ក្រុមហ៊ុន Vodafone ដាក់ដំណើរការ 5G នៅអេស្ប៉ាញ ក្រោមកិច្ចសហការជាមួយ Huawei

0

(ម៉ាឌ្រីត)៖ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនចិន Huawei ក្រុមហ៊ុន Vodafone បានសម្រេចបញ្ចេញនូវសេវាទូរស័ព្ទ 5G ជាលើកដំបូងនៅក្នុងប្រទេសអេស្ប៉ាញ ដែលវាបានធ្វើឲ្យអេស្ប៉ាញ ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅអឺរ៉ុប (បន្ទាប់ពីចក្រភពអង់គ្លេស) ក្នុងទទួលបានប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ ដ៏ទំនើបចុងក្រោយនេះ។

យោងតាមក្រុមហ៊ុន Vodafone Espana​ ប្រព័ន្ធទូរស័ព្ទ 5G បានចាប់ផ្តើមគ្របដណ្តប់ដំបូង​នៅលើទីក្រុងធំៗចំនួន ១៥ នៅទូទាំងប្រទេសអេស្ប៉ាញដូចជា Madrid, Barcelona, Valencia និង Seville ជាដើម។ យ៉ាងហោចណាស់ប្រជាជនក្នុងចំនួនជាងពាក់កណ្តាល​នៅក្នុងបណ្តាទីក្រុងខាងលើនេះ នឹងទទួលបាននូវប្រព័ន្ធសេវាអ៊ីនធើណិត ដែលមានល្បឿនលឿនបំផុត ហើយវានឹងបង្កើនទៅមុខទៀតនៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ជាមួយនឹងទូរស័ព្ទដើរដោយ 5G អតិថិជនដែលប្រើប្រាស់សេវានេះទាំងអស់​នៅអេស្ប៉ាញនឹងទទួលបានបទពិសោធន៍ថ្មីសន្លាង នោះគឺការដោនឡូដឯកសារក្នុងល្បឿន ១ជីហ្គាបៃក្នុងមួយវិនាទី ហើយវានឹងបង្កើនលឿនថែមទៀតដល់ ២ជីហ្គាបៃក្នុងមួយវិនាទី​នៅចុងឆ្នាំ២០១៩ ដូច្នេះវាមានន័យថា សេវា 5G មានលឿនរហ័សជាង 4G រហូតដល់ទៅ ១០ដង​ឯណោះ។ វានឹងជួយបង្កើនប្រសិទ្ធភាពកាន់ខ្ពស់ទៅលើការងារផ្នែកដឹកជញ្ជូន វេជ្ជសាស្ត្រ និង Virtual Reality នៅថ្ងៃអនាគត។

យោងតាមក្រុមហ៊ុន Huawei សាខាប្រចាំអេស្ប៉ាញ ក្រុមហ៊ុននេះបានធ្វើការរៀបចំច្រើនណាស់ សម្រាប់ការដាក់ឲ្យដំណើរការខាងលើនេះ ជាមួយនឹងក្រុមហ៊ុន Vodafone ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខាស្នូល សម្រាប់គំរោងក្រុមហ៊ុន Vodafone ផ្ទាល់តែម្តង។ ក្រុមហ៊ុនធំៗទាំងពីរនេះ បានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងរយៈពេលជាង ១០ឆ្នាំមកហើយ។ ក្រុមហ៊ុនក៏សង្ឃឹមដែរថា ការដំណើរការ 5G នៅអេស្ប៉ាញ​នឹងជួយលើកមុខមាត់ឲ្យ Vodafone ធ្វើការដំណើរការ 5G នេះនៅតាមបណ្តាប្រទេសផ្សេងៗទៀតផងដែរ៕

ប្រភព៖ ស៊ីនហួ (ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩)

ចែករំលែក