ទីបំផុតស្គាល់​ប្រភេទហ្វូស៊ីល​ដាយណូស័រធំ​បំផុតហើយ ដែលទើប​ត្រូវបានរកឃើញ​នៅអាហ្វ្រិក (រូបភាព​ខាងក្នុង)

0

 

(អាហ្រ្វិក)៖ របកគំហើញ​នាពេលថ្មីៗនេះ នៃផ្ទាំងហ្វូស៊ីល​របស់​អម្បូរ​សត្វ​ដាយណូស័រថ្មី​មួយប្រភេទ នៅក្នុងប្រទេស​អាហ្រ្វិកខាង​ត្បូង គឺជាដាយណូស័រ មានជាប់ខ្សែស្រឡាយ​ជាមួយអម្បូរ Brontosaurus ដែលមានទម្ងន់​ ២៦,០០០ផោន (១១,៨០០គីឡូក្រាម) ពោលគឺស្មើ​​នឹង​សត្វដំរីធំៗនៅអាហ្រ្វិក​ពីរដង។ នេះបើតាម​ការដកស្រង់​ការផ្សាយ ចេញពីវែបសាយ CNN នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមអ្នកស្រាវជ្រាវ​បានដាក់ឈ្មោះ​ឲ្យវាថា ឡេឌូម៉ាហាឌី ម៉ាហ្វូប (Ledumahadi mafube) ដែលក្នុង​ភាសា Sesotho របស់អាហ្រ្វិក​ខាងត្បូង​មានន័យថា ជាស្នូរ​រន្ទះ​យក្សនាព្រឹក​ព្រលឹម ហើយឈ្មោះនេះ​ជាការឆ្លុះបញ្ចាំង​ពីទំហំដ៏ធំសម្បើម​របស់វា ព្រមទាំងស្តែង​ពីធាតុពិតដែលថា អម្បូរ​របស់វា​​បាន​បង្ហាញខ្លួនតាំង​ពីកំណើតដំបូង​ នៃអម្បូរដាយណូស័រ​កវែងធំៗ Brontosaurus មកម្ល៉េះ។ អ្វីដែលពិសេស​ទៀតនោះ Ledumahadi mafube កាលពី ២០០លានឆ្នាំមុន គឺជាសត្វលើគោក​ដ៏ធំជាងគេបំផុត។

គួរជម្រាបថា កាលពីឆ្នាំ២០១២ កំណត់ឆ្អឹងនៃ​សត្វដាយណូរដែល​គេពុំស្គាល់ត្រូវបាន​​រកឃើញ​​ជាលើកដំបូង ហើយក្រោយមក​ក៏​មាន​​​រកឃើញនៃ​ផ្ទាំង​ហ្វូស៊ីល​របស់សត្វដាយណូ​ស័រពេញវ័យមួយតែម្តង ដែលវាទំនង​ជាបានងាប់នៅពេលមានអាយុ​ប្រហែល​ ១៤ឆ្នាំ។ Ledumahadi មានជាប់ខ្សែ​ស្រឡាយជិត​នឹងអម្បូរ Sauropod ដូចទៅ​នឹងអម្បូរ Brontosaurus និងអម្បូរ​ដទៃដែរ ដែលស៊ីរុក្ខជាតិ​ជា​អាហារ​ហើយដើរ​ជើងបួន។ ប៉ុន្តែ​ផ្ទាំង​ហ្វូស៊ីលនេះ បង្ហាញថា ពួកវាបាន​ធ្វើការវិត្តន៍​មុន និងឯករាជ្យ​ពីអម្បូរ Sauropods៕

ចែករំលែក