ចង់ឡើង​ទៅកម្សាន្តទីអវកាស​ម្តងត្រូវ​ចាយ ៣០០,០០០ដុល្លារ, តើនរណា​ខ្លះហ៊ាន​ចំណាយ?

0

 

 

(អាមេរិក)៖​ ទីបំផុតតម្លៃសំបុត្រ​សម្រាប់ការធ្វើ​ដំណើរទៅទស្សនាកម្សាន្ត​នៅទីអវកាស តាមរយៈ​ក្រុមហ៊ុន​អវកាស Blue Origin របស់​កំពូល​​​មហា​សេដ្ឋី​លើពិភពលោក គឺលោក Jeff Bezos នោះ ត្រូវបានគេបង្ហើប​ឲ្យដឹងថា ថ្លៃចន្លោះពី ០២សែន ទៅ ០៣សែនដុល្លារក្នុងមួយលើក។ នេះបើ​តាមការ​ដកស្រង់ការផ្សាយ​ចេញពី​វែបសាយ TelesurTV នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

កាលពីខែមិថុនា​កន្លងទៅ ថ្នាក់ដឹកនាំ​នៃក្រុមហ៊ុន Blue Origin ដែលបង្កើតឡើង​ដោយលោក Bezos ជាស្ថាបនិកក្រុមហ៊ុន​លក់ទំនិញ​តាម​អនឡាញដ៏ធំបំផុត​លើលោក កាលពីឆ្នាំ២០០០ បានឲ្យដឹងម្តងរួច​ទៅហើយថា ក្រុមហ៊ុនបាន​គ្រោងនឹងធ្វើតេស្តហោះ​ហើរ​​ដឹក​អ្នក​ដំណើរ​នៅលើយាន​ឈ្មោះថា New Shepard នាពេល​ឆាប់ៗ ហើយចាប់ផ្តើមលក់​សំបុត្រនៅឆ្នាំ​ក្រោយ ប៉ុន្តែកាលនោះ​ពុំមានការ​បញ្ជាក់​​ពីតម្លៃថា ថ្លៃដល់កម្រិតណាឡើយ។

ដោយឡែកនៅពាក់​កណ្តាល​ខែកក្កដានេះ មានការបង្ហើបប្រាប់​ពីបុគ្គលិកមួយ​ចំនួននៅ Blue Origin ថា ​ក្រុមហ៊ុនអវកាស​ឯកជននេះ នឹងចាប់ផ្តើមលក់​សំបុត្រក្នុងចន្លោះ​តម្លៃពី ២០០,០០០ដុល្លារ ទៅ ៣០០,០០០ដុល្លារ ឬអាចនិយាយបានថា តម្លៃ​ទាបបំផុត​​០២សែនដុល្លារ។

គួរជម្រាបថា យាន New Shepard ត្រូវបាន​រចនាឡើង ដើម្បីហោះហើរក៏ដូចជា​ដឹកជញ្ជូនអ្នកដំណើរចំនួន ០៦នាក់ ដោយស្វ័យប្រវត្តិ​​ឡើងទៅកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលវាគ្រប់គ្រាន់​សម្រាប់ឲ្យ​យើងអាចបាន​ស្គាល់ថា អ្វីទៅជាភាព​ពុំមានទំនាញ ឬទម្ងន់​ (ក្បែរ Zero Gravity) ហើយអាចមើល​ឃើញពីរាងកោង​មូល នៃភពរបស់យើងបាន មុនពេលយាន​នោះត្រឡប់ចុះមកផែនដី​វិញ ដោយប្រើប្រាស់​​ឆ័ត្រយោង។

New Shepard មានបង្អួចសម្រាប់​ទស្សនាទេសភាព​ធំខ្ពស់ចំនួន ០៦ ដែល Blue Origin បានអះអាងថា ខ្ពស់ជាងបង្អួចរបស់​យន្តហោះ​ Boeing 747 ដ៏ទៅជិត ០៣ដងឯណោះ។ នាពេលកន្លង​មកនេះ យាន New Shepard ធ្លាប់បានឆ្លង​កាត់ការធ្វើតេស្តហោះ​ហើរ​ និងចុះចត​​​​ចំនួន ០៨ដង ប៉ុន្តែការសាកល្បង​ទាំងអស់នោះ ពុំមានការចូលរួម​ពីអ្នកដំណើរឡើយ។

គួរជម្រាប​ផងដែរ បច្ចុប្បន្នលោក Bezos គឺជាបុគ្គលមាន​ជាងគេបង្អស់លើលោក ជាមួយទ្រព្យ​សម្បត្តិ​ប្រមាណ ១១២ពាន់លានដុល្លារ៕

 

ចែករំលែក