មិនមែន​កាច់តែអេក្រង់ទេ លើកនេះ​គឺកាច់មួយខ្លួន​តែម្តង,​ ស្មាតហ្វូនថ្មី​របស់ចិន!

0

 

(ប៉េកាំង)៖ ខណៈដែលបណ្តា​​ក្រុមហ៊ុនយក្ស ផលិត​ទូរស័ព្ទស្មាត​ហ្វូនល្បីៗ​លើលោក ដូចជា Samsung, Apple, Huawei, Oppo, Vivi, Xiaomi និង LG ជាដើម កំពុងតែងាកទៅ​ផលិតស្មាតហ្វូនដែល​មានគែមអេក្រង់កាន់តែ​ខ្លី និងខ្លះមានឆក​ក្បាលនោះ ក្រុមហ៊ុន​មួយ​របស់ចិន​ហាក់មានចិត្តធំ ដោយចង់លោតផ្លោះឲ្យ​កាន់តែអស្ចារ្យ​ជាងនេះទៀត នោះគឺការ​ផលិត​ស្មាតហ្វូន ឬ Tablet ដែលមានអាច​កាច់បានមួយតួខ្លួន ដោយមិនមែន​ត្រឹមតែ​អាចកាច់អេក្រង់​ដូចជា Samsung ឬ Lenovo ធ្លាប់ធ្វើនោះ​ឡើយ។ នេះបើតាមការ​ចេញផ្សាយ​​​ដោយ ស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមហ៊ុនចិនមួយ​​បានបញ្ចេញស្មាតហ្វូន ឬ Tablet ដែលមានទំហំ​​អេក្រង់រហូត ៧.៨អ៊ីញ មានឈ្មោះថា FlexPai ដោយមានសមត្ថភាព​បញ្ចេញពណ៌ និងពន្លឺអេក្រង់ ភ្លឺថ្លាជាង​អេក្រង់ AMOLED ដែល​ក្រុមហ៊ុន​យក្ស Apple ទិញពី Samsung យលទៅ​បំពាក់​លើ iPhone ជំនាន់ក្រោយ​របស់ខ្លួន​ទៅទៀត។ ស្មាតហ្វូន​ដែល​អាចហៅ​បានថា Tablet ទៅហើយនេះ គឺត្រូវ​បានបង្កើតឡើង​ដោយផ្តោត​ទៅលើ​សមត្ថភាព​លេងហ្គេម ដើម្បីបំពេញចិត្តមនុស្ស​​ដែលចូលចិត្ត​ឧបករណ៍ឆ្លាតវៃ ដែលអាចលេងហ្គេម​បានយ៉ាងជក់ចិត្ត ងាយស្រួល ខ្លាំងក្លា និងគ្រប់កាលៈទេសៈ។

លក្ខណៈពិសេស​បន្ថែមទៀតរបស់ FlexPai គឺនៅពេលដែលយើង​ធ្វើការកាច់ Tablet នោះជាពីរ វាក៏ប្រែក្លាយឧបករណ៍នេះ​ទៅជាការបំពេញមុខងារ​បានពីរផ្នែក នៅពេល​ជាមួយ​គ្នាផងដែរ ឧទាហរណ៍​នៅពេលយើងកំពុងលេងហ្គេម យើងអាច​កាច់វាជាពីរ ដោយមួយចំហៀង​សម្រាប់លេងហ្គេម និងមួយចំហៀងទៀត​​សម្រាប់​ការលេងបណ្តាញ​សង្គម ឬអ្វីៗផ្សេងៗ​ទៀតទៅតាមតម្រូវការ​របស់អ្នក​ប្រើប្រាស់។

នៅរយៈពេលឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung ក៏គ្រោង​នឹងប្រកាស​អំពីស្មាតហ្វូន ដែលអាចបត់តួ​ខ្លួនបានផងដែរ ប៉ុន្តែគេនៅមិនទាន់​ច្បាស់ថា វាមានលក្ខណៈ​សម្បត្តិយ៉ាងណាខ្លះ​នោះឡើយ។ ដោយឡែក​ក្រុមហ៊ុន Huawei និង LG វិញត្រូវបាន​គេរាយការណ៍ថា កំពុងតែអភិវឌ្ឍន៍​បច្ចេកវិទ្យាបត់តួខ្លួន និងអេក្រង់​ស្មាតហ្វូន​នេះដូចគ្នា។ សម្រាប់ FlexPai វិញនឹងមាន​ទម្ងង់រហូតដល់ទៅ ៣២០ក្រាម ដែលធ្ងន់ជាង​ ស៊េរី iPhone Xs Max និង Samsung Galaxy Note ទៅទៀត។

គួរបញ្ជាក់ថា ផលិតផល FlexPai របស់ក្រុមហ៊ុន​ដែលមានមូលដ្ឋាន​នៅទីក្រុង Shenzhen ខាងលើនេះ ត្រូវបានបញ្ចេញ​លក់ហើយ ដោយគ្រប់គ្នាអាច​បញ្ជាទិញពីវែបសាយ​របស់​ក្រុមហ៊ុន FlexPai ផ្ទាល់នៅក្នុង​តម្លៃពី ១,២៩០ដុល្លារ ទៅ ១,៨៦៣ដុល្លារអាមេរិក ទៅតាមលក្ខណៈ​សម្បត្តិពីទាប ទៅខ្ពស់របស់​វាតែម្តង។ អ្វីដែល​ពិសេសនោះ ក្រុមហ៊ុន​ខាងលើនេះ​បានសន្យាថា នឹងប្រគល់​ថវិកា ៣០លានដុល្លារ ដើម្បីឧបត្ថម្ភ​ដល់ក្រុម Developers ដែលបង្កើត​កម្មវិធី ឬហ្គេម តម្រូវទៅលើ​ស្មាតហ្វូនក្រុមហ៊ុន​នេះ៕

ចែករំលែក