ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាលអូស្ត្រាលី បានអំពាវនាវឲ្យមហាជនមាន​ភាពស្ងប់ស្ងាត់ និងរង់ចាំលទ្ធផលនៃការស៊ើបអង្កេត ហើយអាជ្ញាធរសន្យាការពារ​សុខសុវត្ថិភាពជា​សាធារណៈតែម្តង។ លោកបានបន្ថែមថា ការប្រព្រឹត្តបទល្មើស តាមរយៈការយក​ម្ជុលចាក់ចូលផ្លែ​ស្ត្ររប៊ឺរី​នេះ ច្បាស់ណាស់ថា មានគោលដៅ​បំផ្លាញមុខមាត់​នៃវិស័យកសិកម្ម​អូស្ត្រាលី និងអតិថិជន​របស់យើង៕

ចែករំលែក