អាជ្ញាធរ​ថៃប្រកាស «បិទឆ្នេរសមុទ្រ​មួយ​ព្រោះ​តែរងការបំផ្លាញ​ ដោយ​ភ្ញៀវទេសចរខ្លាំងពេក» និងមិន​កំណត់ថ្ងៃ​បើកវិញ…

0

 

​(បាងកក)៖ តំបន់ឆ្នេរទេសចរណ៍​ដ៏មាន​ប្រជាប្រិយភាព Maya Bay នៃកោះ Ko Phi Phi Leh ក្នុងឈូងសមុទ្រថៃ​នឹងត្រូវបិទទា្វរ ដោយមិនកំណត់ពេលវេលា ដើម្បីជួសជុល​ការខូចខាតដែលបង្កឡើងដោយ​ភ្ញៀវទេសចរ ដែលមកកម្សាន្តតំបន់ទេសចរណ៍​មួយនេះ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

តំបន់ឆ្នេរ Maya Bay ជាទីដែលត្រូវបាន​គេជ្រើសរើស ជាកន្លែងថតកន្លែងខ្សែភាពយន្ដ​ជាង ២០០០រឿង ក្នុងនោះរួមមាន​ទាំងខ្សែភាពយន្ដ​សម្ដែងដោយតារាហូលីវូត លោក Leonardo DiCaprio បានក្លាយគោលដៅ​ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរបំផុត នៅក្នុងប្រទេសថៃ ជាមួយភ្ញៀវទេសចរមកកម្សាន្តររហូតដល់ ៥,០០០នាក់ក្នុងមួយថ្ងៃ។

ក៏ប៉ុន្តែ​ដោយសារតែការទទួលភ្ញៀវទេសចរច្រើនលើសលប់ពេក វាបាន​បណ្ដាល​ឱ្យ​ផ្កាថ្មជាង ៨០ភាគរយ នៅជុំវិញ Maya Bay​ រងការបំផ្លិចបំផ្លាញ​​យ៉ាងដំណំ ហើយបើ​នៅតែបណ្តែត​បណ្តោយការបំផ្លាញនេះ​ទៅមុខទៀត ធម្មជាតិដែលបាត់បង់ នឹងពិបាកក្នុង​ការស្តារឡើងវិញខ្លាំងណាស់។

គួរបញ្ជាក់ថា តំបន់ឆ្នេរ​ទេសចរណ៍ Maya Bay ត្រូវបានបិទ​ដោយអាជ្ញាធរថៃ​កាលពីដើមខែមិថុនា ហើយការបិទ​ត្រូវបានអូសបន្លាយ​រហូតដល់រយៈពេល​មួយឆ្នាំ ក្រោយចំណាយ​ពេលបួនខែ​ក្នុងការសង្រ្គោះ​ ហើយប្រការនោះត្រូវបាន​បង្កឡើង​ដោយការការពារបរិស្ថានមិនបាន​គ្រប់គ្រាន់។ ចំណែកឯ​ការបិទឆ្នេរ​លើកនេះមិនត្រូវ​បានគេកំណត់​ពេលវេលា​ឡើយ៕

ចែករំលែក