ធម្មជាតិលើផែនដី​កំពុងរលាយ​កាន់តែរហ័ស ដោយសារ​មនុស្ស​បង្កើនសកម្មភាព​បំផ្លាញ!

0

 

(ឡុងដ៍)៖ ទស្សនាវដ្ដី The Nature បានអំពាវនាវឱ្យ​សហគមន៍អន្តរជាតិ​ទាំងមូល​ ធ្វើសកម្មភាព​ជាបន្ទាន់ក្នុងការការពារតំបន់ធម្មជាតិ ខណៈ​តំបន់ធម្មជាតិ​កម្រៗជាច្រើន​កំពុងបាត់បង់​យ៉ាងឆាប់រហ័ស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការសិក្សាស្រាវជា្រវ​មួយចេញផ្សាយនៅ​លើទស្សនាវដ្ដី The ​Nature នៅថ្ងៃពុធ​សប្ដាហ៍នេះ បានបញ្ជាក់​យ៉ាងដូច្នេះថា «កាលពីមួយសតវត្សរ៍មុន​តំបន់ធម្មជាតិ ១៥ភាគរយ តែប៉ុណ្ណោះត្រូវបានប្រើប្រាស់​សម្រាប់ការ​ចិញ្ចឹមសត្វ និងដំា​ដំណាំ… ក៏ប៉ុន្តែក្នុង​ពេលបច្ចុប្បន្ន​តំបន់ធម្មជាតិ​រហូតដល់ ៧០ភាគរយ ក្នុងនោះរួមទាំង​ទ្វីបអង់តាក់ទិច បាននិងកំពុង​ប្រែប្រួល​ ដោយសារសកម្មភាព​របស់​មនុស្ស»។

ងាកទៅមើលផ្ទៃសមុទ្រវិញ បើតាមរូបភាពអង្កេតតាមប្រព័ន្ធផ្កាយរណបទៅលើ​ផ្ទៃមហាសមុទ្រទាំង ០៤ ផ្ទៃសមុទ្រទាំងអស់​​សរុប ៨៧ភាគរយ កំពុងត្រូវបាន​គ្រប់គ្រងដោយ​សកម្មភាព​មនុស្ស មានដូចជា​ការធ្វើនេសាទ ជីកយករ៉ែ ការបំពុល និងការដឹកជញ្ជូន ដែលស្ទើរតែ​លាតសន្ធឹងទៅដល់​តំបន់ប៉ូលទាំងពីរ​នៃផែនដីនេះតែម្តង។

សម្រាប់តំបន់​​ដែលអាចទទួលរងការ​​ការពារវិញ គឺលុះត្រាណា​​តែវាស្ថិតនៅក្នុង​យន្តការ​នៃការការពារ​​ដោយច្បាប់អន្តរជាតិ ឬវាជាតំបន់ចាំបាច់​​សម្រាប់​ប្រទេសទាំងអស់​នោះផ្ទាល់ ទើបអាជ្ញាធរ​ពួកគេ​ប្រឹងប្រែងនៅ​ក្នុង​ការថែរក្សា។ ហេតុដូច្នេះ​​ទើបបណ្តាអ្នកអភិរក្ស និងគាំពារបរិស្ថាន​ទាំងអស់ អំពាវនាវឲ្យមានការ​ឡើងអំពី​បញ្ហានេះ នៅក្នុងកិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ ដែលនឹងឈានមក​ដល់ក្នុងពេល​ឆាប់ៗ​ខាងមុខ។

គួរជម្រាបថា នៅចន្លោះ​ឆ្នាំ១៩៩៣ និងឆ្នាំ២០០៩ តំបន់ធម្មជាតិ​មួយមានទំហំធំ​ជាងប្រទេសឥណ្ឌា ដែលមាន​ផ្ទៃ ៣.៣លាន​គីឡូម៉ែត្រ​ក្រឡា បានបាត់បង់​ដោយសារ​សកម្មភាពរបស់​មនុស្ស​ដូចជា ការសាងសង់ទី​ជម្រក ការធ្វើ​កសិកម្ម ការជីករ៉ែ និងសម្ពាធ ដទៃជាច្រើនទៀត។ សកម្មភាពទាំងអស់នេះ ក៏កំពុងតែធ្វើឲ្យជម្រកទាំងសត្វលើដី និងក្នុងទឹកកាន់តែរួញទៅៗផងដែរ៕

ចែករំលែក