កូរ៉េខាងត្បូងនឹងចាត់វិធានការឆ្លើយតបទៅជប៉ុនវិញ បើសិនក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនរងគ្រោះ

0

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានជំរុញឱ្យជប៉ុនលុបចោលការដាក់កំហិត ការលក់វត្ថុធាតុដើមសម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទដៃស្មាតហ្វូន ដល់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីរបស់លោក លោក មូន ថែមទាំងបានស្នើឱ្យមានការកិច្ចសន្ទនា ប្រកបដោយភាពស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំង២។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានក្រើនរំឭកផងដែរថា បើសិនក្រុមហ៊ុនកូរ៉េខាងត្បូង ណាមួយរងផលប៉ះពាល់ ដោយសារតែការរឹតត្បិតពាណិជ្ជកម្មរបស់ជប៉ុន នោះរដ្ឋាភិបាលរបស់លោកគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីចាត់វិធានការឆ្លើយតបចាំបាច់នានា ចំពោះទីក្រុងតូក្យូវិញ។

គួរជម្រាបថា ប្រតិកម្មរបស់លោក មូន ជែអ៊ីន ធ្វើឡើងក្រោយជប៉ុនដាក់កំហិតលើការលក់វត្ថុធាតុ ដើមសំខាន់សម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទស្មាតហ្វូន ព្រមទាំងផលិតផលអេឡិច ត្រូនិកជាច្រើនទៀតដល់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន។ ការសម្រេចចិត្តនេះត្រូវបានទីក្រុង សេអ៊ូលចោទថា ជាការសងសឹករបស់ជប៉ុនទៅនឹងតុលាការកូរ៉េខាងត្បូង ដែលបង្គាប់កាលពី
ឆ្នាំ២០១៨ ឱ្យក្រុមហ៊ុនជប៉ុនធំៗដូចជា Nippon Steel និង Mitsubishi ផ្ដល់សំណងដល់ ប្រជាជនកូរ៉េខាងត្បូង ដែលធ្លាប់ត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ខែ នៅក្នុងវិស័យឧស្សាហកម្មជប៉ុន អំឡុងសង្រ្គាមលោកលើកទី២៕

ចែករំលែក