មតិភាគ​ច្រើននៅតែចង់​ឲ្យសហរដ្ឋអាមេរិក​ដឹកនាំពិភពលោក ជាង​ប្រទេសចិន, នេះបើតាមការស្ទង់​មតិ​ថ្មី!

0

 

(វ៉ាស៊ីនតោន)៖ ការស្ទង់​មតិមួយនៅក្នុងប្រទេស​ចំនួន ២៥ ចេញផ្សាយ​នៅថ្ងៃច័ន្ទសប្ដាហ៍នេះ ដោយ​មជ្ឈមណ្ឌលស្រាវជ្រាវ ភ្យូ (Pew Research Center) បានឱ្យដឹងថា អំណាចរបស់ចិន​បាន និងកំពុងកើនឡើង​កាន់តែខ្លាំង ខណៈការជឿ​ទុកចិត្តជា​សកល​លើប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មានកម្រិតទាប បើធៀបទៅនឹង​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Washington Post នៅរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

យោងតាម Pew Research Center អត្រាគាំទ្រ​ជាសកលរបស់​លោក ដូណាល់ ត្រាំ មានកម្រិតទាប​ដោយអ្នកផ្តល់មតិ ៧០ភាគរយ បាននិយាយថា ពួកគេ​មិនជឿទុកចិត្ត​លើប្រធានាធិបតីអាមេរិក​រូបនេះថា កំពុងដើរលើផ្លូវត្រូវនៅ​ក្នុងកិច្ចការ​ពិភពលោក ខណៈ ២៧ភាគរយ​ប៉ុណ្ណោះ​និយាយថា ពួកគេជឿជាក់លើ​រូបលោក ត្រាំ។

ផ្ទុយពីលោក ត្រាំ ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង ទទួល​បានការទុកចិត្តពី​សកលលោក ៣៤ភាគរយ ហើយ ៥៦ភាគរយទៀតអះអាង​ថា ពួកគេមិនទុកចិត្តលើប្រធានាធិបតី​ចិនរូបនេះឡើយ។ ទោះជាយ៉ាងក៏ដោយ មនុស្សភាគច្រើន​ដែលត្រូវបាន​សម្ភាសន៍ នៅតែចង់​ឱ្យ​សហរដ្ឋអាមេរិក​ដឹកនាំ​​កិច្ចការពិភពលោក​ដដែល ស្របពេលឥទ្ធិពល​របស់ចិនៅលើពិភពលោក ​កាន់តែរីកសាយធំ​ឡើង ដែលប្រទេសទាំងអស់​បានបង្ហាញ​ក្តីព្រួយបារម្ភថា ចិនកុម្មុយនិស្ត​នឹងមានឥទ្ធិពលខ្លាំង​ត្រួតត្រាសន្តិសុខ និង​សេដ្ឋកិច្ច​សកល។

សម្រាប់​ការស្ទង់មតិ​នេះ​​ គឺត្រូវបានធ្វើឡើង​ចំពោះប្រជាជន ដែលរស់​នៅតាមបណ្តាប្រទេស​នានា​ ជាសម្ព័ន្ធមិត្ត​ជិតស្និទ្ធ​រាប់ទសវត្សរ៍ជាមួយ​សហរដ្ឋអាមេរិក​ដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស កាណាដា ស៊ុយអែដ ហ្វីលីពីន ម៉ិចស៊ីកូ និងអ៊ីស្រាអែល​ជាដើម។ តាមពិតទៅ​មតិ​ក្នុងប្រទេសនីមួយៗ​គឺមិនដូចគ្នានោះទេ តួយ៉ាង​ដូចជាអ៊ីស្រាអែល​បានបង្ហាញ​ការគាំទ្រ​សហរដ្ឋអាមេរិក​ខ្លាំងក្លា​ជាងគេ ខណៈកាណាដា​ហាក់ស្ថិតនៅ​កណ្តាល និងប្រទេស​​បារាំង អាល្លឺម៉ង់ អង់គ្លេស បានបង្ហាញ​ការគាំទ្រក្នុង​កម្រិតល្អបង្គួរ (៧០% ដល់ ៩០%)។

គួរបញ្ជាក់ថា បើតាម Pew Research Center ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ទទួលបាន​ការទុកចិត្តពីសកលលោក​ ទាបជាង​មេដឹកនាំពិភពលោកចំនួន ០៤នាក់ នោះគឺអធិការបតីអាល្លឺម៉ង់​លោកស្រី អាន់ជែឡា មឺគែល ប្រធានាធិបតី​បារាំង​លោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕

ចែករំលែក