រុក្ខជាតិ​តែមួយគត់​នៅប៉ូលខាង​ត្បូង​​ផែនដី កំពុង​រង​ការគំរាមកំហែង​ដោយ​ការឡើងកម្តៅ​សកល (រូបភាពខាងក្នុង)

0

 

(ឡុងដ៍)៖ បម្រែបម្រួល​អាកាសធាតុ ដែលជាបញ្ហា​ដ៏ក្តៅគគុកមួយ​នៅលើពិភពលោក ត្រូវបានអ្នកវិទ្យាសាស្រ្ត​អះអាងថា កំពុង​តែបង្ក​ការ​​បំផ្លិច​បំផ្លាញ វាលរុក្ខជាតិ​ស្លែដ៏​ចំណាស់នៅតំបន់​ទឹកកក​អង់តាកទិច។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មាន BBC នៅល្ងាច​ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

ការអះអាង​ខាងលើ ត្រូវបានសន្និដ្ឋានឡើង​ដោយផ្អែកទៅលើ​​ការសិក្សា ដែលចំណាយ​ពេលជាង ០១ទសវត្សរ៍ ហើយលទ្ធផល​រក​ឃើញបាន​បង្ហាញថា តំបន់រុក្ខជាតិ​នៅអង់តាកទិក​ភាគខាងកើត កំពុងតែមានការ​ប្រែប្រួលយ៉ាងឆាប់​រហ័ស ដោយសារតែអាកាស​ធាតុ​ដែលកាន់តែ​ក្តៅទៅៗ។

នៅពេលលឺពាក្យថា «អង់តាកទិក» អ្នកទាំងអស់គ្នាច្បាស់ជារំពឹង​ពីទស្សនីយភាព​នៃផ្ទាំងទឹកកកពណ៌សតែមួយមុខប៉ុណ្ណោះ ប៉ុន្តែនៅតាម​តំបន់ខ្លះ​ក៏មានវត្ត​មាន​រុក្ខជាតិបៃតង​ផងដែរ ដោយពួកវាជា​ប្រភេទស្លែ ដែលផុសឡើង​ចេញពី​ក្រោមព្រិល​ទឹកកក​ទាំងនោះ សម្រាប់អំឡុង​ពេលប្រហែលជា ​០៦សប្តាហ៍ ពោលគឺមួយ​រដូវកាល​របស់វា។

ខណៈតំបន់អង់តាកទិក​ខាងលិច និងឧបទ្វីបអង់​តាកទិក ស្ថិតក្នុងចំណោម​កន្លែងកើនឡើងកម្តៅ​លឿនបំផុតនៅលើ​ផែនដី តំបន់​អង់តាកទិក​ខាងកើត នៅមិនទាន់ទទួលរង​ឥទ្ធិពលខ្លាំងពី​ ការកើនឡើង​កម្តៅអាកាសធាតុ នៃផែនដី​នៅឡើយទេ។ ដូច្នេះហើយ អ្នក​វិទ្យាសាស្រ្ត​មិនបានរំពឹង​នោះទេថា នឹងឃើញមាន​ការប្រែប្រួលខ្លាំង​ នៃរុក្ខជាតិនៅទីនោះ។ ប៉ុន្តែក្រោយ​ទទួលបានលទ្ធផល​​នៃ​ការ​សិក្សា​ខាងលើ អ្នកស្រាវជ្រាវ មានការភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​ពួកគេមើលឃើញថា វាមានការប្រែប្រួល​លឿន​កម្រិត​ណា​។​

គួរជម្រាបថា គិតចាប់តាំងពី​ឆ្នាំ២០០០មក អ្នកវិទ្យាសាស្រ្ត​បានសង្កេតឃើញថា វាលស្លែនៅតំបន់​អង់តាកទិច បានប្រែប្រួល​ពី​ពណ៌​បៃត​ទៅជាពណ៌ក្រហម ហើយអាចទៅ​ជាពណ៌ប្រផេះ ប្រសិនបើពួកវាទទួល​រងឥទ្ធិពលធ្ងន់ធ្ងរ​កាន់តែខ្លាំង។ ការប្រែពណ៌​ទៅជា​ក្រហម​ គឺជាលទ្ធផលនៃការ​ផលិតសារធាតុការពារ​ខ្លួនរបស់ពួកវា ហើយនៅពេល​ឈានដល់ពណ៌ប្រផេះ​មានន័យថា ពួកវានឹងងាប់ឆាប់ៗ។ ​


បន្ថែមពីនេះអ្នកវិទ្យាសាស្រ្ត​បានរកឃើញ​ភស្តុតាងបញ្ជាក់ទៀតថា ការប្រែប្រួល​នៅតំបន់អង់តាកទិកខាងកើត គឺបណ្តាលមកពីឥទ្ធិពលរួមគ្នា​នៃបម្រែបម្រួល​អាកាសធាតុ និងការបាត់បង់ស្រទាប់​ការពារអូហ្សូន​របស់ផែនដី ដែលហេតុបង្ក​ឲ្យពន្លឺអាក្រក់ៗពីព្រះអាទិត្យ អាចគំរាមកំហែង​ទៅតំបន់ប៉ូលខាងត្បូង​របស់ផែនដី៕

ចែករំលែក