ព្យុះទីហ្វុង​កំណាចកំពុង​វាយលុកជប៉ុន ដោយមើលពី​ទីអវកាសពិតជាគួរឲ្យ​​ញញើត! (រូបភាពខាងក្នុង)

0

 

(តូក្យូ)៖ រូបភាព ដែលអវកាសយានិកអឺរ៉ុប Alexander Gerst ទើបតែ​បង្ហោះនៅក្នុង Twitter បានបង្ហាញអំពីស្ថានភាព​ខ្មួលខ្មាញ់ និងគួរឲ្យព្រឺព្រួចរកអ្វីថ្លែងពុំបាន​​ចំពោះ​ព្យុះ​ទីហ្វុង Trami ដែលកំពុង​តែបោកសង្គ្រប់លើ​កោះអូគីណាវ៉ា និងត្រៀម​ឆ្ពោះ​ទៅរក​ដែនដី​កោះ​ធំៗរបស់ជប៉ុន​បន្ថែមទៀត នៅរសៀល​ថ្ងៃសៅរ៍នេះ​តែម្តង។ នេះបើតាម​ការ​ចេញផ្សាយដោយ​​វែបសាយ Space នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

រូបភាពមួយចំនួនដែលត្រូវបានបង្ហាញនោះ គឺមិនសូវខុសពីព្យុះកួចនៅលើភពផ្សេងៗ​ទៀតនោះឡើយ ប៉ុន្តែបើពិនិត្យបន្តិច វាប្រៀបដីដូចជាទឹកកំពុងតែហូរធ្លាក់ចូលទៅក្នុង​ជ្រោះមួយ ជាលក្ខណៈកួចតែម្តង។ ព្យុះទីហ្វុង Trami នេះគឺស្ថិតនៅក្នុងកម្រិតទី ៥ ជាព្យុះដែលគ្មានអ្វីមកបញ្ឈប់បានឡើយ ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រនៅស្ថានីយ​អវកាស អន្តរជាតិ ISS ក៏កំពុងតែអង្កេតចលនាព្យុះនេះពីទីអវកាសផងដែរ។

ព្យុះទីហ្វុង​ដ៏មានឥទ្ធិពលមួយ​ឈ្មោះ ត្រាមិ (Trami) បានវាយប្រហារ​លើកោះអូគីណាវ៉ា​ នៃភាគខាងត្បូង​ប្រទេសជប៉ុន​នៅថ្ងៃសៅរ៍នេះ ដោយបណ្ដាលឱ្យ​មនុស្ស ០៥នាក់រងរបួស ខណៈមន្ត្រី​ឧតុនិយមព្រមា​នថា ព្យុះដ៏កំណាច​នេះអាចនឹងបន្តមាន​ឥទ្ធិពល​នៅរហូត ដល់​ថ្ងៃចន្ទសប្តាហ៍ក្រោយ។

យោងតាម​អាជ្ញាធរឧតុនិយម​ជប៉ុន ព្យុះទីហ្វុង Trami បានបក់បោក​ក្នុងល្បឿនខ្យល់​អតិបរមា ២១៤គីឡួម៉ែត្រ​មួយម៉ោង ដោយនាំ មកជា​មួយនូវភ្លៀងធ្លាក់យ៉ាងសន្ធប់ ដូចគេចាប់ហែក​មេឃផង​ដែរ។ មិនតែប៉ុណ្ណោះ វាបានបង្ខំ​ឱ្យអាជ្ញាធរជប៉ុន​ជម្លៀសមនុស្ស ៦០០នាក់ ទៅរក​កន្លែងមាន​សុវត្ថិភាព នៅ​តាមជំរុំស្នាក់នៅបណ្ដោះ​អាសន្ន​លើកោះ អូគីណាវ៉ា ស្របពេល​ផ្ទះសម្បែរប្រជាជន ១២១,០០០ខ្នង​គ្មានអគ្គិសនី​ប្រើប្រាស់ និងជើងហោះ​ហើរចំនួន ៣៨៦ ត្រូវបាន​លុបចោល។

គួរជម្រាបថា Trami គឺជាព្យុះទីហ្វុង​ចុង​ក្រោយបំផុតមួយ ដែល​បាន​វាយប្រហារ​​លើប្រទេស​ជប៉ុននៅក្នុង​​ឆ្នាំ២០១៨នេះ ក្រោយ​ការវាយប្រហារ​ពីព្យុះទីហ្វុង ជែប៊ី (Jebi) កាលពីដើម​ខែកញ្ញា។ ព្យុះនេះ​គឺបានកើតមាន​ឡើង ១០ថ្ងៃ បន្ទាប់ពី​ព្យុះទីហ្វុង Mangkhut បានវាយប្រហារភាគខាង​ជើងប្រទេសហ្វីលីពីន ដែលបានសម្លាប់​មនុស្សជាង ១០០នាក់ ហើយសុទ្ធតែបាន​កើតឡើង​ នៅតំបន់ប៉ាស៊ីហ្វិក​ខាងលិច៕

ចែករំលែក