ដោយសារនរណា? ត្រីបាឡែនយក្សពីរក្បាលងាប់ ដោយក្នុងពោះសុទ្ធតែសំរាមប្លាស្ទីក និងបំណែករថយន្ត!

0

 

(អាល្លឺម៉ង់)៖ ទង្វើបំផ្លាញបរិស្ថាន​សមុទ្ររបស់មនុស្សលោក​ទាំងឡាយ កាន់តែបង្កគ្រោះ​ថ្នាក់ធ្ងន់ធ្ងរឡើងៗ​ហើយ ដោយជាក់ស្តែង​ពេលនេះត្រីបាឡែកចំនួន​ពីរក្បាល បានអណ្តែតមក​ស្លាប់នៅលើឆ្នេរ​សមុទ្រនៃប្រទេសអាល្លឺម៉ង់ និងកំពុងបង្ក​ការភ្ញាក់ផ្អើល ថែមទាំង​អាណិតអាសូ​យ៉ាងខ្លាំងពីសំណាក់​ក្រុមអ្នកស្រឡាញ់​បរិស្ថានធម្មជាតិ។ នេះបើតាមការ​ចេញផ្សាយដោយ វែបសាយ Captain Planet ដែលត្រូវបាន​ដកស្រង់នៅយប់​ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

មហន្តរាយដូចខាង​លើនេះមិនមែនទើបតែកើត​ឡើងនោះឡើយ ដោយកាលពីខែមករា ឆ្នាំ២០១៨ ត្រីបាឡែន​សរុប ២៩ក្បាល បានហែល​មកទើលើឆ្នេរ North Sea នៃប្រទេស​អាល្លឺម៉ង់ផងដែរ ហើយកាលណោះ​ក្រុមអ្នកអភិរក្សបរិស្ថាន បានចេញ​សេចក្តីព្រមាន​អំពីការបំពុល​បរិស្ថានកាន់​តែធ្ងន់ធ្ងរ ដែលបង្កឲ្យ​មច្ឆជាតិរង​គ្រោះដ៏អាក្រក់បំផុត។

សម្រាប់ការ​ប្រទះឃើញត្រីបាឡែន​យក្សពីរក្បាលងាប់លើឆ្នេរ កាលពីពេលថ្មីៗនេះ​បានបង្ក​ឲ្យអ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់មាន​ការភ្ញាក់ផ្អើល ហើយអ្វីដែល​គួរឲ្យសង្វេគជាងនេះ​ទៅទៀតនោះ គឺក្នុងពោះរបស់ពួកវា​សុទ្ធតែជាកាក​សំណក់ និងកម្ទេច​កម្ទីប្លាស្ទីក ដោយក្នុងនោះ​រួមមានទាំង​សំណាញ់​រហូតដល់ប្រវែង ១៣ម៉ែត្រថែម​ទៀតផង ព្រមទាំងបំណែក​រថយន្តប្រវែងជិត​មួយម៉ែត្រ។

មនុស្សមួយចំនួន​បានបញ្ចេញមតិយោបល់​ទាំងកំហឹងថា ពពួកសត្វសមុទ្រ​ទាំងនោះបាន​ស៊ី​កម្ទេចកម្ទីសំរាម​ដែលមនុស្សម្នាបានបោះចោល​ក្នុងសមុទ្រ ក៏ព្រោះតែពួកវាគិតថា ជាចំណីដែល​វាអាចស៊ីបាន។ មនុស្សជាច្រើនទៀ​តបានធ្វើការស្តីបន្ទោស​តែម្តង ទៅលើ​ទង្វើបំផ្លាញបរិស្ថានធម្មជាតិ ដូចជាការបង្ហូរកាកសំណល់ និងចោលសំរាមគ្រប់ប្រភេទទៅក្នុង​សមុទ្រ ដែលជាហេតុធ្វើ​ឲ្យកាកសំណល់កាន់​មានច្រើនឡើងៗ នៅគ្រប់ទិសទី​នៃផ្ទៃសមុទ្រ។

គួរបញ្ជាក់ថា នេះមិនមែន​ជាលើកទី ១ នោះទេ ដែលគេបានឃើញ​ប្រភេទសត្វ​ចិញ្ចឹមកូន​ដោយទឹក​ដោះ​នេះ ត្រូវបានស្លាប់ដោយសារតែ​កាកសំណល់ប្លាស្ទិក ដោយកាលពីឆ្នាំ២០១១ សត្វត្រីបាឡែនប្រភេទខាងលើ តែមានវ័យក្មេងជាង បានងាប់ និងអណ្តែតនៅលើទឹកសមុទ្រ​ក្បែរឆ្នេររបស់ Mykonos នៃប្រទេសក្រិក។ នៅក្នុងពោះរបស់វាមានផ្ទុកកាកសំណល់ និងធាតុប្លាស្ទិករហូតដល់ទៅ ១០០បំណែក៕

ចែករំលែក