ភពសុក្របានបង្ហាញខ្លួននៅកៀកហ្នឹងព្រះច័ន្ទ​បំផុត ដែលទិដ្ឋភាព​កម្រនា​ពេលរាត្រី!

0

 

(អាមេរិក)៖ ភពសុក្រ (Venus) នាយប់​ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចអាមេរិក) បានបង្ហាញខ្លួន​នៅលើផ្ទៃមេឃ​នាពេលរាត្រី ជាមួយនឹងព្រះច័ន្ទ ដោយ​ភព និងព្រះច័ន្ទនេះ មើលទៅឃើញនៅចម្ងាយ​តែប៉ុន្មានសង់ទីម៉ែត្រពីគ្នា​ប៉ុណ្ណោះ បើយើងសំឡឹង​មើលទៅលើ​ផ្ទៃមេឃ។ នេះ​បើ​តាម​​​ការ​​ដក​ស្រង់​ការ​ផ្សាយ​​ចេញ​​ពី​​វែប​សាយ Space.com នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

កាលពីថ្ងៃចន្ទ​សប្តាហ៍មុន Venus ក៏បានរះបង្ហាញខ្លួន​លើផ្ទៃមេឃក្បែរ​ផ្កាយមួយ​ដួងឈ្មោះ Regulus ផងដែរ ដែល​ជាតារា​​​​ភ្លឺ​​បំផុត នៅក្នុង​កញ្ចុំផ្កាយ Leo។ យ៉ាងណាមិញ ទោះបីជាមើលពី​ផែនដីទៅ វាហាក់ដូចជាវត្ថុ​ទាំងពីរ កំពុងស្ថិតនៅលើ​គន្លងគោចរ​ដែល​នឹងប៉ះទង្គិចគ្នា​ក៏ដោយ ប៉ុន្តែវាពុំមែន​ជាការពិតជាក់​ស្តែងឡើយ ដោយសារតែព្រះច័ន្ទ​ស្ថិតនៅចម្ងាយ​ចំណុចកៀក​បំផុតនឹងផែនដី គឺ​ប្រមាណ ៣៦០,៥០០គីឡូម៉ែត្រ ខណៈភពសុក្រ​នៅឆ្ងាយជាងនេះ ៤០០ដងឯណោះ ឆ្ងាយជាងព្រះច័ន្ទ។

គួរបញ្ជាក់ថា ភពសុក្រ គឺជាភពទីពីរក្នុង​ប្រព័ន្ធព្រះអាទិត្យ ដែលមានពន្លឺភ្លឺ​ជាងគេនាយប់​លំដាប់​លេខ ២ បន្ទាប់ពី​ព្រះច័ន្ទ។ ភពនេះមាន​ទំហំតូចជាងផែនដី​បន្តិចប៉ុណ្ណោះ ប៉ុន្តែដោយសារ​តែវាស្រោបដោយ​ពពកក្រាស់ជាប់ជានិច្ច ដូច្នេះពេលពន្លឺព្រះអាទិត្យចាំងចំ លើវានោះពន្លឺនៃភពទាំងមូល​ងាយនឹងជះចេញទៅទីអវកាស ឲ្យអ្នកនៅផែនដី​ទស្សនា​បានយ៉ាងពេញ​ភ្នែក។ វាត្រូវបានមនុស្ស​បុរាណឲ្យឈ្មោះ​ថា ផ្កាយព្រឹក ផ្កាយល្ងាច ឬផ្កាយចោរ​ផងដែរ៕

ចែករំលែក