អាថ៌កំបាំងនៃតំបន់ត្រីកោណមរណៈ Bermuda ដែលល្បីល្បាញខ្លាំងកាលពីសតវត្សរ៍ទី ២០

0

(បរទេស)៖ តំបន់ត្រីកោណប៊ឺមូដា (Bermuda) គឺជាផ្នែកមួយ នៃរឿងព្រេងនិទានដ៏ល្បីល្បាញរបស់មហាសមុទ្រអាត្លង់ទិច។ តំបន់នេះស្ថិតនៅភាគខាងលិច នៃមហាសមុទ្រអាត្លង់ទិក ដោយព័ទ្ធជុំវិញដោយទីក្រុង ម៉ៃអាមី ប៊ឺមូដា និងព័រតូរីកូ។ វាជាទីដែលយន្តហោះ និងនាវារាប់សិបគ្រឿងត្រូវបានមនុស្សជាច្រើននិទានថា បានបាត់ខ្លួននៅទីនោះ ក្រោមកាលៈទេសៈយ៉ាងអាថ៌កំបាំងបំផុត។

ស្ថានភាពដែលមិនអាចពន្យល់បាន ជុំវិញឧប្បត្តិហេតុទាំងនេះ រួមបញ្ចូលទាំងឧប្បត្តិហេតុមួយ ដែលកាលណោះក្រុមអាកាសយានិក នៅលើយន្តហោះទំលាក់គ្រាប់បែក របស់កងទ័ពជើងទឹកអាមេរិកមួយក្រុម បានហោះកាត់តំបន់ខាងលើ ក៏ត្រូវបាត់ខ្លួនរកមិនឃើញដែរតែម្តង។ យន្ដហោះ និងកប៉ាល់ធំៗទាំងនោះទៀតសោត ទំនងបានបាត់ខ្លួន ដោយស្ថិតក្នុងស្ថានភាពអាកាសធាតុល្អធម្មតា ដោយគ្មានសូម្បីការរអាក់រអួល ដល់ប្រព័ន្ធរលកវិទ្យុផងក៏មាន។

ប៉ុន្តែ ទោះបីជាមានទ្រឹស្ដីជាច្រើន ដែលបញ្ជាក់អំពីមូលហេតុអាថ៌កំបាំង នៃតំបន់ត្រីកោណប៊ឺមូដា(Bermuda)ក៏ដោយ ក៏គ្មានទ្រឹស្តីច្បាស់លាស់ណាមួយដែលអាចបញ្ជាក់ថា ការបាត់ខ្លួនយ៉ាងអាថ៌កំបាំងខាងលើ បានកើតឡើងញឹកញាប់ជាងតំបន់សមុទ្រផ្សេងទៀត ដែលមានសភាពល្អជាធម្មតានោះឡើយ។ តាមពិត មនុស្សម្នានៅតែធ្វើដំណើរឆ្លងកាត់តាមតំបន់នោះ ជារាងរាល់ថ្ងៃដោយគ្មានឧប្បត្តិហេតុទេនាពេលបច្ចុប្បន្ន។

តំបន់ខាងលើត្រូវបានគេហៅថា តំបន់ត្រីកោណប៊ឺមូដា ឬត្រីកោណរបស់អារក្ស គ្របដណ្តប់លើផ្ទៃសមុទ្រប្រហែល ៨០០,០០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅចុងភាគអាគ្នេយ៍ នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ នៅពេលលោក គ្រីស្តូហ្វ កូឡំ ជិះទូកកាត់តំបន់នោះ ក្នុងដំណើរលើកដំបូងរបស់លោកដើម្បីស្វែងរកពិភពថ្មី លោកបានរៀបរាប់ប្រាប់ថា មានអណ្តាតភ្លើងយ៉ាងខ្លាំង (ប្រហែលជាអាចម៍ផ្កាយ) បានធ្លាក់ចូលសមុទ្រនៅយប់មួយ ហើយពន្លឺចម្លែកនោះ ក៏បានលេចចេញនៅប៉ុន្មានសប្តាហ៍បន្ទាប់មកទៀត។ លោកក៏បានសរសេរអំពីដំណើការខុសប្រក្រតី នៃត្រីវិស័យផងដែរ ប្រហែលជាដោយសារតែនៅពេលនោះ ជម្រាលត្រីកោណប៊ឺមូដា គឺជាកន្លែងមួយក្នុងចំណោមកន្លែងដ៏កម្របំផុតនៅលើផែនដី ដែលមិនមានទិសខាងជើងពិតប្រាកដ ដោយកត្តាអតុល្យភាពនៃកម្លាំងម៉ាញេទិកផែនដី។

ភាពយន្តរបស់លោក William Shakespeare ក្រោមចំណងជើងថា «The Tempest» ដែលអ្នកប្រាជ្ញខ្លះបានអះអាងថា វាត្រូវាបានតែងឡើងផ្នែកលើការពិត នៃគ្រោះលិចកប៉ាល់នៅទីនោះ នឹងអាចជួយបង្កើនភាពអាថ៌កំបាំងនៃតំបន់នេះបន្ថែមខ្លាំងឡើង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ របាយការណ៍អំពីការបាត់ខ្លួនដែលមិនអាចពន្យល់បានខាងលើ ពុំបានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនទេ រហូតដល់សតវត្សរ៍ទី ២០។ សោកនាដកម្មដ៏កាចសាហាវមួយ ដែលបានកើតឡើងនៅខែមីនា ឆ្នាំ១៩១៨ នៅពេលដែលនាវា USS Cyclops ដែលជានាវាដឹកកងទ័ពជើងទឹកមានប្រវែងជាង ១០០ម៉ែត្រ ផ្ទុកមនុស្សប្រមាណជាង ៣០០នាក់ និងទំនិញជាងជាច្រើនតោន បានលិចនៅកន្លែងណាមួយ នៅចន្លោះបាបារដាស និងឈូងសមុទ្រឆីស។

នៅពេលកើតហេតុ នាវា USS Cyclops មិនបានផ្ញើសារចេញដើម្បីសុំជំនួយទេ ទោះបីជានាវា ត្រូវបានគេបំពាក់ឧបករណ៍ទាំងនោះ ដើម្បីឲ្យសញ្ញាដើម្បីសុំជំនួយ ពេលជួបគ្រោះភ័យក៏ដោយ ខណៈការរុករកយ៉ាងទូលំទូលាយ ក៏រកមិនឃើញបំណែកនៃនាវាដ៏ធំនោះដែរ។ ដោយឡែក លោកប្រធានាធិបតីអាមេរិក លោក Woodrow Wilson បានមានប្រសាសន៍ថា «មានតែព្រះនិងសមុទ្រទេ ដែលដឹងថាមានអ្វីកើតឡើងចំពោះកប៉ាល់ដ៏ធំអស្ចារ្យមួយនោះ»។ នៅឆ្នាំ១៩៤១ កប៉ាល់ Cyclops’ sister ចំនួនពីរគ្រឿងផ្សេងទៀត ក៏បានបាត់ខ្លួនដោយគ្មានស្រមោល ក្នុងករណីស្រដៀងទៅនឹងកប៉ាល់ USS Cyclops នោះដែរ ដោយកន្លែងបាត់ខ្លួននោះ គឺនៅលើផ្លូវទឹកតែមួយ។

កប៉ាល់ឬនាវាដែលធ្វើដំណើរឆ្លងកាត់តំបន់ត្រីកោណ Bermuda តែងតែបាត់ខ្លួន ឬក៏ត្រូវបានរកឃើញដោយគ្មានមនុស្សនៅលើនោះឡើយ។ ក្រោយមកនៅខែធ្នូ ឆ្នាំ១៩៤៥ យន្តហោះទម្លាក់គ្រាប់បែក ០៥គ្រឿង មានផ្ទុកមនុស្សសរុប ១៤នាក់ បានហោះចេញពីរដ្ឋផ្លូរីដា ដើម្បីធ្វើការហ្វឹកហ្វឺន ប៉ុន្តែកំឡុងហាត់សមនោះ ត្រីវិស័យរបស់យន្តហោះដែលជាមេដឹកនាំក្រុម ហោះហើរ ទំនងជាបានគាំងដំណើរការហើយក៏វង្វេងផ្លូវតែម្តង។

ប្រការនេះធ្វើឲ្យយន្តហោះទាំង ០៥គ្រឿង ហោះហើរដោយគ្មានគោលដៅច្បាស់លាស់ឡើយ រហូតទាល់តែអស់សាំង រួចត្រូវបង្ខំចិត្តទម្លាក់ខ្លួនចោលនៅលើផ្ទៃសមុទ្រ។ ថ្ងៃជាមួយគ្នានោះ យន្តហោះជួយសង្រ្គោះមួយគ្រឿង មានដឹកមនុស្ស ១៣នាក់ ក៏បានបាត់ខ្លួនដែរ។ ក្រោយការព្យាយាមរុករកទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនសប្តាហ៍ កងទ័ពជើងទឹកអាមេរិក ក៏ប្រកាសថា ហេតុការណ៍នោះគឺប្រៀបដូចជាយន្តហោះទម្លាក់ទាំង ០៥គ្រឿង បានហោះទៅដល់ភពអង្គារយ៉ាងដូច្នោះឯង។

ទម្រាំតែដល់អ្នកនិពន្ធឈ្មោះ Vincent Gaddis បានបង្កើតពាក្យ Bermuda Triangle ឡើង នៅក្នុងអត្ថបទទស្សនាវដ្តីមួយកាលពីឆ្នាំ១៩៦៤ ហេតុការណ៍ពោរពេញដោយអាថ៌កំបាំងបន្ថែមទៀត បានកើតមានឡើងជាបន្តបន្ទាប់នៅក្នុងតំបន់នោះ រួមមានទាំងយន្តហោះដឹកអ្នកដំណើរចំនួន ០៣គ្រឿង ដែលបានធ្លាក់ បន្ទាប់ពីទើបតែបានផ្ញើសារជូនដំណឹងថា អ្វីៗមានលក្ខណៈល្អប្រសើរ។

ក្រោយៗមកទៀត អ្នកនិពន្ធសៀវភៅជាច្រើនរូប បានលើកឡើងនូវទ្រឹស្តីថា ភាពអាថ៌កំបាំងនៅតំបន់ត្រីកោណ Bermuda គឺមានពាក់ព័ន្ធចាប់តាំងពី អេលៀន, ទីក្រុងស្រមើស្រមៃក្រោមបាតសមុទ្រហៅថា Atlantis, បិសាចសមុទ្រ និងការឆ្លងពេលវេលាជាដើម ដែលសុទ្ធសឹងតែជាពាក្យចចាមអារ៉ាម អាចពង្វក់អារម្មណ៍មនុស្សយ៉ាងច្រើនបាន។ ប៉ុន្តែក៏មានការលើកឡើងនូវទ្រឹស្តីផ្សេងទៀត ដែលផ្តោតទៅលើផ្នែកវិទ្យាសាស្រ្តផងដែរ រួមមានភាពមិនប្រក្រដីនៃដែនម៉ាញេទិច ក៏ដូចជាបន្ទុះ កំសួលទឹក និងឧស្ម័នមេតានចេញពីក្រោមបាតសមុទ្រនៅតំបន់នោះជាដើម។ ប៉ុន្តែពុំមានទ្រឹស្តីណាមួយអាចទម្លាយឲ្យបានច្បាស់ពិតប្រាកដ អំពីអាថ៌កំបាំងនៃតំបន់ត្រីកោណ Bermuda នោះឡើយ មកទល់នឹងពេលបច្ចុប្បន្ន។

ទោះជាបែបនេះក្តី តំបន់ Bermuda នៅមិនត្រូវបានចាត់ទុកជាតំបន់គ្រោះថ្នាក់ឡើយ សូម្បីតែកងការពារដែនសមុទ្ររបស់អាមេរិក ខណៈដែលបច្ចុប្បន្នបច្ចេកវិទ្យារបស់មនុស្ស កាន់តែមានភាពទំនើបជាងមុន និងបានប្រើប្រាស់ផ្កាយរណបជាសញ្ញានាំផ្លូវ ខុសឆ្ងាយពីប៉ុន្មានទសវត្សរ៍មុនដែលនៅមានការពឹងលើត្រីវិស័យ ឬរលកវិទ្យុនៅលើផែនដី ដែលមានសភាពខ្សោយ និងងាយរកការយាយីពីបាតុភូតធម្មជាតិ៕

ប្រែសម្រួលដោយ៖ Cambo Space
ប្រភព៖ វែបសាយ History

ចែករំលែក