មឈូសបុរាណរបស់អេហ្ស៊ីបកាលពី «៣ពាន់ឆ្នាំមុន» ត្រូវបានបើកគំរបហើយ!

0

(លូហ្ស័រ)៖ មឈូសបុរាណចំនួន ៣០ ដែលមានអាយុកាលជាង ៣,០០០ឆ្នាំ និងមានតុបតែងដោយក្បូរក្បាច់ និងពណ៌ចំរុះនោះ ត្រូវបានរកឃើញនៅទីក្រុង លូហ្ស័រ (Luxor) ភាគខាងត្បូងប្រទេសអេហ្ស៊ីប ស្ថិតនៅបណ្តោយច្រាំងទន្លេនីល (Nile) ទល់មុខប្រាសាទបុរាណ ហាត់សេពស៊ូត (Hatshepsut) នៃអតីតព្រះមហាក្សត្រអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

ការរកឃើញ កាយយកចេញ និងបើកគំរបមឈូសទាំងអស់ខាងលើនេះ ត្រូវបានធ្វើឡើង​ដោយក្រុមបុរាណវិទូរបស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយមានក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនចោមរោម ដើម្បីផ្តិតយកទិដ្ឋភាពទាំងមូល និងកម្រកើតមានបំផុត។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអេហ្ស៊ីប និងក្រុមជំនាញទាំងអស់បានចាត់ទុកថា ការរកឃើញអ្វីៗគ្រប់យ៉ាងពេលនេះ គឺពិតជាព្រឹត្តិការណ៍ធំណាស់សម្រាប់ប្រវត្តិសាស្ត្ររបស់អេហ្ស៊ីប។

ប្រធានឧត្តមក្រុមប្រឹក្សាគ្រប់គ្រងវត្ថុបុរាណរបស់អេហ្ស៊ីប លោក ម៉ូស្តាហ្វា វ៉ាហ្ស៊ីរី (Mostafa Waziri) បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ចំពោះការស្រាវជ្រាវ និងរកឃើញខាងលើដោយដៃរបស់ជនជាតិអេហ្ស៊ីបផ្ទាល់…។» ពីដំបូងឡើយក្រុមអ្នកស្រាវជ្រាវ បានរកឃើញក្បាលមឈូសតែមួយប៉ុណ្ណោះ ប៉ុន្តែក្រោយពីការសង្ស័យទើបពពួកគេព្យាយាមជីកកកាយ និងបានប្រទះឃើញមឈូសសរុបចំនួន ៣០ នៅក្នុងតំបន់ច្រាំងទន្លេតែមួយនោះតែម្តង។

គួរបញ្ជាក់តាមក្រុមបុរាណវិទូអេហ្ស៊ីបបានគណនាថា មឈូសទាំងនេះអាចមានអាយុកាលប្រមាណ ៣,០០០ឆ្នាំមកហើយ ដោយសុទ្ធសឹងតែជាសាកសពម៉ាមីស្ត្រី បុរស និងកូនក្មេង ដែលត្រូវបានរុំយ៉ាងមានរបៀបបំផុត ដូច្នេះវាបញ្ជាក់ឲ្យឃើញថា ពួកគេសុទ្ធសឹងតែបុគ្គលស្ថិតនៅក្នុងវណ្ណៈជាន់ខ្ពស់ ឬ Priest។ សម្រាប់មឈូស ២០ ក្នុងចំណោមមឈូសទាំង ៣០ នឹងត្រូវយកទៅដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិដ៏ធំរបស់អេហ្ស៊ីប ស្ថិតនៅទីក្រុងបុរាណជីសា (Giza) ដែលនឹងត្រូវបើកសម្ពោធនៅឆ្នាំ២០២០៕

 

ចែករំលែក