ដើម្បីឲ្យសមឈ្មោះ​ជាផលិតផល​ក្នុងស្រុកនោះ សូម្បីតែកង់​យន្តហោះ C919 ក៏ត្រូវផលិត​នៅក្នុងប្រទេស​ចិន​ដែរ!

0

 

(ប៉េកាំង)៖ កង់ដំបូងបំផុត​ដែលផលិតឡើងក្នុងប្រទេស​ចិនផ្ទាល់ សម្រាប់យន្តហោះដឹក​អ្នកដំណើរធុនធំ C919 ត្រូវបានប្រគល់​ទៅ​ឲ្យ​​​​ក្រុមហ៊ុន​ផលិតយន្តហោះនេះ ក្រោយពីបានឆ្លង​កាត់ការធ្វើតេស្ត​យ៉ាងហ្មត់ចត់ ​ជាច្រើនលើក​ដោយជោគជ័យ។ នេះបើតាម​ការដក​ស្រង់​ការផ្សាយ​ ចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

កង់សម្រាប់ចុះចត​ទាំងមុខទាំងក្រោយ ដែលចិនផលិតឡើង​ក្នុងស្រុកនេះ បានឆ្លងកាត់​ធ្វើសាកល្បង​ជាច្រើន​លើក​ច្រើនសា មុន​​ពេល​​ត្រូវ​បាន​ប្រគល់ទៅ​ឲ្យក្រុមហ៊ុន COMAC ដែលជាអ្នកអភិវឌ្ឍន៍​​យន្តហោះ C919 ដោយពួកវាត្រូវ​បានផលិត​ឡើង ដោយក្រុមហ៊ុន​ចិន​-​អាល្លឺម៉ង់ Liebherr LAMC Aviation ដែលមានទីតាំង​នៅក្រុង ឆាងសា (Changsha) នៃខេត្ត ហ៊ូណាន (Hunan) ភាគកណ្តាល​ប្រទេសចិន ដែលមានឯកទេស​ខាង​អភិវឌ្ឍន៍​ប្រព័ន្ធកង់ចុះចត សម្រាប់គម្រោង​​​ផលិតយន្តហោះ​​របស់ចិន។

គួរជម្រាបថា កម្មវិធីនៃការអភិវឌ្ឍ​យន្តហោះ C919 បានចាប់ផ្តើម​កាលពី​ឆ្នាំ២០០៨ ហើយដំណើរការ​ផលិតយន្តហោះ​សាកល្បង​​ដំបូង​ បានប្រព្រឹត្តទៅកាលពី​ចុងឆ្នាំ២០១១ ខណៈយន្តហោះនេះ​បានចេញជារូបរាង​ នៅខែវិច្ឆិកា ឆ្នាំ២០១៥ និង​ហោះហើរ​ធ្វើតេស្តលើ​អាកាស​ជា​លើកដំបូង កាល​ពីខែឧសភា ឆ្នាំ២០១៧។

កាលពី​ខែកក្កដាកន្លង​ទៅនេះ យន្តហោះ C919 គ្រឿងទី ២ ទើបតែបានធ្វើ​ការហោះហើរ​ផ្លូវ​ឆ្ងាយថែមទៀត ហើយនាពេល​កន្លងទៅ ក្រុមហ៊ុន​ទាំងក្នុងស្រុក និងអន្តរជាតិ​​ក៏បានកក់ទិញយន្តហោះ​​ប្រភេទនេះ ​​រាប់រយគ្រឿង​រួចទៅ​ហើយដែរ៕

ចែករំលែក