ផលិតដោយ​ចិនសុទ្ធសាធ! អាចចុះចត​លើផ្ទៃទឹក​ក៏បាន និងហោះឡើងពីទឹកវិញក៏បាន (រូបភាពខាងក្នុង)

0

 

(វូហាន)៖ យន្តហោះដឹក​ទំនិញ-យោធា AG600 ដែលជា​ផលិតផលក្នុង​ស្រុក​សុទ្ធសាធ​របស់ចិន​នោះ បានធ្វើតេស្ត​ចុះចតជាលើកដំបូង​​ដោយជោគជ័យនៅលើផ្ទៃទឹក ស្ថិតនៅ​ក្នុងទីក្រុង ជិងមិន (Jingmen) នៃខេត្តហ៊ូបៃ (Hubei) ភាគកណ្តាល​​ប្រទេស​ចិន។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។

យន្តហោះ​ប្រភេទ AG600 ដែលមានឈ្មោះ Kunlong ត្រូវបានក្រុមហ៊ុនចិន​ផលិតឡើង ដើម្បីក្លាយជាយន្តហោះចុះចតលើផ្ទៃទឹក ធំជាងគេបង្អល់នៅលើសកលលោក ហើយវា​បានធ្វើតេស្តហោះហើរសាកល្បងដោយជោគជ័យលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ ខណៈការចុះចត​លើផ្ទៃទឹក ដែលជាសមត្ថភាព​ពិសេសរបស់វា ទើបតែត្រូវបាន​ធ្វើឡើងនៅ​ពេលនេះ​ប៉ុណ្ណោះ ដោយទទួលបាន​ជោគជ័យជាលើក​ដំបូងបំផុត។

កាលពីវេលា​ម៉ោង ៨៖៥១នាទីព្រឹក​ថ្ងៃសៅរ៍នេះ យន្តហោះ Kunlong បានហោះ​ចាកចេញពី​​អាកាសយានដ្ឋាន ចាងហេ (Zhanghe) នៃទីក្រុង Jingmen ក្រោមការ​បញ្ជាផ្ទាល់ពី​លោក​កាពីតែន ចាវ ហ្សេង (Zhao Sheng) និងសហសេវិក​របស់លោក។ បន្ទាប់ពីបាន​ហោះឡើងរយៈពេល ១៤នាទី វាក៏បានធ្វើការចុះចត​លើផ្ទៃទឹកបឹងមួយ ស្ថិតនៅក្បែរៗ​អាកាយានដ្ឋាន Zhanghe ដោយជោគជ័យនោះតែម្តង។

យន្តហោះ​ប្រភេទ AG600 ឈ្មោះ Kunlong ខាងលើនេះ ត្រូវបានចិន​​សម្ងំអភិវឌ្ឍន៍​ជាយូរឆ្នាំ​​មកហើយ ដោយស្ថិតនៅក្នុងគោលដៅ​ដាក់ឲ្យបម្រើវិស័យ​ដឹក​​ជញ្ជូនផង និងយោធាផង ហើយវា​ក៏អាចទទួល​ការបញ្ជាទិញពីអតិថិជនក្រៅប្រទេស​​ថែមទៀត ខណៈយន្តហោះប្រទេសនេះ គឺរុស្ស៊ីជាអ្នកជំនាញ​បំផុតក្នុងការផលិត​កន្លងមក។ យន្តហោះ​ប្រភេទនេះក៏មានប្រយោជន៍​ក្នុងការពន្លត់ភ្លើង​ឆេះព្រៃ និងផ្គត់ផ្គង់ទឹក​ទៅកាន់​ទីតាំង ដែលមានតម្រូវការ​​បន្ទាន់ជាដើម។

គួរបញ្ជាក់ថា យន្តហោះ​ខាងលើនេះត្រូវបានអភិវឌ្ឍន៍​ដោយក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​រដ្ឋចិន (AIC) ដោយវាត្រូវបាន​ចាត់ទុកថា ជាផលិតផល​នៅក្នុងស្រុក​សុទ្ធសាធ ព្រោះសូម្បីតែ​ម៉ាស៊ីនក៏ជាផលិតផល​របស់ចិន​ផ្ទាល់ដែរ។ យន្តហោះ AG600 មានទំហំប្រហាក់ប្រហែល​នឹងយន្តហោះ Boeing 737 និងអាចដឹក​ទំនិញបាន​រហូតដល់​ទៅជាង ៥០តោនឯណោះ ដោយអាចចុះចត​លើកផ្ទៃទឹកក៏បាន និងហោះឡើងពីផ្ទៃទឹកវិញក៏បានដែរ ពិតជាពិសេស​ខ្លាំងណាស់៕

ចែករំលែក