ចិន៖ បើលោក ដូណាល់ ត្រាំ ប្រើទូរស័ព្ទ iPhone ហើយនៅ​ខ្លាចគេ Hack ទៀតនោះ, សូមប្តូរទៅប្រើ Huawei វិញទៅ!

0

 

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោកស្រី Hua Chunying បាននិយាយបែប​ចំអកឡកលើយឱ្យ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ប្ដូរ​ទូរស័ព្ទដៃ iPhone របស់លោកទៅប្រើ​ទូរស័ព្ទដៃចិន​ជំនួសវិញ ឬក៏អាចឈប់​ប្រើឧបករណ៍ ទំនាក់ទំនងទំនើបៗ​ចោលតែម្ដង បើនៅតែខ្លាច​គេលួច Hack។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

លោក Hua Chunying ធ្វើការកត់សម្គាល់​បែបនេះ បន្ទាប់សារព័ត៌មាន​អាមេរិក New York Times រាយការណ៍ថា ប្រទេសចិន និងរុស្ស៊ីបាននិងកំពុង​ព្យាយាម​លួចស្ដាប់ កិច្ចសន្ទនា​តាមទូរស័ព្ទ​ដៃ iPhone ផ្ទាល់ខ្លួនរបស់​លោក​ ដូណាល់ ត្រាំ។ ថ្លែងនៅ​ក្នុងសន្និសីទ​សារព័ត៌មាននៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ លោកស្រី Chunying បានលើក​ឡើងដូច្នេះថា «ក្រោយពីបាន​អានសេចក្ដីរាយការណ៍​នេះ… បើសិន​ជាពួកគេ (សហរដ្ឋអាមេរិក) ព្រួយបារម្ភខ្លាច​ក្រែងទូរស័ព្ទដៃ iPhone របស់ Apple​ ត្រូវបានគេ Hack លួចស្ដាប់»។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា បើខ្លាចគេលួច​ស្តាប់កិច្ចសន្ទនា នោះពួកគេអាចប្ដូរ​មកប្រើទូរស័ព្ទដៃចិន Huawei ជំនួសវិញបាន… តែបើសិន​ជាពួកគេ​នៅតែព្រួយបារម្ភដដែល ពួកគេ អាចឈប់ប្រើប្រាស់​ទូរស័ព្ទដៃ ឬឧបករណ៍ទំនាក់ទំនង​ទំនើបៗទាំងអស់ ហើយផ្ដាច់ទំនាក់ទំនង​ពីពិភពខាងក្រៅ​តែម្ដងទៅ​។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានច្រានសេចក្ដីរាយការណ៍​របស់ New York Times ដោយហៅវាថា ជា Fake News ខណៈរុស្ស៊ីក៏​បានទាត់ចោល​សេចក្ដីរាយការណ៍​នេះដែរ៕

ចែករំលែក