កុំលេងសើចជាមួយគ្រឿងយន្ត! វានឹងក្លាយជាសង្គ្រាមដ៏គ្រោះថ្នាក់បំផុត បើគ្រប់គ្រងលែងបាន…

0

(វ៉ាស៊ីនតោន)៖ វែបសាយព័ត៌មានពាក់ព័ន្ធវិស័យការពារជាតិ Defense One បានរាយការណ៍ថា យោធាអាមេរិកកំពុងបន្តអភិវឌ្ឍន៍គ្រឿងយន្ត-រ៉ូបូត ឬមនុស្សយន្តសម្រាប់ធ្វើសង្រ្គាមនាពេលអនាគត។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមវែបសាយ Defense One ការធ្វើតេស្តជាសម្ងាត់នៃគ្រឿងយន្តរ៉ូបូត​សម្រាប់ធ្វើសង្រ្គាម កំពុងតែបន្តប្រព្រឹត្តទៅនៅកោះវ៉ាលឡូបស៍ (Wallops) រដ្ឋវើជីនៀ (Virginia) ដែលស្ថិតនៅក្រោមកម្មវិធីរបស់កងម៉ារីនអាមេរិកហៅថា ស៊ីម៉ប (Sea Mob) ខណៈការធ្វើតេស្តទាំងនោះគឺជាការបោះជំហានធំមួយ ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធសព្វាវុធ ដែលអាចមានបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រើប្រាស់នៅលើសមរភូមិនាថ្ងៃអនាគត។

បើតាមអតីតអនុរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក រ៉ូប៊ឺត វើក (Robert Work) លោកទទួលស្គាល់ថា នៅអនាគតការប្រើប្រាស់គ្រឿងយន្តរ៉ូបូតនៅលើសមរភូមិ​គឺជារឿងចាំបាច់ ប៉ុន្តែលោកក៏បានទទួលស្គាល់ការពិតដែរថា គ្រឿងយន្តទោះមានបញ្ញាសិប្បនិម្មិតក៏ដោយ ក៏អាចបង្កើតកំហុសឆ្គងដែរ។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ហេតុនេះហើយទើបត្រូវធ្វើតេស្តលើពួកវា ឲ្យផ្ចិតផ្ចង់ជាទីបំផុតដើម្បីអាចជឿជាក់បានថា គ្រឿងយន្តរ៉ូបូតទាំងនោះ នឹងធ្វើតាមអ្វីដែលវាត្រូវបានរចនាឡើងហើយសង្ឃឹមថា នឹងអាចបកស្រាយ​អំពីមូលហេតុនៃការសម្រេចចិត្តរបស់ពួកវាថែមទៀតផង។

គួរបញ្ជាក់ថា មិនត្រឹមតែសហរដ្ឋអាមេរិកនោះឡើយ ដោយរុស្ស៊ី និងចិនក៏សុទ្ធតែមានមហិច្ឆតាដូចគ្នានេះដែរ ជាពិសេសរុស្ស៊ីមានក្រុមហ៊ុនធំមួយដូចជា Kalashnikov ដែលអាចនឹងផលិតរ៉ូបូត ឲ្យមានរូបរាងស្រដៀងមនុស្សយន្តពិតៗ ក្នុងខ្សែភាពយន្តហូលីវូដ ដើម្បីទុកធ្វើសង្គ្រាម និងការស៊ើបការណ៍នានា ដែលមានប្រសិទ្ធភាពខ្ពស់បំផុត៕

ចែករំលែក