ឱកាសល្អសម្រាប់អាមេរិក និងចិនដោះស្រាយជម្លោះពាណិជ្ជកម្ម គឺនៅក្នុងទឹកដីជប៉ុននាចុងខែមិថុនានេះ…

0

(វ៉ាស៊ីនតោន)៖ គ្រប់គ្នាពិតជាមិនទាន់ភ្លេចឡើយ កាលពីចុងខែធ្នូ ឆ្នាំ២០១៨ ដែលលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង បានជួបគ្នាជាលើកដំបូងនៅក្នុងកិច្ចប្រជុំកំពូល​នៃមហាអំណាចសេដ្ឋកិច្ច G20 ក្រោយសង្គ្រាមដំឡើងពន្ធ​បានផ្ទុះឡើង ហើយកាលណោះគ្រប់គ្នាក៏បានឃើញផងដែរ នូវភាពវិជ្ជមានកើតឡើងស្តែងៗនឹងភ្នែក នោះគឺការព្រមព្រៀងរវាងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលចិន ក្នុងការផ្អាកសង្គ្រាមដំឡើង​ពន្ធរយៈពេលជាង ៣ខែ ដើម្បីទុកឱកាសចរចាគ្នាស្វែងរកដំណោះស្រាយរួម។

ទោះបីជាលទ្ធផលក្រោយមកទៀតមិនគាប់ចិត្ត ហើយស្ថានការណ៍ហាក់ប្រែជាធ្ងន់ធ្ងរខ្លាំង​ចាប់តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ក្រោយរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ដាក់ក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេលើលោក Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន​ទៀតរបស់ចិន ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដោយសារតែប្រទេសចិន​បានដើរចេញពីតុចរចា​ ព្រោះតែមិនអាចទទួលយកតាមអាមេរិកចង់បានជ្រុលនោះក៏ដោយ ក៏ផ្លូវហាក់នៅតែមានសម្រាប់​កិច្ចចរចាបន្តទៀតដដែល ព្រោះមហាយក្សទាំងពីរដឹងក្នុងចិត្តថា បញ្ហានឹងកាន់តែរីកធំ បើសិនជានៅបន្តសងសឹកគ្នាមិនព្រមលែងនោះ។

តួយ៉ាងអ្វីៗបាននិងកំពុងរៀបចំម្តងទៀតហើយ ជុំវិញជំនួបជាថ្មីទៀតរវាងប្រមុខដឹកនាំកំពូល នៃប្រទេសយក្សលើលោកទាំងពីរ ដោយមន្ត្រីរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ជាផ្លូវការ កាលពីថ្ងៃទី០៨ ខែមិថុនាថា នឹងកើតឡើងនៅក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា នៃប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ទី២៩ ខែមិថុនា ប៉ុន្តែមិនទាន់មានការបញ្ជាក់បន្ថែម អំពីរបៀបវារៈនៃកិច្ចប្រជុំរវាង​លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ត្រូវបានទម្លាយនោះឡើយ។

ដោយឡែកយើងងាកទៅមើលប្រទេសជប៉ុន ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខាងលើ​នេះវិញក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ លោក Haruhiko Kuroda ប្រធានធនាគារកណ្តាលជប៉ុនបានលើកឡើងថា «វាជារឿងល្អមួយ…។ វានឹងក្លាយជាពេលវេលាជួបគ្នាមួយទល់នឹងមួយ ជាមួយទេសាភិបាលធនាគារកណ្តាលចិន លោក Yi Gang ។ ប៉ុន្តែខ្ញុំរំពឹងថា ដំណើរការសំខាន់បំផុត គឺជំនួបរវាងប្រធានាធិបតីទាំងពីរ (លោក ត្រាំ និងលោក ស៊ី)»។ នេះជាលើកទី ១ ហើយដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូល G20 បន្ទាប់ពីវេទិកាដ៏ធំមួយ ត្រូវបានរៀបចំឡើងដំបូងចាប់តាំងពីឆ្នាំ១៩៩៩។

ជុំវិញព្រឹត្តិការណ៍ដែលនឹងក្លាយជាការចាប់អារម្មណ៍ខ្លាំងបំផុត នៅទូទាំងពិភពលោកនេះ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានប្រាប់អ្នករាយការណ៍​ព័ត៌មាននានាក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី០៨ ខែមិថុនា ម្សិលមិញនេះថា «មិនទាន់មានឡើយផែនការជួបគ្នានៅវ៉ាស៊ីនតោន ឬក៏ប៉េកាំង លុះត្រាណាតែលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ជួបពិភាក្សាគ្នារួចរាល់សិន​នៅក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន»។

មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើនេះបានបន្ថែមទៀតថា «លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា តើនឹងត្រូវសម្រេចឲ្យដំឡើងពន្ធធ្ងន់ធ្ងរជាងមុន (៣០០ពាន់លានដុល្លារ ដែលលោកបានលើកឡើងនៅអង់គ្លេស) ដែរ ឬក៏អត់ បន្ទាប់ពីលោកជួបជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង នៅចុងខែមិថុនានេះរួចរាល់…។ បើចិនចង់សម្រេចបាននូវកិច្ចព្រមព្រៀងទៅមុខ អាមេរិកក៏នឹងរៀបចំជាស្រេចដែរ ទៅតាមអ្វីដែលខ្លួនបានសម្រេចកន្លងមក ប៉ុន្តែបើប្រទេសចិនចង់ឈប់ពេលនេះ លោក ដូណាល់ ត្រាំ ក៏នឹងបោះជំហានលើការដំឡើងពន្ធ (ដូចការគំរាមខាងលើ) ដើម្បីធ្វើឲ្យទំនាក់ទំនង (ពាណិជ្ជកម្ម) រវាងប្រទេសទាំងពីរមានតុល្យភាព…»។

គួរបញ្ជាក់ថា បើតាមអ្នកវិភាគមួយចំនួន សហរដ្ឋអាមេរិកហាក់ដូចជាចង់ឲ្យចិន ចូលមកអង្គុយតុចរចាគ្នាវិញខ្លាំងជាងចិនទៅទៀត ចំពោះមុខការព្រមានអំពីការខាតបង់​ទាំងសងខាងពីសំណាក់ក្រុមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងជាពិសេសគឺមន្ត្រីជើងចាស់អាមេរិក​​ជាច្រើនរូបកន្លងមកនេះ ហើយសង្គ្រាមនេះត្រូវបានថ្នាក់ដឹកនាំពិភពលោក មួយចំនួនមើលឃើញថា ជាការបង្ហាញភាពចង់ចាញ់-ឈ្នះគ្នា ជាជាងការចង់កសាងប្រយោជន៍ពិតប្រាកដ ទៅដល់ពិភពលោកទាំងមូល។

ដោយឡែកឆ្លើយតបទៅនឹងបញ្ហាសំខាន់ ដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍បំផុតនោះ មន្ត្រីកំពូលអាមេរិក Steven Mnuchin ក៏បានបញ្ជាក់ផងដែរ បញ្ហានានាពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei និងរូបិយប័ណ្ណចិនជាដើម នឹងក្លាយជាប្រធានបទសំខាន់ដែលត្រូវលើដាក់​លើតុចរចាគ្នា ដើម្បីបង្កើតតុល្យភាពពាណិជ្ជកម្មរវាងអាមេរិក និងចិន។ ពិភពលោកហាក់​បានស្វែងយល់រួចទៅហើយថា អាមេរិកបានប្រើក្រុមហ៊ុន Huawei ជាចំណាប់ខ្មាំង ដើម្បីបង្ខំចិនឲ្យបន្ទន់ឥរិយាបទ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងឆាប់សម្រេចចេញ៕

ប្រភព៖ សារព័ត៌មានអាមេរិក CNBC (ដកស្រង់ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩)
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)

ចែករំលែក