តំណាក់កាលស្លាប់រស់ទាំង ៣ ដើម្បី​ទៅឲ្យដល់ភពអេលៀន ស្ថិតក្នុងបេសកកម្ម​បន្តពូជពង្ស​មនុស្ស

0

 

(ភ្នំពេញ)៖ គ្រប់គ្នាពិត​ជាមានអារម្មណ៍ខកចិត្ត​នៅពេលដែលធ្វើការសិក្សា និងស្វែងយល់​ព័ត៌មាន​អវកាស និងវិទ្យាសាស្ត្រយូរៗទៅរហូតទាល់តែដឹងថា ការស្វែងរក​ភពដែលមាន​ជីវិតរស់នៅ (ភពអេលៀន នៅប្រព័ន្ធព្រះអាទិត្សផ្សេង) ឬរហូតដល់​​ការធ្វើដំណើរ​ទៅកាន់ទីនោះ គឺជារឿងដែល​ស្ទើរតែមិនហ៊ាន​ឲ្យយើង​គិតនោះ។ ប៉ុន្តែវិធីសាស្ត្រ​មិនមែនអត់ទាំង​អស់នោះទេ ដូច្នេះសូម​រក្សាក្តីសង្ឃឹមនេះត​ទៅមុខទៀត ដោយចាត់ទុកថា ជាកាដូសម្រាប់មនុស្ស​ជំនាន់ក្រោយ​ទៅចុះ។

ជាក់ស្តែងបច្ចេកវិទ្យា​សព្វថ្ងៃនេះ កុំថាឡើយនាំ​មនុស្ស ឬយានទៅកាន់ភពផ្សេង ដោយសូម្បីនាំមនុស្ស​ទៅភពអង្គារនោះ ក៏ជារឿងដែលមិន​ទាន់អាចកើតឡើងផង។ នេះជាការពិត​ជាក់ស្តែង ដែល​អង្គការ NASA នៅតែអង្គុយឈឺក្បាល​នៅឡើយ ចំពោះការរកវិធីសាស្ត្រដែលអាចរក្សា​សុវត្ថិភាពមនុស្ស នៅពេលហោះចាក​ឆ្ងាយពីផែនដី និងនៅពេល​ដែល​មនុស្សត្រូវតស៊ូ​រស់នៅទីកន្លែង ដែលមិន​ស្វាគមន៍​ជីវិត។

ប៉ុន្តែឧទាហរណ៍ថា វិធីនានាត្រូវបានរកឃើញ ហើយយានក៏មានសមត្ថភាពគ្រប់គ្រានទៀត​ដូច្នេះតើលទ្ធភាពអ្វីដែល​មនុស្សអាចទៅរកភពផ្សេង។ ឧទាហរណ៍ធំមួយទៀត នោះគឺភព Gliese 581b ដែលស្ថិតនៅចម្ងាយ ២០ឆ្នាំពន្លឺពីផែនដី ហើយកែវយឺតអវកាស James Webb អង្កេតដឹងថា ភពនោះមាន​បរិយាកាសអាច​ទ្រទ្រង់ជីវិតបាន ដូច្នេះ​មនុស្សមាន​បីតំណាក់កាល ​ដើម្បីធ្វើដំណើរទៅកាន់ទីនោះ និងបន្តពូជពង្ស​របស់ខ្លួន៖

 

១៖ ត្រូវមានយាន​​ដែលអាចចាត់ទុកជា​​កូនភពមួយ៖ យានប្រភេទ​នេះ​មនុស្ស​មួយចំនួន​ប្រាកដជាធ្លាប់បាន​ឃើញ​តាមរយៈរូបភាព និងខ្សែភាពយន្តហូលីវូដ នោះគឺជាយានដែល​មានអ្វីគ្រប់យ៉ាង​ទាំងអស់​ដូចជា កន្លែង​ស្នាក់នៅ ហាត់ប្រាណ អុកស៊ីសែន និងការដាំដុះ ឬផលិតអាហារ​សម្រាប់រយៈពេល​រាប់សិបឆ្នាំ។ អាចថា​មានលទ្ធភាព​ក្នុងការផលិត​វាឡើងបាន ប៉ុន្តែអ្វីដែលត្រូវបំផុត គឺថវិកាហ្នឹងតែម្តង ព្រោះតម្លៃរាប់រយ​លានដុល្លារ ហើយត្រូវចំណាយ​ពេលរាប់រយពាន់លានដុល្លារ​ ហើយត្រូវបញ្ជូន​ទៅបាត់រហូត​បែបនេះ ប្រាកដជា​គ្មាននរណាហ៊ាន​ចំណាយឡើយ ប៉ុន្តែក្នុងឧទាហរណ៍ពេលនេះ គឺអាច។

 

២៖ មនុស្សត្រូវត្រៀម​ខ្លួនសម្រាប់ធ្វើដំណើរដល់​ឆ្លងសតវត្សរ៍៖ អាចថា ដើម្បីបន្តពូជ​ពង្សមនុស្ស គឺមិនមែនជារឿង​ដែលគ្មានការលះបង់​នោះឡើយ។ មានយាន​ហើយ មានការធានា​​សុវត្ថិភាពហើយ និងមានការដោះដូរ​សម្រាប់សមាជិកគ្រួសារ​នៅលើភពផែនដីហើយ អ្នកទាំងឡាយ​ដែលត្រូវជិះយាន​បន្តទៅភព​ឧទាហរណ៍ Gliese 581b នោះត្រូវ​តែជាគូស្នេហ៍ ឬអ្នកស្មោះស្ម័គ្ររួមរស់​ជាមួយគ្នា​បង្កកូនចៅនៅលើយាន ដែលមានអ្វីៗ​គ្រប់យ៉ាងនោះ រួចបង្រៀនកូនចៅពួកគេឲ្យយល់​ដឹង អំពីបេសកកម្មដ៏អស្ចារ្យ នៃមនុស្សជាតិ​លើផែនដី​នោះ។

៣៖ នៅពេល​បេសកកម្មតំណាក់កាលទី ១ បានសម្រេច​ហើយនោះ យើងក៏ត្រូវប្រាកដ​ច្បាស់ថា មនុស្សនៅលើផែនដី និងទទួលបាន​ព័ត៌មាន​នេះ ហើយចូលរួមត្រេកអរ និងជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត ដើម្បីបន្តបេសកកម្ម​​រាប់សតវត្សរ៍ ទៅកាន់ទីនោះ​​បន្ថែមទៀត។ ការលះបង់​ដ៏ធំធេងនេះ នឹងត្រូវចង់ចាំដោយ​​មនុស្សជាតិគ្រប់រូប​នៅលើ​ភពផែនដី ស្ថិតនៅក្នុងគោលដៅ​រក្សាពូជពង្សមនុស្ស ដែលមិនអាច​រស់នៅរហូតនោះ​ឡើយ​នៅលើ​ភពផែនដី។

គួរបញ្ជាក់ថា តំណាក់កាលទាំងបីខាងលើនេះ គឺសុទ្ធសឹងតែស្ថិត​នៅក្នុងការស្រមៃ​របស់​អ្នកវិទ្យាសាស្ត្រមួយ​ចំនួនរួចទៅហើយ គ្រាន់តែវា​ជារៀបចំគម្រោង​ទុកជាមុន​ប៉ុណ្ណោះ ដោយមិនទាន់មានឱកាស ធ្វើឲ្យចេញជារូបរាងបាន។ លោកអ្នកប្រាកដជាដឹងច្បាស់ថា លទ្ធភាព​របស់មនុស្ស គឺគ្មានដែនកំណត់​នោះទេ ប៉ុន្តែថវិកា និងទស្សនវិស័យ​​​ដូចគ្នាវិញ គឺមានដែនកំណត់ ប៉ុន្តែអ្វីមួយដែល​អាចនិយាយបានថា មនុស្សគ្រប់រូប​មានដូចគ្នានោះ គឺការចង់បន្តជីវិតរស់នៅរហូត និងមិនចង់ស្លាប់ផុតពូជនោះឡើយ ហេតុដូច្នេះ​ទើបការសិក្សា​ស្រាវជ្រាវនានា នៅតែបន្តទៅ​មុខដើម្បីបំពេញតាមមហិច្ឆតានេះ៕

អត្ថបទ៖ Cambo Space (លោក ឥន្ទ វុត្ថា)​ ១៥, កក្កដា, ២០១៨

ចែករំលែក