រង់ចាំ​យ៉ាង​យូរយា! ពេលនេះ NASA អះអាងថា កែវយឺត​អវកាស TESS នឹងដំណើរ​ការនៅចុងខែនេះ​ហើយ!

0

 

(អាមេរិក)៖ ប្រសិនបើអ្វីៗ​ប្រព្រឹត្តទៅ​តាមការ​គ្រោងទុក កែយឺតអវកាសថ្មី​បំផុតរបស់​អង្គការ NASA ដែលមានតួនាទី​ប្រមាញ់​រុក​រក​ភព​ នឹងចាប់ផ្តើមបេសកកម្ម​របស់វា នៅមុនដំណាច់​ខែកក្កដានេះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space.com នៅ​រសៀល​ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។

កែវយឺត​អវកាស TESS ដែលត្រូវបានបាញ់​បង្ហោះឡើងទៅកាន់​ទីអវកាស កាលពីថ្ងៃទី១៨ ខែមេសា​កន្លងទៅ តាមគ្រាប់​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX នោះ​កំពុងឆ្លងកាត់ការ​ធ្វើតេស្តសាកល្បង​ផ្សេងៗ​នៅឡើយទេ នាខណៈពេល​នេះ ប៉ុន្តែពួកវា​នឹងត្រូវបញ្ចប់ទៅ​​នាពេលឆាប់ៗ បើតាមការអះអាង​ពីក្រុមមន្រ្តីនៃទីភ្នាក់ងារអវកាស​អាមេរិក NASA។

កិច្ចការ​របស់ TESS នឹងពាក់ព័ន្ធ​ទៅ​នឹងសង្កេតមើល​ផ្កាយរាប់សែន​ដួង នៅក្បែរខាង​នឹងព្រះអាទិត្យ ដើម្បីស្វែងរក​ការថយចុះនៃ​ពន្លឺ​ ដែលបង្កឡើង​ដោយការធ្វើគោចរ​របស់ភព​ ឆ្លងកាត់ពីមុខផ្កាយមេ​របស់ពួកវា។ វីធីសាស្រ្តនេះ​ត្រូវបានប្រើប្រាស់ និងទទួលជោគជ័យ​​​​​យ៉ាងធំធេង ដោយកែវយឺត​អវកាស Kepler រួចមកហើយ ពីព្រោះថា​នាពេលកន្លង​មកនេះ ៧០ភាគរយ​ នៃភពអេលៀន​ដែលយើងស្គាល់​​ប្រមាណ ៣,៧៥០ភព ត្រូវបានរកឃើញ​ដោយកែវយឺត​ Kepler នេះ។

គួរជម្រាបថា បេសកម្មចម្បង​របស់កែវយឺតអវកាស TESS ត្រូវគេរំពឹងថា នឹងប្រព្រឹត្ត​ទៅយ៉ាងតិច ០២ឆ្នាំ ដោយភាពនឹង​ត្រូវប្រើដើម្បីអង្កេតក្រុម​ផ្កាយមួយ​ជ្រុងផ្សេងថ្មី ខុសពីតំបន់​ដែល Kepler ធ្លាប់ធ្វើ​ការអង្កេត៕

ចែករំលែក