ចិន​ចង់ពង្រឹងចំណងទាក់ទងជាមួយ​ម៉ាល់ឌីវ តែអ្នក​​ជំនាញព្រមាន​ថា «ប្រយ័ត្នជំពាក់លុយចិនរុំខ្លួន»

0

 

(ប៉េកាំង)៖ ប្រធានាធិបតី​ចិនលោក ស៊ី​ ជិនពីង បាននិយាយថា ទីក្រុងប៉េកាំង ចង់ពង្រឹងកិច្ច​សហប្រតិបត្តិការ​ និងផ្ដល់ផលប្រយោជន៍​ឱ្យគ្នាទៅវិញទៅមក​ជាមួយប្រទេស​ម៉ាល់ឌីវ ខណៈក្រុម​អ្នកជំនាញព្រមានថា ប្រទេសដែនកោះមួយនេះអាចនឹងធ្លាក់​ចូលក្នុង​អន្ទាក់​បំណុលរបស់​ចិន។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

លោក ស៊ី​ ជិនពីង ថ្លែងបែបនេះ​នៅក្នុងសារ​អបអរសាទរមួយ​ ផ្ញើជូនប្រធានាធិបតី​ម៉ាល់ឌីវថ្មី លោក អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលីហ៍ (Ibrahim Mohamed Solih) ជាមេដឹកនាំ​គណបក្ស​ប្រឆាំងនឹងដែល​សន្យាថា នឹងពិនិត្យឡើងវិញ​លើគំរោងជាច្រើន​របស់ចិន​ នៅក្នុងប្រទេសដីកោះដ៏តូចមួយនេះ។

លោក ស៊ី បាន​លើកឡើង​នៅក្នុង​សារអបអរសាទរ​​ដូច្នេះថា «ប្រទេសចិន និងម៉ាល់ឌីវ មានទំនាក់ទំនង​មិត្តភាពយូរណាស់​មកហើយ… ចិនចង់ធ្វើ​ការជាមួយ ម៉ាល់ឌីវ​ ក្នុងការបន្តពង្រឹងទំនាក់ទំនង​មិត្តភាព និងកិច្ច​សហប្រតិបត្តិការ​ផ្ដល់ផលប្រយោជន៍​ ឱ្យគ្នាទៅវិញទៅមក​ឱ្យកាន់តែស៊ី​ជម្រៅ​លើគ្រប់​វិស័យ ដើម្បី​ផ្ដល់ផលប្រយោជន៍​ដល់ប្រជាជននៃ​ប្រទេស​ទាំងពីរ»។

គួរបញ្ជាក់ថា ក្រៅតែពីចិន ឥណ្ឌាក៏កំពុងបង្កើនទំនាក់ទំនង​ជាមួយម៉ាល់ឌីវ​ផងដែរ ក្នុងចេតនាទប់ទល់នឹងឥទ្ធិពល​របស់ចិន នៅក្នុង​តំបន់មហាសមុទ្រឥណ្ឌា ដ្បិតម៉ាល់ឌីវ ស្ថិននៅចំងាយតែ ៥២៣គីឡូម៉ែត្រ ប៉ុណ្ណោះពីភាគនិរតី​នៃច្រកសមុទ្រភាគខាងត្បូង របស់ឥណ្ឌា។ ការ​ព្រមាននេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីបណ្តា​ប្រទេសមួយចំនួន ជាពិសេស​ស្រីលង្កា បានលក់កំពង់ផែយុទ្ធសាស្ត្រខ្លួនឲ្យចិន ក៏ព្រោះតែបំណុលរុំក៕

ចែករំលែក