ចូរប្រយ័ត្ន! ក្រុម Hackers កំពុង​លុកលុយ Facebook ទៀត​ហើយ ខណៈគណនី​អ្នកប្រើប្រាស់​៥០លាននាក់​ជួបបញ្ហា!

0

 

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានឱ្យដឹងថា ក្រុម Hackers បានលុកលុយ​ចូលប្រព័ន្ធ login codes ដោយ​អនុញ្ញាតពួកគេ​គ្រប់គ្រងគណនី​របស់អ្នកប្រើប្រាស់ជិត ៥០លាននាក់ ហើយដែលនេះ​គឺជាការបែកធ្លាយទិន្នន័យ​ដ៏អាក្រក់ចុងក្រោយ​បំផុត របស់ក្រុមហ៊ុនបណ្ដាញ​ទំនាក់ទំនងសង្គម​ដ៏ធំមួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមហ៊ុន Facebook ដែលមាន​អ្នកប្រើប្រាស់​ជិត ២.២ពាន់លាននាក់ បានបញ្ជាក់ទៀតថា ខ្លួនមិនទាន់​អាចកំណត់បានថា តើក្រុម Hackers បានប្រើបា្រស់​មិនត្រឹមត្រូវ ឬក៏លួចទិន្នន័យពីគណនីឯកជន​ដែលពួកគេ​បាន Hack នៅ​ឡើយទេ។ មិនតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​យក្សមួយនេះ ក៏ទាន់អាចបញ្ជាក់ពី​អត្តសញ្ញាណ​ក្រុម Hackers ក៏ដូចជា​ទីតាំងរបស់ពួកគេ ឬក៏ជន​រងគ្រោះ​នោះទេ ខណៈភាគហ៊ុន​របស់ក្រុមហ៊ុន​បានធ្លាក់ចុះអស់ ២.៦ភាគរយ កាលពី​ថ្ងៃសុក្រ​នៅផ្សារ​ហ៊ុន Wall Street។

ទោះបីជាយ៉ាង​នេះក្ដី Facebook បានសន្និដ្ឋាន​ជំហានបឋមថា ក្រុម Hackers អាចប្រើប្រាស់​កម្មវិធី View As ឬក៏តាមរយៈកម្មវិធី ព្រមទាំង​វែបសាយណា ដែលម្ចាស់គណនី​ប្រើប្រាស់​ភ្ជាប់​ជាមួយ Facebook។ នៅក្នុងបញ្ហានេះ គណនីរបស់អ្នកប្រើប្រាស់​មួយចំនួន នៅទូទាំងសកលលោក​ត្រូវបាន Log out ដោយឯក​ឯង​ដោយខ្លះ​ត្រូវបាន Facebook តម្រូវ​ឲ្យ Log in ឡើងវិញ ហើយមួយចំនួន​ទៀតនៅ​មានបញ្ហា​មិនអាច Log in បានឡើយ៕

ចែករំលែក