ទីក្រុងភ្នំពេញ​កំពុងអភិវឌ្ឍន៍​ស្ទើរតែមើលលែង​ស្គាល់ ដោយសារតែ​ការវិនិយោគ​របស់ចិន!

0

 

(ញូយ៉ក)៖ រាជធានីភ្នំពេញ​នៃប្រទេស​កម្ពុជា ​បច្ចុប្បន្នហាក់​កំពុងមានការអភិវឌ្ឍ​យ៉ាងឆាប់រហ័សបំផុត​ក្នុងវិស័យអចលនទ្រព្យ​ ដោយ​សារ​តែ​​ការ​ជះលុយវិនិយោគ​ដូចទឹកបាក់ទំនប់​ពីប្រទេសចិន ហើយទិដ្ឋភាពក្នុងទីក្រុង​​ពេលនេះ បានធ្វើឲ្យអ្នកធ្លាប់​មកទស្សនាភ្នំពេញ​កាលពីប៉ុន្មានឆ្នាំមុន ចំណាំទីក្រុងនេះ​លែងបានតែម្តង។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មាន Bloomberg ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ជនបរទេសមួយ​​ចំនួន ដែលបានធ្វើដំណើរទស្សនកិច្ច​​នៅទីក្រុងភ្នំពេញ​បាន​លើកឡើង​ថា ទីក្រុងដែលធ្លាប់​ស្ថិតក្រោយអាណានិគមបារាំង និងមានសល់ដាន​នៃសំណង​ចាស់ៗ​នៃសម័យ​បារាំងគ្រប់គ្រង ព្រមទាំងសម័យសង្គមរាស្ត្រ​និយមនៃទសវត្សរ៍ ១៩៦០ នោះ ពេលនេះត្រូវបាន​ជំនួសមកវិញនូវ​អគារប្រណិត និងខ្ពស់កប់​ពពក។ «ដំណើរការ​អភិវឌ្ឍនេះ​ពិតជាមិនគួរឲ្យជឿ​នោះឡើយ…។ អគារ និងខុនដូរីក​ដុះដាលពេល​នេះ​ គឺច្រើនលើសពីតម្រូវការ​ទៅហើយ…។ សំណង់​បុរាណៗ ត្រូវបានជំនួស​មកវិញ​ដោយខុនដូ​ខ្ពស់ៗថ្លៃៗ…»។ នេះបើតាមសម្តី​លោកស្រី​ Ross Wheble ប្រធាន​ក្រុមហ៊ុន Knight France អន្តរជាតិ។​

នៅពេល​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទៅធ្វើទស្សនកិច្ច​នៅទីក្រុងភ្នំពេញ កាលពី​ខែតុលា ឆ្នាំ២០១៦ ដើម្បីពង្រីកគម្រោង​​​ខ្សែក្រវាត់ និងផ្លូវរបស់លោកនោះ មហាយក្សលេខ​ ១ នៅអាស៊ីនេះ​បាននាំយក​មកជាមួយ នូវ​វិនិយោគិន​ជាង​ ២០០នាក់ ដែលមានចំណាប់​អារម្មណ៍ជាខ្លាំង ក្នុងការ​​សាងសង់​អគារខ្ពស់ៗជាមួយ​ទឹកប្រាប់​រាប់ពាន់​លានដុល្លារ ឲ្យដុះត្រដែតឡើង​នៅក្នុងរាជធានី​ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងគម្រោង​អចលនទ្រព្យ​​​យ៉ាងច្រើនសន្ធឹកសន្ធាប់​របស់ចិន ក៏រួមមានការកសាង​អគារពាណិជ្ជកម្មភ្លោះ​កម្ពស់​ ១៣៣ជាន់ តម្លៃ ២.៧ពាន់​លាន​ដុល្លារ ដែលនឹងត្រូវចាត់​ទុកជាអគារដ៏ខ្ពស់បំផុតមួយ នៅលើពិភពលោក​ផងដែរ។ ពេលនេះទីក្រុងរបស់កម្ពុជា​កំពុងតែស្ថិតនៅក្នុងតំណាក់នៃការអភិវឌ្ឍអចលនទ្រព្យ ដែលលឿនបំផុតនៅលើ​សកលលោក ហើយយើងត្រូវអរគុណដល់វិនិយោគិនចិន និងអតិថិជនក៏ជាចិន។

ទន្ទឹមនឹងនេះ សំណង់អគារខ្ពស់​​នៅក្នុងរាជធានីភ្នំពេញ កំពុងតែបន្តរីកសុះសាយ​កាន់តែច្រើនថែម​ទៀត ខណៈកាលពី​នៅមុនឆ្នាំ​២០១១ ទីក្រុងនេះ​ពុំមានសំណង់​អគារណា ដែលមានកម្ពស់​លើសពី ១៥​ជាន់នោះឡើយ ហើយក្រុមហ៊ុន និងអាជីវកម្មភាគច្រើន បានប្រកបមុខ​ជំនួញចេញពីអគារ​ទាបធម្មតាៗ​ប៉ុណ្ណោះ។ អ្វីដែលគេបានដឹងនោះ គឺប្រជាជនខ្មែរភាគតិចណាស់ ដែលមានលទ្ធភាពនៅក្នុង​ការទិញខុនដូប្រណិតៗ ឬអគារលំនៅដ្ឋាន និងអាជីវកម្មលំដាប់ខ្ពស់។

បើតាមការចេញផ្សាយដោយ Bloomberg ឧទាហរណ៍ជាច្រើននៅប្រទេសស្រីលង្កា និងបណ្តាប្រទេសអាហ្វ្រិកមួយចំនួនទៀត បានធ្វើឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad កាលពីខែមុននេះ ចេញសេចក្តីព្រមានជាសាធារណៈអំពី​ការដាក់អាណានិគមបែបថ្មី​ របស់ជនជាតិចិនមកលើបណ្តាប្រទេសមួយចំនួន ជាពិសេស​គឺការពង្រីការវិនិយោគ និងអនុញ្ញាតឲ្យជនជាតិខ្លួនមករស់នៅយ៉ាងច្រើន​កុះករតែម្តង។

ហេតុដូច្នេះទើបលោក Mahathir បានដាក់ចេញនូវបម្រាមមិនឲ្យជន​បរទេសក្រៅពីជនជាតិម៉ាឡេស៊ី ទិញនូវអចលនទ្រព្យ​ពីគម្រោងអភិវឌ្ឍន៍​ទីក្រុង​ព្រៃឈើជាប់ឆ្នេរ​សមុទ្រតម្លៃ ១០០ពាន់លាន​ដុល្លាររបស់ចិន ដែលត្រូវបានចុះកិច្ចព្រម​ព្រៀងកាលពីជំនាន់​​អតីតនាយករដ្ឋមន្ត្រីលោក ណាជីប នោះឡើយ។ ប៉ុន្តែក្រោយមក​ទៀតដោយសារតែការធ្វើនោះ នឹងនាំឲ្យប៉ះពាល់ដល់គំរោងខាងលើនេះជាខ្លាំង ទើបលោក Mahathir បានបន្ធូរបន្ថយ ដោយអនុញ្ញាត​ឲ្យជនបរទេស​អាចទិញ​បានដដែល ប៉ុន្តែអាជ្ញាធរ​ម៉ាឡេស៊ី នឹងមិនផ្តល់​ទិដ្ឋាការនោះ​ឡើយ៕

ចែករំលែក