រុស្ស៊ី៖ ប្រព័ន្ធ​មីស៊ីល​ដ៏ខ្លាំងក្លាមួយ នឹងត្រូវដាក់ពង្រាយ​នៅក្បែរប៉ូល​ខាងជើង​ផែនដី!

0

 

​(ម៉ូស្គូ)៖ ទីភ្នាក់ងារ​សារព័ត៌មានរុស្ស៊ី TASS​ នៅថ្ងៃសុក្រនេះ​បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីប្រចាំ​តំបន់ភាគខាងជើង​នៃប្រទេស នឹងទទួលបានប្រព័ន្ធ​មីស៊ីលការពារ​ដែនអាកាស Tor-M2DT នៅខែវិច្ឆិកា​ ខាងមុខនេះ ចំពោះមុខស្ថានការណ៍​ផុយស្រួយក្នុង​តំបន់។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

យោងតាមទីភ្នាក់ងារ​សារព័ត៌មានរុស្ស៊ី TASS តាមរយៈការស្រង់​សម្ដីរបស់មេបញ្ជា​កងទ័ពអាកាស​លោក អាឡិចហ្សង់ដឺ ឡេអូណូវ (Alexander Leonov) ប្រព័ន្ធមីស៊ីល Tor-M2DT នឹងត្រូវដាក់​ឱ្យដំណើរការ​សម្រាប់អង្គភាព​ទ័ពអាកាសរុស្ស៊ី​ ប្រចាំតំបន់ភាគ​ខាងជើងនៅ​ខែវិច្ឆិកានេះ។ លោក Leonov បាន​បញ្ជាក់​ថា Tor-M2DT គឺជាប្រព័ន្ធមីស៊ីល​ការពារដែនអាកាស​ដ៏មានសមត្ថភាពមួយ​ ដែលប្រយុទ្ធ​ប្រឆាំងនឹង រាល់គោលដៅ​សត្រូវ​នៅលើអាកាស​គ្រប់ប្រភេទ ក្នុងនោះរួមមាន​ទាំងយន្ដហោះដ្រូន​ រយៈចំងាយទាប​ផងដែរ។

កាលពីខែមករា ក្រសួង​ការពារជាតិ​រុស្ស៊ី​បានប្រកាសថា កងទ័ពរុស្ស៊ីប្រចាំតំបន់​ភាគខាងជើង និងអាក់ទិច​នឹងទទួល​បាន Tor-M2DT នៅក្នុង​ឆ្នាំ២០១៨។ Tor-M2DT គឺកូនកាត់​នៃប្រព័ន្ធ​មីស៊ីលប្រចាំតំបន់សមុទ្រទឹកកកអាក់ទិច Tor-M2 ដោយមានមីស៊ីល ១៦គ្រាប់ និងបាញ់បាន​ចំងាយ ១២គីឡូម៉ែត្រ ព្រមទាំង​រយៈកម្ពស់ដល់ទៅ ១០,០០០ម៉ែត្រ ហើយអាចដាក់​ឲ្យធ្វើប្រតិបត្តិការដោយផ្ទាល់ដៃ និងដោយ​ស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា តំបន់ភាគខាងជើង​​ប្រទេសរុស្ស៊ី​ទាំងអស់ គឺជាប់នឹងដែន​សមុទ្រ​ទឹកកកអាក់​ទិច ដែលទីកំពុង​ទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ពីសំណាក់​​បណ្តាប្រទេស​មហាអំណាច​ធំៗដូចជា សហរដ្ឋអាមេរិក បណ្តាប្រទេស​អឺរ៉ុបមួយចំនួន រុស្ស៊ីផ្ទាល់ និងប្រទេសចិន​ផងដែរ។ តំបន់នេះត្រូវបាន​ចាត់ទុកជាដែន​សមុទ្រ​អន្តរជាតិ ដែលស្ថិតនៅក្នុង​ការឃ្លាំមើល ប៉ុន្តែវាក៏នឹងអាចក្លាយ​ជាទីប្រជែងដណ្តើម​យកអំណាច និងធនធាន​ធម្មជាតិ ពីសំណាក់ប្រទេសទាំងអស់នេះផងដែរ៕

ចែករំលែក