HOT NEWS: ទើបតែកើតមាន​រញ្ជួយដី និងស៊ូណាមិ ឥឡូវបូក​ថែមភ្នំភ្លើង​ផ្ទុះមួយទៀត​នៅភាគ​កណ្តាល​ឥណ្ឌូណេស៊ី!

0

 

(ហ្សាការតា)៖ ស្ថានការណ៍ហាក់​ពុំមានភាពធូរស្រាល​សោះ សម្រាប់ប្រទេស​ឥណ្ឌូណេស៉ី ខណៈដែល​នា​ថ្ងៃពុធនេះ ភ្នំភ្លើង​មួយ​ស្ថិត​នៅ​លើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ជាកោះភាគកណ្តាល ដែលទើបតែ​រង​គ្រោះយ៉ាងដំណំដោយរញ្ជួយដី​​កម្រិតធ្ងន់ និងរលកស៊ូណាមិ​ហើយនោះ​ បានផ្ទុះឡើង​​ថែមទៀត។ នេះបើ​តាមការដក​ស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មាន Fox News នៅរសៀល​ថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

បើតាមអាជ្ញាធរ​ឥណ្ឌូណេស៉ី​ភ្នំភ្លើង សូភូតាន់ (Soputan) នៅភាគខាងជើង​ខេត្តដីកោះ Sulawesi បានផ្ទុះជះកម្អែរផេះ​ឡើងលើផ្ទៃអាកាស​​​កម្ពស់​​ប្រហែល ​០៦គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ ប្រជាជនដែលរស់​នៅចម្ងាយពី ០៤គីឡូម៉ែត្រ ទៅ ០៦គីឡូម៉ែត្រ ជុំវិញនោះ ​ត្រូវបានក្រើន​រំលឹក​​ឲ្យ​មាន​ការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់ឮ ប៉ុន្តែមិនទាន់ការ​បង្គាប់ឲ្យជម្លៀសខ្លួន​មនុស្សនៅ​ឡើយទេ។

គួរជម្រាបថា នាថ្ងៃពុធនេះ​ផងដែរ​ចំនួនមនុស្សស្លាប់ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយដី​កម្រិតរហូតដល់ ៧.៧រ៉ិចទ័រ និងរលក​យក្សស៊ូណាមិកម្ពស់ ០៣ម៉ែត្រ នៅលើកោះ Sulawesi បាន​កើនដល់​១,៤០៧នាក់ ខណៈរាប់រយរាប់ពាន់នាក់ផ្សេងទៀត ត្រូវបាន​អាជ្ញាធរឥណ្ឌូណេស៊ី​ជឿជាក់ថា កំពុងជាប់ខ្លួន​នៅក្នុងអគារ-លំនៅឋាន​បាក់រលំ និងល្បាប់ភក់-ទឹកជំនន់៕

ចែករំលែក